អានតួអត្ថបទ

ONU៖ អាស៊ីអាគ្នេយ៍ គឺ​ជា​ជង្រុក​នៃ​ជំនួញ​ថ្នាំញៀន ​មេតំហ្វេតាមីន

របាយការណ៍មួយ ក្រោម​ការ​ផ្តួចផ្តើមគាំទ្រ របស់អង្គការសហប្រជាជាតិ ស្តីពី​បណ្តាញ​ឧក្រិដ្ឋកម្ម​ថ្នាំញៀន ត្រូវបា​ន​គេ​ប្រកាសផ្សាយ​ កាលពីថ្ងៃព្រហស្បតិ៍ ទី​១៨កក្កដ នៅឯទៅក្រុងបាងកក។ យោងតាមការសន្និដ្ឋានរបស់របាយការណ៍នេះ គឺ​តំបន់អាស៊ីអាគ្នេយ៍ កំពុងតែក្លាយ​ជាជង្រុកដ៏ធំ នៃការផលិត ការជួញដូរ និងការលាងលុយក្រខ្វក់ ដែលបានមកពីជំនួញ​នៃថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន។

អាជ្ញាធរថៃ ចាប់ឃាត់ថ្នាំញៀនមេតំហ្វេតាមីន នៅខេត្តអយុធ្យា ថ្ងៃទី ២៦ ខែ​មិថុនា ២០១៩​។​
អាជ្ញាធរថៃ ចាប់ឃាត់ថ្នាំញៀនមេតំហ្វេតាមីន នៅខេត្តអយុធ្យា ថ្ងៃទី ២៦ ខែ​មិថុនា ២០១៩​។​ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ពីទីក្រុងបាងកក ការិយាល័យអង្គការសហប្រជាជាតិ ដើម្បី​​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម បានចេញ​របាយការណ៍ដ៏ធំមួយ ដែលមាន​ចំណងជើងថា ​៖​ “បណ្តាញឧក្រិដ្ឋកម្មនៅអាស៊ីអាគ្នេយ៍៖ ការវិវឌ្ឍន៍ ទំហំរីកចំរើន និងផលប៉ះពាល់ (Transnational Organized Crime in Southeast Asia : Evolution, Growth and Impact)”។

លោក Jeremy Douglas អ្នកតំណាងនៃការិយាល័យនេះ បានថ្លែងនៅក្នុងឱកាសធ្វើបទបង្ហាញរបាយការណ៍នេះថា តំបន់អាស៊ីអាគ្នេយ៍ គឺជាជង្រុក គឺជាស្នូលកណ្តាលនៃការជួញដូរថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន នៃសកលលោកទាំងមូល។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៨ គេបានចាប់ឃាត់ ថ្នាំគ្រាប់ម៉េតំហ្វេតាមីន ចំនួន​១២០តោន នៅទូទាំងអាស៊ីអាគ្នេយ៍។ ចំនួន​នេះ មានការកើនឡើង ដល់ទៅ១ជា៣ បើប្រៀបធៀបទៅឆ្នាំ​២០១៣ ដែលកាលណោះ ការចាប់ឃាត់ស្ទាក់ បានចំនួន​៤០តោន។

យោងតាមរបាយការណ៍ខាងលើ ការផលិត ការជួញដូរ ចែកចាយនៅទូទាំងអាស៊ីអាគ្នេយ៍ គឺជាប្រភពនៃលុយក្រខ្វក់ជាច្រើនសិបពាន់លានដុល្លារ។ ទីតាំងផលិតថ្នាំគ្រាប់ម៉េតំហ្វេតាមីន គឺភាគច្រើន ស្ថិតនៅតំបន់ភ្នំក្នុង​រដ្ឋហ្សាន ភាគខាងជើងប្រទេសភូមា ហើយដែលស្ថិតនៅក្នុងតំបន់ត្រីកោណមាស ជាប់ព្រំដែនជាមួយថៃ និងឡាវ។

របាយការណ៍ដដែល បានស្រាវជ្រាវដឹងថា បណ្តាញផលិត និងបណ្តាញ​ចែកចាយ មានលក្ខណៈកាន់តែ​ចាក់ស្រែស ស្មុគស្មាញ និងមានទំហំកាន់តែធំ ដោយមានការសហការពីក្រុមទុច្ចចរិក អ្នកជំនាញផលិតមកពីតៃវ៉ាន់ជាដើម។ ថ្នាំញៀនម៉េតំហ្វេតាមីន ដែលផលិតបាន ត្រូវលក់ចែកចាយ ទៅកាន់ប្រទេសចិន ទៅកាន់ប្រទេសថៃ និងឡាវជាដើម។

ចំណែកចំណូល​រាប់សិបពាន់លានដុល្លារ ដែលបាន​មកពី​ជំនួញឧក្រិដ្ឋគ្រឿងញៀននេះ ត្រូវគេយកទៅលាងសម្អាត ក្រោមរូបភាព​ផ្សេងៗ ដូចជា តាមរយៈកាស៊ីណូ និងការវិនិយោគសំណង់​ អចលនទ្រព្យ នៅតាមប្រទេសមួយចំនួន ដូចជានៅ​កម្ពុជា និង ឡាវ។ របាយការណ៍ដដែល សន្និដ្ឋានថា នៅអាស៊ីអាគ្នេយ៍ ថៃគឺស្នូលកណ្តាល នៃ​បណ្តាញ​ឧក្រិដ្ឋកម្ម​​គ្រឿងញៀន ព្រមទាំងបណ្តាញ​ឧក្រិដ្ឋកម្ម​ផ្សេងទៀត ដូចជា​ការជួញដូរផ្លូវភេទ ការជួញដូរសរីរាង្គមនុស្ស​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ