អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​អះអាង​ពី​ការ​សាកល្បង​ជោគជ័យ​នូវ​ម៉ាស៊ីនថ្មី​សម្រាប់​គ្រាប់​មីស៊ីល​អន្តរទ្វីប

កូរ៉េខាងជើង​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​ដោយ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី៩ មេសា​នេះ​ថា ខ្លួន​បាន​ធ្វើ​ការ​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​នូវ​ម៉ាស៊ីន​ថ្មី​មួយ​សម្រាប់​បំពាក់​ឲ្យ​គ្រាប់មីស៊ីល​អន្តរទ្វីប។ ក៏​ដូច​នៅ​ក្នុង​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​ចុង​ក្រោយ​ដែរ ការ​សាកល្បង​ម៉ាស៊ីន​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ចូលរួម​ត្រួតពិនិត្យ​ផ្ទាល់​របស់​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​គីម ជុនអ៊ុន។ ម្យ៉ាង​ទៀត ការ​សាកល្បង​ម៉ាស៊ីន​ថ្មី​ថ្ងៃ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ១ខែ​មុន​ការ​បើក​សមាជ​របស់​គណបក្ស​កុម្មុនិស្ត​ក្រុង​ព្យុងយ៉ាង។

ប្រមុខ​រដ្ឋ​កូរ៉េខាងជើង គីម ជុនអ៊ុន
ប្រមុខ​រដ្ឋ​កូរ៉េខាងជើង គីម ជុនអ៊ុន REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ដើម​ឆ្នាំ ២០១៦ នេះ​មក កូរ៉េខាងជើង​បាន​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​ដាក់​សហគមន៍​អន្តរជាតិ​ច្រើន​ណាស់។ បន្ទាប់​ពី​បាន​ប្រកាស​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ចម្ងាយ​ជិត និង​មធ្យម​ប្រកប​ដោយ​ជោគជ័យ​មក ឥឡូវ​នេះ របប​ក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​នូវ​ម៉ាស៊ីន​ថ្មី​មួយ​សម្រាប់​បំពាក់​ឲ្យ​គ្រាប់មីស៊ីល​អន្តរទ្វីប។ មនុស្ស​ខ្លាំង​កូរ៉េខាងជើង​គីម ជុនអ៊ុន​ដែល​បាន​ចូលរួម​ត្រួតពិនិត្យ​ការ​សាកល្បង​ផ្ទាល់​បាន​ថ្លែង​ថា ម៉ាស៊ីន​ថ្មី​នោះ​នឹង​អាច​បាញ់​បញ្ជូន​គ្រាប់មីស៊ីល​អន្តរទ្វីប​បំពាក់​ដោយ​ក្បាល​នុយក្លេអ៊ែរ​រហូត​ដល់​ទឹកដី​អាមរិកាំង និង​ទឹកដី​របស់​បច្ចាមិត្ត​ផ្សេង​ទៀត។

ទង្វើ​ថ្មី​របស់​ក្រុង​ព្យុងយ៉ាង​ពេល​នេះ​នឹង​រឹត​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ក្នុង​ឧបទ្វីបកូរ៉េ​ដែល​កំពុង​តានតឹង​ស្រាប់​កាន់​តែ​ឡើង​កម្តៅ​មួយ​កម្រិត​ថែម​ទៀត។ គ្រាន់​តែ​នៅ​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ ២០១៦ នេះ របប​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​គ្រាប់មីស៊ីល​ជា​ច្រើន​ដង ហើយ​ជា​ទូទៅ គឺ​តែងតែ​ទទួល​បាន​ការ​ថ្កោលទោស និង​ដាក់​ទ័ណ្ឌកម្ម​ពី​ប្រទេស​បស្ចិមលោក​ក៏​ដូច​ពី​សហគមន៍​អន្តរជាតិ។ ថ្មីៗ​នេះ​ទៀត ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​កូរ៉េខាងជើង​ក៏​បាន​ចាត់​វិធានការ​ទ័ណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​ក្រុង​ព្យុងយ៉ាង​ដែរ។ តែ​បញ្ហា​នៅ​ត្រង់​ថា កូរ៉េខាងជើង​ហាក់​មិន​ឈឺ​ក្បាល​សោះ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកជំនាញ​អន្តរជាតិ​មិន​សូវ​ជា​មាន​ជំនឿ​ប៉ុន្មាន​ទេ​លើ​ការ​ប្រកាស​របស់​កូរ៉េខាងជើង​នា​ពេល​កន្លង​មក ទាំង​នៅ​ក្នុង​បញ្ហា​នុយក្លេអ៊ែរ គ្រាប់​មីស៊ីល ឬ​មួយ​ក៏​សមត្ថភាព​យោធា។ ក្រុម​អ្នកជំនាញ​អន្តរជាតិ​យល់​ឃើញ​ថា អ្វី​ដែល​របប​ក្រុង​ព្យុងយ៉ាង​បាន និង​កំពុង​ធ្វើ​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គឺ​ដើម្បី​លើក​ដំកើន​តម្លៃ​របស់​គណបក្ស​កម្មុយនិស្ត ក៏​ដូច​ជា​បង្ហាញ​ពី​ស្នាដៃ​របស់​មនុស្ស​ខ្លាំង​គីម ជុនអ៊ុន​នៅ​មុន​ថ្ងៃ​បើក​សមាជ​ដែល​គ្រោង​រៀបចំ​នា​ថ្ងៃទី៧ ឧសភា​ខាង​មុខ។ គឺ​ជា​សមាជ​លើកទី១ បើ​គិត​តាំង​ពី ៣៦ឆ្នាំ​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ