អានតួអត្ថបទ
ម៉ាឡេស៊ី-អ៊ុយក្រែន-រុស្ស៊ី

បូអ៊ីងម៉ាឡេស៊ី៖​ អ៊ុយក្រែន​និង​ម៉ាឡេស៊ី​ចោទ​ក្រុមបះបោរ​អ៊ុយក្រែន​ថា​ បំបាត់​ភស្តុតាង​ ក្បត់​ជនរងគ្រោះ​

នៅ​ថ្ងៃសៅរ៍​នេះ អាជ្ញាធរ​អ៊ុយក្រែន និង​ម៉ាឡេស៊ី បាន​ចោទ​ក្រុម​​ផ្តាច់ទឹកដី​និយម​នៅអ៊ុយក្រែន ថា​ក្បត់​ជន​រងគ្រោះ ដោយសារ​តែ​ក្រុម​ផ្តាច់ទឹកដី​និយម​បាន​បំបាត់​ភស្តុតាង​​សំខាន់ៗ នៅ​ទីកន្លែង​កើតហេតុ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី។ ​​សម្រាប់​ម៉ាឡេស៊ី​ នេះ​​​ជា​​ការ​ក្បត់​​ដល់​ជន​រងគ្រោះ​​​ដែល​ស្លាប់​ក្នុងគ្រោះថ្នាក់។ ប្រធានាធិបតី​បារាំង​ទាមទារ​អោយ​​ការ​ស៊ើបអង្កេត​​ផ្តល់​លទ្ធផល​ច្បាស់លាស់ ​មិន​មែន​ត្រឹម​តែ​​ជា​ការ​សន្និដ្ឋាន​នោះទេ។ ​​

​​សេវា​ស្ថានភាព​​បន្ទាន់​អ៊ុយក្រែន ​​សែង​សាកសព​​​ជនរងគ្រោះ​​នៃ​យន្តហោះ​ម៉ាឡេស៊ី នៅ​​ភាគ​ខាងកើត​​អ៊ុយក្រែន ថ្ងៃសៅរ៍​នេះ។​
​​សេវា​ស្ថានភាព​​បន្ទាន់​អ៊ុយក្រែន ​​សែង​សាកសព​​​ជនរងគ្រោះ​​នៃ​យន្តហោះ​ម៉ាឡេស៊ី នៅ​​ភាគ​ខាងកើត​​អ៊ុយក្រែន ថ្ងៃសៅរ៍​នេះ។​ REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សៅរ៍នេះ ​​រដ្ឋមន្ត្រី​​ក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី លោក ​Liow Tiong Lai បាន​ចោទ​​ក្រុមផ្តាច់ទឹកដី​និយម​អ៊ុយក្រែន​ថា ថា​បាន​បំបាត់​ភស្តុតាង​សំខាន់ៗ​ ​សម្រាប់​ការ​ស៊ើប​អង្កេត​​លើ​ហេតុការណ៍​គ្រោះថ្នាក់​យន្តហោះ​បូអ៊ីង​ម៉ាឡេស៊ី ​ដែល​បាន​ធ្លាក់ឆេះ​ក្នុង​ដែនដី​ជម្លោះ​ភាគខាងកើត​អ៊ុយក្រែន កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ​​ម៉ាឡេស៊ី ចាត់ទុក​​ការ​បំបាត់ភស្តុតាង​ថា ជា​អំពើ​ក្បត់​ចំពោះ​ជនរងគ្រោះ​ទាំង​២៩៨នាក់ ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ។

រដ្ឋាភិបាល​អ៊ុយក្រែន ក៏បាន​ចោទ​ប្រកាន់​ក្រុមផ្តាច់ទឹកដី​និយម​ដូចគ្នា​ដែរថា ព្យាយាម​​បំបិទភស្តុតាង ​ធ្វើអោយ​ពិបាក​ដល់​​ការស៊ើបអង្កេត។ ​ គួរ​រំលឹក​ថា ដែនដី​ដែល​កើត​ហេតុការណ៍​​ធ្លាក់​យន្តហោះ​ ស្ថិត​នៅ​ជិត​ក្រុង​ឆាក់តាស្ក ក្នុង​តំបន់​ដូណេត ស្ថិត​​​ក្រោម​ការ​កាន់កាប់​របស់​ក្រុម​ផ្តាច់ទឹកដី​និយម។ ​រដ្ឋាភិបាល​អ៊ុយក្រែន​លើកឡើង​ទៀតថា​​ ក្រុម​ផ្តាច់​ទឹកដីនិយម​ ​​បាន​ដឹកសាកសព​​មនុស្ស​៣៨នាក់ ទៅ​​កន្លែង​ដាក់សព​នៅ​​ដូណេត។ យោង​តាម​អ៊ុយក្រែន នៅ​ទីនោះ​មាន​អ្នកជំនាញរុស្ស៊ី រង់ចាំ​ធ្វើ​កោសល្យ​វិច័យ​សាកសព។ អាជ្ញាធរ​អ៊ុយក្រែន​ចោទ​ទៀតថា ​ក្រុម​បះបោរ​បាន​​​ព្យាយាម​រក​មធ្យោបាយ​​​ដឹកយក​​បំណែក​សំណល់​​​​យន្តហោះ យកទៅ​រុស្ស៊ី។  ​ដោយឡែក ​ មេ​ក្រុមផ្តាច់ទឹកដី​និយម​បាន​បញ្ជាក់​ដែរ​ថា ​បាន​ដឹកសាកសព​​មនុស្ស​២៧នាក់ ​​ទៅ​​កន្លែង​ដាក់សព​នៅ​ដូណេត។ ​

សម្រាប់​ការ​ស៊ើបអង្កេត​​​លើ​គ្រោះថ្នាក់​យន្តហោះ​បូអ៊ីង​ម៉ាឡេស៊ី ​​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ​និង​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ មែរគែល បាន​ព្រមព្រៀង​គ្នា​អោយ​ការស៊ើបអង្កេត​​ស្ថិត​ក្រោម​​​បន្ទុក​ខុសត្រូវ​របស់​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាជាតិ។ ​អ្នកស៊ើបអង្កេត​ត្រូវ​រកអោយ​ឃើញ​​ថា មីស៊ីល​ប្រភេទ​អ្វី​ដែល​បាញ់​យន្តហោះ​ម៉ាឡេស៊ី ដើម្បី​រកមុខ​​ម្ចាស់​មីស៊ីល​​និង​​ជនដៃដល់បង្ក​ការ​ឆេះ​យន្តហោះ​​​។ នៅ​ថ្ងៃ​សៅរ៍នេះ រុស្ស៊ី​បាន​ទាមទារ​អោយ​រដ្ឋាភិបាល​អ៊ុយក្រែន​បង្ហាញ​​​​​លំអិត​​ពី​​មីស៊ីល​ប្រភេទ​ប៊ុក​Bouk ដែល​កងទ័ពអ៊ុយក្រែន​ ប្រើប្រាស់​ ​​​នៅ​ភាគខាងកើត​អ៊ុយក្រែន។

មីស៊ីល​ប្រភេទ​ប៊ុកនេះ​ហើយ ដែល​អាមេរិក​លើកឡើង​ថា ប្រើដោយ​ក្រុម​បះបោរ​អ៊ុយក្រែន​ ដើម្បីវាយប្រហារ​​យន្តហោះ​ម៉ាឡេស៊ី​នោះ។ កាលពី​ថ្ងៃ​សុក្រ ​រុស្ស៊ី​​​​បាន​លើកឡើង​ថា ​​​​ប្រព័ន្ធ​មីស៊ីល​ប៊ុក​របស់កងទ័ពអ៊ុយក្រែន ​​​​មាន​សកម្មភាព​​​ដំណើរការ​​​​ ​នៅ​ថ្ងៃព្រហស្បតិ៍ ថ្ងៃ​​​​យន្តហោះ​ម៉ាឡេស៊ី​ជួបគ្រោះ​ថ្នាក់នោះ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ