អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

ប្រទេសឥណ្ឌារម្លឹកថា បញ្ហាកាស្មៀរជាកិច្ចការផ្ទៃក្នុងរបស់ឥណ្ឌា

ក្រោយ​ពី​រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្រេច​ដក​ស្វ័យភាព​ពី​តំបន់​កាស្មៀរ​មក ទំនាក់ទំនង​រវាង​ប្រទេស​ឥណ្ឌា និង​ប្រទេស​ប៉ាគីស្ថាន​កំពុង​ឡើង​តានតឹង​ដល់​កំពូល។ នៅ​ថ្ងៃ​សុក្រ ទី៩ សីហា​ដែល​ចំ​ថ្ងៃ​សូត្រធម៌​របស់​អ្នកកាន់សាសនា​អ៊ីស្លាម ឥណ្ឌា​បាន​ប្រកាស​ដាក់​កងទ័ព​ក្នុង​កម្រិត​អាសន្នខ្ពស់​បំផុត​ដើម្បី​ប្រឈម​ទប់​នឹង​ក្បួនបាតុកម្ម​ជា​យថាហេតុ។ ចំណែក​ប្រទេស​ប៉ាគីស្ថាន​ដែល​កំពុង​បន្ត​ទាមទារ​តំបន់​កាស្មៀរ​ជា​ទឹកដី​របស់​ខ្លួន​កំពុង​បន្ត​ចេញ​មុខ​តវ៉ា និង​រៀបចំ​ប្តឹង​ស្ថាប័ន​អន្តរជាតិ​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​ជា​អន្តោម័ត​របស់​ឥណ្ឌា។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​កំពុង​បារម្ភ​ពេល​នេះ គឺ​ការ​ផ្ទុះសង្រ្គាម​ជា​ថ្មី​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​ដែល​អាច​បង្ក​ផលវិបាក​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ។ គួរ​រម្លឹក​ថា ប្រទេស​ទាំង​ពីរ​ធ្លាប់​ធ្វើ​សង្រ្គាម​នឹង​គ្នា​ចំនួន ៣ដង​ទាក់ទង​នឹង​តំបន់​កាស្មៀរ។ យ៉ាង​ណា​ក៏​ដោយ ឥណ្ឌា​តាម​រយៈ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ក្រុង​ប៉ារីស ប្រទេស​បារាំង​លោក​វីនេ ម៉ូហាន ក្វាត្រា​បាន​រម្លឹក​ថា បញ្ហា​កាស្មៀរ​ជា​កិច្ចការផ្ទៃក្នុង​របស់​ឥណ្ឌា។

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំក្រុងប៉ារីស ប្រទេសបារាំងលោកវីនេ ម៉ូហាន ក្វាត្រា
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំក្រុងប៉ារីស ប្រទេសបារាំងលោកវីនេ ម៉ូហាន ក្វាត្រា LUDOVIC MARIN / AFP
ផ្សាយពាណិជ្ជកម្ម

« វិធានការ​មួយ​នេះ​របស់​រដ្ឋាភិបាល​ឥណ្ឌា គឺ​ជា​កិច្ចការផ្ទៃក្នុង​របស់​ឥណ្ឌា​ដែល​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៅ​ក្នុង​ទមបន់​ឡើយ។ ប្រសិន​បើ​អស់ លោក​ក្រឡេក​មើល​ប្រវត្តិ​នៃ​តំបន់ អស់​លោក​នឹង​យល់​ភ្លាម​អំពី​មូលហេតុ​ពិត​ដែល​នាំ​ឲ្យ​មាន​ការ​ផ្ទុះ​សង្រ្គាម​ចំនួន ៣ដង​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន។ សង្រ្គាម​ទាំង ៣ បាន​បង្ក​ចេញ និង​មាន​មូលដ្ឋាន​ចេញ​ពី​សកម្មភាព​ភេរវនិយម​នៅ​តាម​ព្រំដែន។ ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ការ​ដក​ស្វ័យភាព​ចេញ​ពី​តំបន់​កាស្មៀរ​ពេល​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​ព្រំដែន​ដែល​បាន​កំណត់​នៅ​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៧២ រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​ឡើយ។

ដូច្នេះ ព្រំដែន​ផ្នែកខាងក្រៅ​នៅ​លើ​ខ្សែបន្ទាត់​ត្រួតពិនិត្យ​មិន​ត្រូវ​បាន​ប៉ះពាល់​ទេ ពោល​គឺ​នៅ​ដដែល​គ្មាន​ប្រែប្រួល។ អ្នក​ជិតខាង​របស់​យើង​នៅ​ម្ខាង​ទៀត​នៃ​ព្រំដែន​ហាក់​មាន​ទំនោរ​បង្ហាញ​ចេញ​នូវ​ទស្សនៈ​ភ័យរន្ធត់​អំពីអង្គហេតុ និង​ចាត់​វិធានការ​ជា​លក្ខណៈ​ឯកតោភាគី។ យើង​មាន​ការ​សោកស្តាយ​លើ​ការ​យល់ឃើញ និង​ចំណាត់ការ​របៀប​នេះ​របស់​អ្នកជិតខាងរបស់​យើង។ យើង​មិន​បាន​គិត​ថា​វា​នឹង​មាន​ស្ថានការណ៍​អស្ថិរភាព​ដូច​ដែល​អ្នក​ខ្លះ​បាន​រៀបរាប់​នោះ​ទេ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ខ្ញុំ​ចង់​គូសបញ្ជាក់​ថា យើង​នឹង​បន្ត​មាន​ការ​ប្រុងប្រយ័ត្នខ្ពស់ និង​យក​ចិត្តទុកដាក់​ចំពោះ​ស្ថានភាព​សន្តិសុខ។ ដូច​ខ្ញុំ​បាន​និយាយ​រួច​ហើយ​ថា ភាព​វឹកវរ​អាច​កើត​ចេញ​ពី​សកម្មភាព​ភេរវនិយម​តាម​ព្រំដែន។ យើង​នឹង​មិន​ធ្វេសប្រហែស លេងសើច​ជាមួយ​នឹង​សន្តិសុខ​ឡើយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ