អាហ្វហ្កានីស្ថាន ៖ ភេរវកម្ម មរណៈ កណ្តាលរោងការ នៅក្រុងកាប៊ូល
ជាភេរវកម្មដ៏កំណាច បង្កគ្រោះមរណៈច្រើនបំផុតសម្រាប់ឆ្នាំ២០១៩ ! មានស្លាប់យ៉ាងហោចណាស់ ៦៣នាក់ របួសជាង១៨០នាក់ នៅក្នុងភេរវកម្ម បំផ្ទុះគ្រាប់ ក្នុងរោងពិធីអាពាហ៍ពិពាហ៍ មួយនៅភាគខាងលិចក្រុងកាប៊ូល ពីសំណាក់ពួកភេរវនិយមជាបណ្តាញអង្គការរដ្ឋអ៊ីស្លាមនៅអាហ្វហ្កានីស្ថាន។ ។ ភេរវកម្មអត្តឃាតនេះបានកើតឡើង ក្នុងពេលដែលប្រជាពលរដ្ឋអាហ្វហ្កានីស្ថាន កំពុងបណ្តុះពន្លកក្តីសង្ឃឹមថា រវាងអាមេរិកនិងតាលីបង់នឹងសម្រេចកិច្ចព្រមព្រៀងសន្តិភាព ក្នុងពេលឆាប់ៗខាងមុខ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អត្តឃាតជន បានចូលទៅបំផ្ទុះភេរវកម្ម នៅវេលាម៉ោង២២និង៤០នាទីយប់ ក្នុងពិធីមង្គលការមួយ ដែលមានភ្ញៀវក្មេងចាស់ប្រុសស្រី ជាច្រើនរយនាក់ កំពុងទទួលទានអាហារនិងរាំលេងសប្បាយ នៅសង្កាត់ភាគខាងលិចក្រុងកាប៊ូល។ សង្កាត់ ដែលមានប្រជាជនភាគច្រើន ជាជនជាតិ ភាគតិចហាហ្សារ៉ា និកាយឈីអ៊ីត រស់នៅច្រើន។
បើតាមរូបថត និងរូបភាពវីដេអូរបស់សាក្សី រោងការដែលលម្អយ៉ាងប្រណិត បានបាក់បែក ប្រលាក់ទៅដោយស្នាមឈាម និងក្រាលត្រៀបត្រាទៅដោយសាកសព។ បើតាមសាក្សី ភេរវជន បានចូលទៅបំផ្ទុះគ្រាប់ក្នុងរោងការខាងបុរស។ តែក្នុងចំណោមជនរងគ្រោះស្លាប់ ក៏មានស្ត្រី និងកុមារជាច្រើននាក់ដែរ។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានប្រកាសបង្ហាញតុល្យការជនរងគ្រោះដ៏ធ្ងន់ធ្ងរនៅពេលព្រឹកថ្ងៃអាទិត្យ។
ក្រោយហេតុការណ៍ភ្លាម ពួកតាលីបង់ បានចេញមុខបដិសេធ នៅថ្ងៃអាទិត្យ ថាគ្មានពាក់ព័ន្ធនឹងភេរវកម្មទេ។ “អេមីរ៉ាតអ៊ីស្លាម (ឈ្មោះដែលអង្គការតាលីបង់ហៅខ្លួនឯង) សូមថ្កោលទោស យ៉ាងចាស់ដៃ ភេរវកម្មប្រឆាំងនឹងជនស៊ីវិល នៅកាប៊ូល។ គ្មានហេតុផលអ្វីដែលអាចមកការពារទង្វើសម្លាប់មនុស្ស សម្លាប់ស្ត្រី និងកុមារ យ៉ាងឃោរឃៅ ដូច្នេះទេ !” នេះជាសារទ្វីតរបស់អ្នកនាំពាក្យតាលីបង់ដដែល។
ជិត២៤ម៉ោងក្រោយភេរវកម្ម ទើបបណ្តាញក្រុមរដ្ឋអ៊ីស្លាមនៅអាហ្វហ្កានីស្ថាន ដែលតែងបង្កភេរវកម្មអត្តឃាតបែបនេះ បានចេញមុខប្រកាសថាជាស្នាដែរបស់ពួកគេ។ សហគមន៍ជនជាតិភាគតិច ហាហ្សារ៉ា ធ្លាប់រងការវាយប្រហាររបស់ពួករដ្ឋអ៊ីស្លាមអាហ្វហ្កានីស្ថាននេះជាញឹកញយ។
ភេរវកម្មនេះ បានកើតឡើងក្នុងខណៈដែលប្រជាពលរដ្ឋអាហ្វហ្កានីស្ថាន កំពុងមានក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនិងតាលីបង់ អាចសម្រេចកិច្ចព្រមព្រៀងនឹងគ្នា ដើម្បីបើកផ្លូវឱយមានការចរចាសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងក្រុមឧទ្ទាមបះបោរនានា។
ប្រភពអាមេរិកជាច្រើនបានព្រលយឱ្យដឹង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ថាកិច្ចព្រមព្រៀងនឹងលេចជារូបរាងក្នុងពេលឆាប់ៗ ដោយនៅដោះស្រាយតែពីរបីចំណុចទៀតប៉ុណ្ណោះ។ អន្តរការីពិសេសអាមេរិកទទួលបន្ទុកចរចា នឹងទៅបង្ហើយកិច្ចចរចា នៅប៉ុន្មានថ្ងៃខាងមុខនេះផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ