បញ្ហាកង្វះចំណីអាហារកំពុងគំរាមកំហែងតំបន់អាស៊ីប៉ាស៊ីហ្វិក
អង្គការកសិកម្មនិងចំណីអាហាររបស់អង្គការសហប្រជាជាតិហៅកាត់ថា អង្គការFAO បានព្រមាននៅថ្ងៃចន្ទនេះថា ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៥០ ប្រសិនបើការផលិតចំណីអាហារក្នុងពិភពលោក មិនអាចកើនបាន៦០ភាគរយបន្ថែមទេនោះ ភាពចលាចលសង្គម និងសង្គ្រាមស៊ីវិលអាចនឹងផ្ទុះឡើងបាន។ បច្ចុប្បន្ននេះ មនុស្ស៨៤២លាននាក់ នៅទូទាំងពិភពលោក កំពុងខ្វះខាតចំណីអាហារបរិភោគ។ ជាក់ស្តែង ប៉ាគីស្ថានទើបតែបានប្រកាស នៅថ្ងៃចន្ទនេះថា ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កុមារ៦២នាក់នៅតំបន់ដាច់ស្រយាលភាគខាងត្បូងប៉ាគីស្ថាន បានស្លាប់ដោយសារបញ្ហាកង្វះអាហារូបត្ថម្ភ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣៩
នៅថ្ងៃចន្ទនេះ យោងតាមការប្រកាសរបស់អង្គការកសិកម្មនិងចំណីអាហាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា អង្គការFAOនោះ គេត្រូវធ្វើយ៉ាងណាផលិតចំណីអាហារអោយបានបរិមាណ៦០ភាគរយបន្ថែមទៀត នៅទូទាំងពិភពលោក ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៥០ ដើម្បីកុំអោយបញ្ហាកង្វះចំណីអាហារ បង្កទៅជាភាពចលាចលក្នុងសង្គម រឺក៏សង្គ្រាមស៊ីវិលបាន។ អង្គការ FAO ធ្វើការគណនាបែបនេះ ដោយផ្អែកលើកំណើនប្រជាជនពិភពលោក ដែលអាចកើនហួសពី៩ពាន់លាននាក់ នៅឆ្នាំ២០៥០។ អង្គការក៏ផ្តោតលើការកើនឡើងរបស់អ្នកបរិភោគដែលត្រូវការហូបចុកអាហារដែលផ្តល់ថាមពលខ្ពស់ផងដែរ។
ក្នុងពិភពលោក បច្ចុប្បន្ន មានមនុស្ស៨៤២លាននាក់ កំពុងរងការខ្វះខាតចំណីអាហារបរិភោគ ក្នុងនោះមាន២ភាគ៣ ជាប្រជាជនរស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ កុមារអាយុក្រោម៥ឆ្នាំ គិតជាតួលេខ មានម្នាក់ក្នុងចំណោម៤នាក់ កំពុងរងបញ្ហាកង្វះអាហារូបត្ថម្ភ។ ជាក់ស្តែង ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កុមារ៦២នាក់នៅតំបន់ដាច់ស្រយាលភាគខាងត្បូងប៉ាគីស្ថានបានស្លាប់ដោយបញ្ហាកង្វះអាហារូបត្ថម្ភនេះ។
យោងតាមអង្គការ FAO ប្រទេសកំពុងអភិវឌ្ឍន៍នានា ត្រូវការផលិតផលកសិកម្មបន្ថែមអោយបាន៧៧ភាគរយ បើមិនដូច្នោះទេ បញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃនឹងវាយប្រហារមនុស្ស៥០០លាននាក់ នៅអាស៊ីប៉ាស៊ីហ្វិក។ អង្គការ FAO បានផ្តល់គំនិតថា ដើម្បីដោះស្រាយបញ្ហានេះ គេអាចបង្កើនទំហំដីដែលត្រូវភ្ជួរអោយបានទូលំទូលាយថែមទៀត រឺក៏អាចធ្វើការបង្កើនការផលិតថែមទៀត។ នៅពេលនេះ អ្នកបច្ចេកទេសកសិកម្មចំណីអាហារ កំពុងបារម្ភខ្លាចការផលិតមិនអាចឆ្លើយតបតាមតំរូវការបរិភោគបាន។
គួររំលឹកឡើងវិញថា ក្នុងទសវត្សឆ្នាំ១៩៨០ ការផលិតស្រូវនិងអង្ករក្នុងដីមួយហិចតា មានការកើនឡើងប្រចាំឆ្នាំ ដល់ទៅ៣,៥ភាគរយ។ ប៉ុន្តែ ក្នុង២០ឆ្នាំចុងក្រោយនេះ តួលេខនេះបានថយចុះ ០,៦ ទៅ០,៨ភាគរយវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ