អានតួអត្ថបទ
បារាំង

ប៉ូលិស​បារាំង​ចាប់ខ្លួន​​​​​ប្តីប្រពន្ធ​២គូ​​ ​ក្រោយរកឃើញ​រថយន្តផ្ទុក​ដបឧស្ម័ន កណ្តាលក្រុង​ប៉ារីស

ប៉ូលិស​បារាំង​កំពុង​ឃុំខ្លួន ​ប្តីប្រពន្ធ​២គូ នៅ​ថ្ងៃព្រហស្បតិ៍នេះ ទាក់ទង​នឹង​​រថយន្តមួយគ្រឿង​ផ្ទុកដបឧស្ម័ន​ច្រើនដប ​​ដែល​គេរកឃើញ នៅ​កណ្តាលក្រុង​ប៉ារីស កាលពី​អាធ្រាត្រ​ថ្ងៃអាទិត្យ​កន្លងទៅ។ ប៉ូលិស​កំពុង​តាម​រក​​ស្ត្រីម្នាក់ ជា​កូនស្រី​របស់​ម្ចាស់រថយន្ត​នេះ។ ​​ថ្លែងក្នុង​សន្ទរកថា​ នៅថ្ងៃព្រហស្បត្តិ៍​នេះ ប្រធានាធិបតី​បារាំង​ ​បានគូសបញ្ជាក់ថា ​ប៉ុន្មានថ្ងៃ​ចុងក្រោយ​​នេះ អាជ្ញាធរ​បាន​ទប់ស្កាត់​ការប៉ុនប៉ង​ភេរវកម្ម​ជាច្រើនក្នុងស្រុក។ 

វិហារ​​Notre Dame de Paris នៅ​បារាំង។ នៅជិតនោះ ប៉ូលិស​រកឃើញ​ដបឧស្ម័នច្រើនដប ក្នុង​រថយន្ត​មួយគ្រឿង កាលពី​យប់ថ្ងៃអាទិត្យ៤កញ្ញា។
វិហារ​​Notre Dame de Paris នៅ​បារាំង។ នៅជិតនោះ ប៉ូលិស​រកឃើញ​ដបឧស្ម័នច្រើនដប ក្នុង​រថយន្ត​មួយគ្រឿង កាលពី​យប់ថ្ងៃអាទិត្យ៤កញ្ញា។ Foto: Patricia Moribe
ផ្សាយពាណិជ្ជកម្ម

កាលពីយប់ថ្ងៃអាទិត្យ​ឈានចូលព្រឹកថ្ងៃចន្ទ​កន្លងទៅ ​បុគ្គលិកនៅ​​ក្លឹប​មួយកន្លែង នៅ​ក្រុង​ប៉ារីស​ បាន​កត់សម្គាល់​​​រថយន្តPeugeot មួយគ្រឿង គ្មានស្លាកលេខ ​ចតចោល​នៅ​ជិត​វិហារ​ Notre Dame ដែលជា​ទីកន្លែងទេសចរ​ដ៏ល្បី​របស់​បារាំង។

​ក្នុង​រថយន្តនោះ ​មានដបឧស្ម័ន​ទទេ មួយដប។ តែនៅគូទ​រថយន្ត​វិញ ​​​ប៉ូលិស​បាន​រកឃើញ​ដបមានផ្ទុក​​ឧស្ម័ន៥ដប។ ដោយឡែក ក្នុង​រថយន្តនោះ ​គ្មានទុកភ្លើងរឺគ្រឿងដុត​អ្វី ដើម្បីបំផ្ទុះ​ដបឧស្ម័នទាំងនេះទេ។ ក្នុង​រថយន្ត​ក៏មាន​ឯកសារ​ជាភាសា​អារ៉ាប់​ផងដែរ។

ប៉ូលិស​បារាំង​បាន​បើក​ការស៊ើបអង្កេត និង​បាន​​ចាប់ខ្លួនប្តីប្រពន្ធ​២គូ នៅ​​តំបន់ភាគ​ខាងត្បូង។​ ក្នុងចំណោមប្តីប្រពន្ធ​ទាំងនេះ ប្តីប្រពន្ធ​មួយគូធ្លាប់​ត្រូវប៉ូលិស​សម្គាល់​អត្តសញ្ញាណ ថា​ជា​សមាជិក​​​ចលនា​​អ៊ីស្លាម​ជ្រុលនិយម។ ​

កាលពីថ្ងៃ​អង្គារ​ ប៉ូលិស​បានចាប់ខ្លួន​បុរស​ម្ចាស់រថយន្ត Peugeot និង​មនុស្ស​​​ម្នាក់ទៀត ជា​អ្នក​ជិតដិត​នឹង​ម្ចាស់រថយន្ត​។ ជនទាំង២​រូប​នេះ​​​ ​​ធ្លាប់​ត្រូវប៉ូលិស​កត់ត្រា​​ដែរថា ជា​ជន​ជ្រុលនិយម។ តែ​ប៉ូលិស​បានដោះលែង​ម្ចាស់​រថយន្ត​វិញ និង​​​កំពុង​តាមចាប់ខ្លួន​កូនស្រីម្ចាស់​រថយន្តវិញ​ ព្រោះ​ម្ចាស់​រថយន្ត​​ប្រាប់ថា កូនស្រី​គាត់​​បាន​ចាក់រឹសក្នុង​​​ចលនា​អ៊ីស្លាម​ជ្រុលនិយម។ ​

បារាំង​កំពុង​ស្ថិត​ការ​គំរាម​កំហែង​ភេរវកម្ម​ខ្ពស់ ក្រោយ​រងការ​វាយប្រហារ​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ មួយរយៈ​មុននេះ។ យោងតាមការ​ប្រកាស​​របស់​​​​អាជ្ញាធរ​សន្តិសុខជាតិ កាលពី​ខែឧសភា ​បារាំងអាច​​​ប្រឈម​នឹង​ការវាយប្រហារ​ដោយ​គ្រឿងផ្ទុះផ្សេងៗ នៅតាម​ទី​ប្រជុំជន​ធំៗ។ ក្នុង​សន្ទរកថា ថ្ងៃព្រហស្បតិ៍​នេះ ​​ប្រធានាធិបតីបារាំង​ ហ្វ្រង់ស៊័រ ហូឡង់ បាន​លើកឡើង​ថា​ ​អាជ្ញាធរ​បាន​ទប់ស្កាត់​​ការប៉ុនប៉ង​ភេរវកម្ម​ក្នុងស្រុក​​ជាច្រើន ​ក្នុង​​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ