អានតួអត្ថបទ
ថៃ

ផ្ទុះ​គ្រាប់បែក​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​បន្ទាប់ពី​ការ​ប្រកាស​ចរចា​រក​សន្តិភាព​

អំពើ​ភេរវកម្ម​មួយ​បាន​កើត​ឡើង​នៅភាគ​ខាងត្បូង​​ប្រទេស​ថៃ​​ នៅ​ថ្ងៃ​សុក្រ​នេះ បណ្តាល​អោយ​មនុស្ស​៦នាក់​​​​រង​​របួស​​។ អំពើ​ហិង្សា​នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​រដ្ឋាភិបាល​​ថៃ​​​ និង​​ក្រុម​ឧទ្ទាម​​​មួយ​​ក្រុម​ ដែល​តែងតែ​បង្ក​នូវ​​​​​អំពើ​បះបោរ​​នៅ ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ តាំង​ពី​ឆ្នាំ​ ២០០៤​មក បាន​ប្រកាសថា​ នឹង​​​ចរចា​គ្នា​​​ស្វែង​រក​កិច្ច​ព្រមព្រៀង​បញ្ចប់​ហិង្សា​​ក្នុង​តំបន់ នៅ​ពេល​ពីរ​សប្តាហ៍​ខាង​មុខ​​​ទៀតនេះ។

យោង​តាម​ក្រុម​ប៉ូលិស អំពើ​ភេរវកម្ម​​​នេះ ​ប្រហែល​ជា​ស្នាដៃ​​សកម្មជន​នានា​ ដែល​ចង់​បង្ហាញ​អំពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​កិច្ច​ចរចា​រវាង​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​
យោង​តាម​ក្រុម​ប៉ូលិស អំពើ​ភេរវកម្ម​​​នេះ ​ប្រហែល​ជា​ស្នាដៃ​​សកម្មជន​នានា​ ដែល​ចង់​បង្ហាញ​អំពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​កិច្ច​ចរចា​រវាង​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​ REUTERS/Surapan Boonthanom
ផ្សាយពាណិជ្ជកម្ម

គ្រាប់​​​បែក​បាន​ផ្ទុះ​​ឡើង​​ កាល​ពី​ព្រឹក​​មិញ​ នៅ​​ភាគ​ខាងត្បូង​ប្រទេស​ថៃ​ នៅ​ពី​មុខ​ផ្សារ​​​មួយ​កន្លែង ក្នុង​ខេត្ត​ ណារ៉ាធីវ៉ាត​ បណ្តាល​អោយ​មនុស្ស​​៦នាក់​ រង​របួស ក្នុង​នោះ​បុរស​អាយុ​៦៦​ ឆ្នាំ​ម្នាក់​​​ រងគ្រោះ​​ជា​ទំងន់។ ​អ្វី​ដែល​គួរ​អោយ​កត់​សំគាល់​នោះ​​​ គឺអំពើ​ភេរវកម្ម​នេះ​​ បែរ​ជាអាច​​កើត​ឡើង​ នៅ​​ទី​កន្លែង​ដែល​​រដ្ឋ​អំណាច​​ថៃ​​ ​ដាក់​​អោយ​ក្លាយ​ជា​​តំបន់​ប្រកាស​អាសន្ន​ទៅវិញ ព្រោះ​ថា​ជា​ធម្មតា ​តំបន់​ប្រកាស​អាសន្ន​​ គឺ​ជា​តំបន់​ដែល​​ប៉ូលិស​ធ្វើ​ការ​ការពារ​​​ខ្ពស់។  

អំពើ​ភេរវកម្ម​នេះ កើត​ឡើង​​តែ​មួយ​ថ្ងៃ​​ប៉ុណ្ណោះ បន្ទាប់​​​ពី​រដ្ឋអំណាច​ថៃ​ និង​ក្រុម​ឧទ្ទាម​មួយក្រុម​​ ដែល​មាន​ឈ្មោះ​ថា “រណសិរ្ស​​បដិវត្តន៍​ជាតិ​”​ បាន​​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ​នៅ​ប្រទេស​ម៉ាឡេស៊ី​​ថា នឹង​ធ្វើ​ការ​ចរចា​គ្នា​​នៅ​ក្នុង​ពីរ​សប្តាហ៍​ទៀត​ ដើម្បី​សំរេច​អោយ​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ​ បញ្ចប់​អំពើ​ហិង្សា​ក្នុង​តំបន់។​

យោង​តាម​ក្រុម​ប៉ូលិស អំពើ​ភេរវកម្ម​នៅ​ថ្ងៃ​សុក្រ​នេះ ​ប្រហែល​ជា​ស្នាដៃ​របស់​​សកម្មជន​នានា​ ដែល​ចង់​បង្ហាញ​អំពី​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន​ ចំពោះ​កិច្ច​ចរចា​​នេះ។
ប៉ុន្តែ​ នាយក​រដ្ឋ​មន្ត្រី​ថៃ​​ លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា មិន​បាន​យល់​ឃើញ​ដូច​ជា​ការ​គិតទុក​ របស់​ប៉ូលិស​នោះ​ទេ។ យោង​តាម​នាយករដ្ឋ​មន្ត្រី​ថៃ អំពើ​ភេរវកម្ម​​ទាំង​នេះ​ មិន​មែន​ជា​ការ​សងសឹក​មក​លើ​រដ្ឋាភិបាល​ថៃ​នោះ​ទេ។ វា​ជា​​អំពើ​ហិង្សា ​​​ដែល​តែង​តែ​កើត​​​ឡើង​ជា​ប្រចាំ​​ទៅហើយ​​នៅ​ក្នុង​តំបន់។​ ហើយ​បើ​ទោះ​ជា​កិច្ច​ព្រម​ព្រៀង​​​ចុះ​ហត្ថលេខា​ហើយ​ក្តី ក៏​មិន​ប្រាកដ​ថា អំពើ​ហិង្សា​នឹង​បញ្ចប់​​ទៅ​ភ្លាមៗ​នោះ​ដែរ។

​ក្រុម​ឧទ្ទាម​​​​​ឈ្មោះ​ “រណសិរ្ស​​បដិវត្តន៍​ជាតិ​”​ ដែល​នឹង​ចរចា​ជាមួយ​រដ្ឋអំណាច​ថៃ​ នៅ​ក្រុង​Kuala Lumpur នៅ​ពេល​ខាង​មុខ​នេះ ជា​ក្រុម​មួយ​តែង​តែ​បង្ក​ការ​បះបោរ​ក្នុង​តំបន់ ​តាំង​ពី​ឆ្នាំ ២០០៤​មក​ម្ល៉េះ។

អំពើហិង្សា​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ក្នុង​រយៈ​ពេល​៩ឆ្នាំ​ ​កន្លង​មកនេះ​ បាន​បង្កអោយ​​មាន​មនុស្ស​​ស្លាប់​​ ៥​ ៥០០​នាក់។ ជន​​​បះបោរ ប្រយុទ្ធ​​​​ប្រឆាំង​​​​​នឹង​ការ​រើស​អើង​​​របស់​​​ជន​ជាតិ​ថៃ ទៅ​លើ​ជនជាតិ​ភាគតិច​ម៉ាឡេស៊ី​ និង​អ្នក​កាន់​សាសនា​អ៊ីស្លាម​​។
គួរ​រំលឹក​ថា តំបន់​​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ កាល​ដើម​ឡើយ​ស្ថិត​ក្នុង​​​​​​​​​ទឹកដី​​ប្រទេស​ម៉ាឡេស៊ី មុន​នឹង​​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ថៃ នៅ​​ដើម​សតវត្សរ៍​ទី​ ២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ