អានតួអត្ថបទ
នេប៉ាល់-រញ្ជួយដី

រញ្ជួយ​ដី​នៅ​នេប៉ាល់​ អ្នក​ស្លាប់​កើន​ជិត​១០០០​​នាក់

គ្រោះ​រញ្ជួយ​ដី ​ក្នុង​កម្រិត​ ៧,៨ ​រីឆទ័រ ​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​នេប៉ាល់ ​បាន​ធ្វើឲ្យ​មាន​អ្នក​ស្លាប់​កាន់​តែ​ច្រើន។ ចំនួន​អ្នក​ស្លាប់ ​ជា​បណ្តោះ​អាសន្ន ​បាន​កើន​ឡើង​ដល់ ​៨៧៦​នាក់ ​នៅ​ទូទាំង​ប្រទេស ​ហើយ​ក្រុម​សង្គ្រោះ​ កំពុង​ធ្វើការ​យ៉ាង​ញាប់ដៃ​ដើម្បី​ស្វែងរក​​អ្នក​នៅ​រស់ ​ដែល​កប់​ជាប់​ក្នុង​គំនរ​បាក់បែក។ ដោយឡែក​ រដ្ឋាភិបាល​បារាំង ​និង​ ឥណ្ឌា បាន​បញ្ជាក់​ថា ​និង​ត្រៀម​ផ្តល់​ជា​ជំនួយ ​ដល់​នេប៉ាល់។

ប្រជាជន​នេប៉ាល់​ទ្រហោរយំ  ក្នុងហេតុការណ៍​​គ្រោះ​រញ្ជួយដី​ កម្រិត ៧,៨ រីឆទ័រ ដែល​បានសម្លាប់​​ជីវិត​មនុស្ស​ ជិត១០០០​នាក់ នៅថ្ងៃទី ២៥ មេសា​ ២០១៥
ប្រជាជន​នេប៉ាល់​ទ្រហោរយំ ក្នុងហេតុការណ៍​​គ្រោះ​រញ្ជួយដី​ កម្រិត ៧,៨ រីឆទ័រ ដែល​បានសម្លាប់​​ជីវិត​មនុស្ស​ ជិត១០០០​នាក់ នៅថ្ងៃទី ២៥ មេសា​ ២០១៥ AFP PHOTO/Prakash Mathema
ផ្សាយពាណិជ្ជកម្ម

ការ​រុករក​សាកសព​ នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ ​ចំណែក​ប្រព័ន្ធ​ទំនាក់ទំនង ​ត្រូវ​បាន​កាត់ផ្តាច់​ស្ទើរតែ​ទាំង​ស្រុង ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ​មាន​ការ​លំបាក​ ក្នុង​ការ​ស្រង់​ចំនួន​អ្នក​ស្លាប់។ ក្រសួង​មហា​ផ្ទៃ ​នេប៉ាល់ ​បាន​ប្រកាស​ថា ​ចំនួន​អ្នក​ស្លាប់​ ជា​បណ្តោះ​អាសន្ន​នា​ពេល​នេះ ​បាន​កើនឡើង​ដល់​ ៨៧៦​នាក់ ហើយ ​នៅ​ទូទាំង​ប្រទេស។

ទីក្រុង ​កាតម៉ាន់ឌូ​ ដែល​មាន​ប្រជាជន​រស់នៅ​ជិត​ ៣លាន​នាក់ បាន​រង​ការ​ខូចខាត​ជា​ដំណំ ​ដោយសារ​តែ​នៅ​ចំងាយ​ប្រមាណ​តែ ៨០​គីឡូមែត្រ​ ពី​ចំណុច​រញ្ជួយ​កណ្តាល។ សំណង់​អាគារ​បូរាណ ​នៅ​ទីលាន ដាកបារ ​ក្នុង​ទីក្រុង​កាតម៉ាន់ឌូ​ ដែល​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​បិតិកភណ្ឌ​ពិភពលោក ​ត្រូវ​បាន​ដួល​រលំ​​ស្ទើរ​តែ​រាប​ដល់​ដី។ ចំណែក​អាគារ​បង្គោល​ខ្ពស់ ​ដារាហារា ​ដែល​ជា​និមិត្តរូប​ ទីក្រុង​កាតម៉ាន់ឌូ ​ក៏​រលំ​ដួល​ទាំង​ស្រុង​ដែរ។ គេ​បាន​ទាញ​សាក​សព​មនុស្ស​ ជាង​១០នាក់ ​ដែល​ត្រូវ​អាគារ​នេះ​បាក់​សង្កត់។ ដោយឡែក អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​កាតម៉ាន់ឌូ ​ត្រូវ​បាន​បិទ​ជា​បណ្តោះ​អាសន្ន។

មន្រ្តី​ទូត​នេប៉ាល់​ម្នាក់ ​ដែល​ប្រចាំការ​នៅ​ក្រុង​ញូដេលី ​បាន​បញ្ជាក់​ថា ​អ្នក​យក​ព័ត៌មាន​បារាំង​ថា ​មិនមែន​មាន​តែ​ក្រុង​កាតម៉ាន់ឌូ​មួយ​ទេ ​ដែល​រង​ការ​ខូចខាត ​ប៉ុន្តែ ​ប្រទេស​នេប៉ាល់​ស្ទើរតែ​ទាំង​មូល ​បាន​រង​ការ​ខូចខាត ​ដោយសារ​គ្រោះ​រញ្ជួយដី​នេះ។ សំណង់អាគារនៅនេប៉ាល់ ដែល​មិនត្រូវបាន​សាងសង់ ​ឲ្យ​រឹង​មាំ​​តាម​បច្ចេកទេស​មាន​ច្រើនណាស់​ ហើយ​ដែល​ងាយ​បាក់​រលំ​ជា​ទី​បំផុត។

សូម​បញ្ជាក់​ថា ​គ្រោះ​រញ្ជួយ​ដី​ដែល​មាន​កំរិត​ ៧,៨ ​រីឆទ័រ​នេះ ​ជា​រញ្ជួយ​ដី​កម្រិត​ធ្ងន់​បំផុត​មិន​ធ្លាប់​មាន ​នៅ​ក្នុង​ប្រទេស​នេប៉ាល់ ​ចាប់​តាំង​ពីឆ្នាំ ​១៩៣៤​មក ​ដែល​កាល​នោះ ​គ្រោះ​រញ្ជួយដី​ មាន​កំរិត ​៨​រីឆទ័រ ​ហើយ​បាន​សម្លាប់​ជីវិត​មនុស្ស​ ទាំង​អស់​ ជិត​ ២ម៉ឺន​នាក់។ ដូច​សព​ដង​ដែរ ​គ្រោះ​រញ្ជួយ​ដី ​ដែល​មាន​ចំណុច​ស្នូល​កណ្តាល​ នៅ​ប្រទេស​នេប៉ាល់​នេះ  ​ក៏​បាន​បង្ក​ការ​ខូចខាត​ នៅ​ប្រទេស​ជិត​ខាង​ផងដែរ។

បើ​តាម​តួលេខ​បណ្តោះ​អាសន្ន​នា​ពេល​នេះ ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ ជាង​២៦​នាក់ ​នៅ​ប្រទេស​ឥណ្ឌា ​និង​២នាក់ នៅ​តំបន់​ទីបេ​ប្រទេស​ចិន ​បាន​ស្លាប់​បាត់បង់​ជីវិត។ ​ជាមួយ​គ្នា​នេះ ​ការ​រញ្ជួយ​ដី​នេះ ​ក៏​បាន​បង្ក​ជា​ការ​រលំ​ បាក់​ផ្ទាំង​ទឹក​កក ​នៅ​លើ​ភ្នំ​អេវើរ៉េស ​ហើយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ១០​នាក់​ផង​ដែរ។

យ៉ាង​ណា​មិញ ​លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា ​បាន​ថ្លែង​ថា ​ឥណ្ឌា​ ត្រៀម​ខ្លួន​ជួយ​ប្រទេស​នេប៉ាល់ ​ដែល​កំពុង​តែ​ត្រូវការ​ជំនួយ​បន្ទាន់។ ដូច​គ្នា​ដែរ ​លោក​ប្រធានាធិបតី​បារាំង ​ហ្រ្វង់ស្វ័រ ហូឡង់ ​បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ ​សុក្រ​ម្សិលមិញ​ថា ​បារាំង ​ត្រៀម​បញ្ជូន​ក្រុម​សង្រ្គោះ ​និង​សម្ភារៈ​ ទៅ​ជួយ​ជន​រងគ្រោះ​ នៅ​ប្រទេស​នេប៉ាល់៕

សំណង់អាគារ​មួយ​បាក់ស្ទើរតែ​ទាំងស្រុង​​​ ដោយសាររញ្ជួយដី នៅ​នេប៉ាល់
សំណង់អាគារ​មួយ​បាក់ស្ទើរតែ​ទាំងស្រុង​​​ ដោយសាររញ្ជួយដី នៅ​នេប៉ាល់ REUTERS/Navesh Chitrakar

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ