អានតួអត្ថបទ
ASEAN-ចិន

ASEAN សម្តែង​ការព្រួយ​បារម្ភ​ខ្លាំង ជុំវិញ​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង

រដ្ឋមន្ត្រីការ​បរទេស​ទាំង​១០ ​នៃ​សហគម​អាស៊ាន ​បាន​ផ្ញើរ​លិខិត​មួយ​ទៅ​កាន់​រដ្ឋាភិបាល​ចិន​ ដើម្បី​សម្តែង​ការ​ព្រួយ​បារម្ភ ​ ពី​ស្ថានការ​ជម្លោះ​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង។ សមាជិក​នៃ​សហគម​អាស៊ាន ​បាន​ទទូច​ឲ្យ​មាន​ការ​រក្សា​ជំហរ​ មិន​ប្រើ​ហិង្សា​ រងចាំ​គោរព​ទៅ​តាម​ការ​សម្រេច​របស់​ស្ថាប័ន​អន្តរជាតិ​ មាន​សមត្ថកិច្ច​ជុំវិញ​ការ​ដោះស្រាយ​ជម្លោះ​ដែនទឹក ​រវាង​ប្រទេស​ចិន​ និង​ប្រទេស​សមាជិក​អាស៊ាន ​មួយចំនួន។

លោក Wang Yi រដ្ឋមន្ត្រី​ការបរទេសចិន​ ធ្វើសន្ទរកថា​នៅចំពោះ​មុខ​អង្គប្រជុំ​​មន្ត្រី​​ការបរទេស​អាស៊ាន នៅ​ក្រុង​​គុនមីង​​ខេត្ត​យូណាន ថ្ងៃទី​១៤ មិថុនា​​២០១៦
លោក Wang Yi រដ្ឋមន្ត្រី​ការបរទេសចិន​ ធ្វើសន្ទរកថា​នៅចំពោះ​មុខ​អង្គប្រជុំ​​មន្ត្រី​​ការបរទេស​អាស៊ាន នៅ​ក្រុង​​គុនមីង​​ខេត្ត​យូណាន ថ្ងៃទី​១៤ មិថុនា​​២០១៦ China Daily/via REUTERS
ផ្សាយពាណិជ្ជកម្ម

ឆ្លៀត​ក្នុង​ឱកាស​ជំនួប​វិសាមញ្ញ​ រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង​១០​ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន ​ នៅ​ទីក្រុង​គុនមីង ​ ប្រទេស​សមាជិក​សហគម​អាស៊ាន ​បាន​រួមគ្នា ​ធ្វើ​លិខិត​ ប្រគល់​ជូន​រដ្ឋាភិបាល​ចិន។ នៅក្នុង​លិខិត​នោះ ​បាន​បញ្ជាក់​អំពី​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំងឡើងៗ​ របស់​សមាជិក​អាស៊ាន ​ជុំវិញ​ការ​ឡើង​កំដៅ ​នៅ​តំបន់​ឈូង​សមុទ្រ​ចិន​ខាង​ត្បូង។

 
ខ្លឹមសារ​លិខិត​បញ្ជាក់​ថា ​ សហគម​អាស៊ាន ​កំពុង​ព្រួយ​បារម្ភ​ អំពី​ជម្លោះនៅ​​ក្នុង​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង ​ក្រោយ​មាន​ចំណាត់ការ​អត្តនោម័ត​របស់​អាជ្ញាធរ​ចិន។ ចំណាត់ការ​ទាំង​នោះ ​អាច​នឹង​ប៉ះពាល់ ​ដល់​ស្ថិរភាព​ សន្តិភាព​ ក្នុង​តំបន់​ទាំងមូល។ ដោយ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ចំណាត់ការ​របស់​ចិន ​ លិខិត​របស់​សហគម​អាស៊ាន ​គ្រាន់តែ​បាន​លើកឡើង​ថា ​សហគម​អាស៊ាន ​មាន​ឆន្ទៈ​ការពារ​សន្តិសុខ ​ស្ថិរភាព ​ សេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍ ​មិន​ថា​ចរាចរណ៍​ហោះហើរ​ផ្លូវ​អាកាស​​ ​រឺ​ចរាចរណ៍​ផ្លូវទឹក ​នៅក្នុង​លំហរ​នៃ​សមុទ្រ​ចិនខាង​ត្បូង  ដោយ​គោរព​ទៅ​តាម​បទដ្ឋាន​បញ្ញតិ្ត​អន្តរជាតិ ​ជា​ធរមាន ​ រួមទាំង​សន្ធិសញ្ញា​របស់​អង្គការ​សហ​ប្រជាជាតិ ​ស្តីពី​នីតិ​សមុទ្រ ​ក្នុង​ឆ្នាំ​១៩៨២​​ផងដែរ។

លិខិត​របស់​សហគម​អាស៊ាន ​ក៏បាន​លើក​ឡើង​​ផងដែរ ​ពី​សារៈសំខាន់ ​ ក្នុង​ការ​ទទួល​ស្គាល់​នូវ​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​អន្តរជាតិ​មាន​សមត្ថកិច្ច ​ចៀសវាង​ការ​ធ្វើ​សកម្មភាព​ហិង្សា​ដោយ​អត្តនោម័ត។ សូម​បញ្ជាក់​ថា ​តុលារការ​អាជ្ញារកណ្តាល​អចិន្ត្រៃយ៍ ​ប្រចាំការ​នៅ​ទីក្រុង​ឡាអេ ​ បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ហ្វីលីពីន ​ទាក់ទិន​ទៅ​នឹង​ជម្លោះ​ដណ្តើម​ដែនកោះ ​និង​ដែន​ទឹក​ជាមួយ​ចិន។

ដោយឡែក​ នៅថ្ងៃ​អង្គារ​ទី​ ១៤​មិថុនា ​យន្តហោះ​ចម្បាំង​របស់​វៀតណាម​មួយ​គ្រឿង ​ដែល​មាន​អ្នក​បើកបរ​២នាក់ ​បាន​បាត់​ចេញ​ពី​រ៉ាដា  ​នៅ​ភាគ​កណ្តាល​ប្រទេស។ បើតាម​ការ​ចុះផ្សាយ​របស់ ​សារព័ត៌​មាន​វៀតណាម​ បាន​អះអាង​ថា ​ យន្តហោះ​ចម្បាំង​បាន​ធ្លាក់​នៅ​ក្នុង​សមុទ្រ ​ភាគខាង​កើត​កោះ ​ហុងម៉ាត។ ទោះ​យ៉ាងណា ​អាជ្ញាធរ​វៀតណាម ​ នៅ​មិន​ទាន់​អះអាង​ថា​ យន្តហោះ​ពិត​ជា​បាន​ធ្លាក់​ពិតមែន ​ ​រឺ​យ៉ាងណា​ទេ ​ ហើយ​មួយ​វិញ​ទៀត​ គេ​ក៏​មិនទាន់​ដឹង​ថា​ យន្តហោះ​ចម្បាំង​វៀតណាម​នេះ​ ធ្លាក់​ដោយសារ​មាន​បញ្ហា​បច្ចេកទេស ​រឺ​មួយ​ក៏​ត្រូវ​កងទ័ព​ចិន​បាញ់​ទម្លាក់​នោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ