អានតួអត្ថបទ
កូរ៉េខាងជើង-នុយក្លេអ៊ែរ

ចិន ​សង្ស័យ​ថា​កូរ៉េ​ខាងជើង ​មាន​ក្បាល​នុយក្លេអ៊ែរ​ ២០​គ្រាប់​

អ្នក​ជំនាញ​ការ​ផ្នែក​នុយក្លេអ៊ែរ​របស់​ចិន ​បាន​អះអាង​ថា ​បើ​តាម​ការ​ស្រាវជ្រាវ ​កូរ៉េ​ខាងជើង ​ប្រហែល​ជា​ផលិត​បាន​ ក្បាល​គ្រាប់បែក​នុយក្លេអ៊ែរ​ចំនួន ​២០គ្រាប់​ហើយ ​ហើយ​សកម្មភាព​ផលិត ​កំពុង​តែ​បន្ត​ទៅមុខ​ យ៉ាង​សកម្ម។ នេះ​ជា​តួលេខ​ ដែល​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ ​ដែល​ផ្តល់ឲ្យ​ដោយ​អ្នក​ជំនាញការ​ចិន។ ក្នុង​ន័យ​នេះ ​នយោបាយ​របស់​ប្រទេស​មហាអំណាច ​ដែល​ព្យាយាម​បញ្ចុះបញ្ចូល​កូរ៉េ​ខាងជើង ​ថា​ឲ្យ​ឈប់​ ​ចំរាញ់​ជាតិ​អ៊ុយរ៉ានីញ៉ូម ​គឺ​គ្មាន​បាល​លទ្ធផល​អ្វី​ទាំងអស់។ គ្មាន​អ្វី​អាច​បញ្ឈប់​​មហិច្ឆិតា​នុយក្លេអ៊ែរ​ របស់​កូរ៉េ​ខាង​ជើង​បាន​ទេ។

គ្រាប់​កាំជ្រួច​ Musudan តាំងបង្អួត ក្នុងពេលធ្វើ​ពយុហយាត្រាយោធា របស់​កូរ៉េ​ខាង​ជើង។ ទន្ទឹមគ្នានោះ​ ប្រជាជនកូរ៉េ​ខាងជើង ​រស់នៅក្នុងភាព​ក្រីក្រ​ ទុរភិក្ខ​ គ្មាន​សិទ្ធិសេរី​ភាព​អ្វីទាំងអស់
គ្រាប់​កាំជ្រួច​ Musudan តាំងបង្អួត ក្នុងពេលធ្វើ​ពយុហយាត្រាយោធា របស់​កូរ៉េ​ខាង​ជើង។ ទន្ទឹមគ្នានោះ​ ប្រជាជនកូរ៉េ​ខាងជើង ​រស់នៅក្នុងភាព​ក្រីក្រ​ ទុរភិក្ខ​ គ្មាន​សិទ្ធិសេរី​ភាព​អ្វីទាំងអស់ AFP PHOTO / FILES / Ed Jones
ផ្សាយពាណិជ្ជកម្ម

អ្នក​ជំនាញ​ការ​ផ្នែក ​ថាមពល​បរមាណូ ​រឺ​នុយក្លេអ៊ែរ​ របស់​ចិន ​បាន​ជួប​ប្រជុំ​គ្នា​ កាល​ពី​ខែ​កុម្ភៈ ​ជា​មួយ​ក្រុម​អ្នក​ជំនាញ​នុយក្លេអ៊ែរ​អាមេរិក។ បើ​យោង​តាម ​សារព័ត៌មាន ​Wall Street Journal ​បាន​ចុះផ្សាយ​ថា អ្នក​ជំនាញ​ការ​ចិន ​បាន​ផ្តល់​តួលេខ​ថ្មី​ថា ​កូរ៉េ​ខាងជើង​បច្ចុប្បន្ន ​បាន​ផលិត​ក្បាល​គ្រាប់​បរមាណូ​ ចំនួន ​២០​គ្រាប់ ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សកម្មភាព​ផលិត​ កំពុងតែ​ដំណើរការ​ទៅ ​យ៉ាង​សកម្ម។ កន្លង​មក ក្រុម​ជំនាញ​ការ​អាមេរិក ​បាន​ធ្វើការ​ប៉ាន់ស្មាន​ថា ​កូរ៉េ​ខាងជើង ​អាច​ផលិត​ក្បាល​គ្រាប់​បែក​នុយក្លេអ៊ែរ ​ចំនួន​ ពី​១០ ទៅ​១៦ ​គ្រាប់។

 
លោក​ Siegfried Hecker ​អ្នក​ជំនាញ​ជាន់ខ្ពស់​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ ​ដែល​បាន​តាម​ដាន​យ៉ាង​ជាប់ស្អិត ​ទៅ​លើ​សកម្មភាព​ផលិត​ជាតិ​អ៊ុយរ៉ានីញ៉ូម​ របស់​កូរ៉េ​ខាងជើង ​បាន​ថ្លែង​ថា ​តួលេខ​នេះ ​សរ​បញ្ជាក់​ថា ​នយោបាយ​បញ្ចុះបញ្ចូល​របស់​ប្រទេស​មហាអំណាច​ ទៅ​លើ​កូរ៉េ​ខាង​ជើង ​ឲ្យ​បោះបង់​ការ​ចំរាញ់ជាតិ​អ៊ុយរ៉ានីញ៉ូម ​គ្មាន​បាន​លទ្ធផល​ទេ ​គឺ​មាន​តែ​ធ្ងន់ធ្ងរ​ទៅ ​ព្រោះ​ថា​របប​ផ្តាច់ការ​ព្យុងយ៉ាង ​មាន​គ្រាប់បែក​​បរមាណូ​កាន់តែ​ច្រើន។ លោក​បន្ថែម​ថា ​កាលណា ​កូរ៉េ​ខាងជើង ​មាន​អាវុធ​នុយក្លេអ៊ែរ​ធំៗ វា​រិត​តែ​ធ្វើឲ្យ​ប្រទេស​នេះ ​កាន់តែ​ក្អេងក្អាង​នឹង​អំណាច​របស់​ខ្លួន ​ហើយ​ពេល​នោះ​ គ្មាន​នរណា​ និយាយ​ជាមួយ​កូរ៉េ​ខាងជើង ​បាន​ទៀត​ឡើយ។

ចិន​ដែល​ធ្លាប់​ជាមិត្ត ​ជួយ​ការពារ​កូរ៉េ​ខាងជើង ​ពេលនេះ​ កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ ពី​សន្តិសុខ​របស់​ខ្លួន ​ព្រោះ​ថា ​កូរ៉េ​ខាងជើង​កំពុង​តែ​ឈ្លក់​វក់វី ​ជាមួយ​មហិច្ឆិតា​នុយក្លេអ៊ែរ ​លែង​ស្តាប់​នរណា​ទាំង​អស់ ​ហើយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ងជើង ​កំពុង​ដើរ​ទៅ​យ៉ាង​លឿន ​ហួស​ពី​ការ​ស្មាន។

យ៉ាងណា​មិញ ​អ្នក​ជំនាញ​ការ​របស់​អាមេរិក​ ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ​កូរ៉េ​ខាងជើង ​អាច​ផលិត​បាន​​អាវុធ​នុយក្លេអ៊ែរ ​បាន​ដល់​១០០គ្រាប់​​ នៅ​ឆ្នាំ ​២០២០។ សូម​រំលឹក​ផងដែរ​ថា ​កូរ៉េ​ខាងជើង ​ធ្លាប់​បាន​ធ្វើការ​សាក​ល្បង ​បាញ់​គ្រាប់​នុយក្លេអ៊ែរ ​ចំនួន​៣លើក ​កាល​ពី​ឆ្នាំ ​២០០៦ ​២០០៩ ​និង ​២០១៣។ ក្រៅ​ពី​អាវុធ​នុយក្លេអ៊ែរ​ កូរ៉េ​ខាងជើង​ ក៏​មាន​កម្មវិធី​ផលិត ​គ្រាប់​កាំជ្រួច​បាលីស្ទីក (Missile balistique)​ យ៉ាង​សកម្ម​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ