អានតួអត្ថបទ
កម្ពុជា-នយោបាយ

CPP​បង្ហើប​ពី​លទ្ធភាព​ជួប​ជាមួយ​CNRP​ក្រោយ​ថ្ងៃ​១១​មករា

នៅទី​បំផុត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​គម្រោង​ជួប​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​​ថ្ងៃ​ទី​១១​មករា។ ការ​ផ្ដល់​សញ្ញា​វិជ្ជមាន​យ៉ាង​ដូច្នេះ​បន្ទាប់​ពី​លោក កឹម សុខា ប្រធាន​ថ្នាក់ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ផ្ញើ​លិខិត​ទៅ​កាន់​លោក ស ខេង ប្រធាន​ថ្នាក់​ដឹក​នាំ​គណបក្សប្រជាជន​កាល​ពី​ថ្ងៃ​ទី​៥មករា ដើម្បី​រក​ពេល​វេលា​សម​ស្រប​ណាមួយ​ជួប​គ្នា​ដោះ​ស្រាយ​​បញ្ហា​ដែលសេសសល់​ឲ្យ​បាន​ក្នុង​ខែ​មករា​នៃ​ឆ្នាំ​ថ្មី​នេះ។

ជំនួប​រវាង​លោក ​កឹម សុខា ​និង​លោក ​ស ខេង​ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​១០ ​ខែ​សីហា ​ឆ្នាំ​២០១៥។​
ជំនួប​រវាង​លោក ​កឹម សុខា ​និង​លោក ​ស ខេង​ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​១០ ​ខែ​សីហា ​ឆ្នាំ​២០១៥។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​លិខិត​ឆ្លើយ​ឆ្លង​គ្នា​រវាង​លោក ស ខេង ប្រធាន​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​និងលោក កឹម សុខា ប្រធាន​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក ស ខេង បាន​សូម​ការយោគ​យល់​ពី​លោក កឹម សុខា ចំពោះ​ការ​ខកខាន​មិន​បាន​ជួប​ប្រជុំ​ជាមួយ​គ្នា​ក្នុង​រយៈ​ពេល​កន្លងមក​ដោយ​សារ​តែ​រូប​លោក​មាន​ភាព​មមាញឹក​ខ្លាំង​នឹង​ការងារ។ ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ​​លោក ស ខេង បាន​គូស​បញ្ជាក់​ថា ជំនួប​ពិភាក្សា​ការងារ​រវាង​គណបក្ស​ទាំង​ពីរ​អាច​នឹង​​ជួប​គ្នា​ក្រោយ​ថ្ងៃ​ទី១១​មករា តែ​ចំពោះ​ពេល​វេលា​ជាក់លាក់​ណា​មួយ​លោក​នឹង​ជូន​ព័ត៌​មាន​​តាម​ក្រោយ។

សូមបញ្ជាក់ថា ការ​ផ្ដល់​ចម្លើយ​វិជ្ជមាន​របស់ លោក ស ខេង ធ្វើ​ឡើង​ភ្លាមៗ​ក្នុង​ថ្ងៃ​តែ​មួយ​ពោលគឺ​ថ្ងៃ​ទី​៥​មករា​បន្ទាប់​ពី​លោក កឹម សុខា បាន​សសេរ​លិខិត​ទៅ​កាន់​លោក ស ខេង ។ លោក កឹម សុខា បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​នោះ​ថា ចាប់​ពី​តាំង​ពី​សមាសភាព​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រនៃ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​កែ​សម្រួល​រួច​មក​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នៅ​មិន​ទាន់​មាន​ការ​ជួប​គ្នា​នៅ​ឡើយ។ ដូច្នេះ​តំណាង​រាស្ត្រនៃ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ​នៃ​គណបក្សទាំង​ពីរ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​សន្តិវិធី។

ដ្បិត​តែ​គណបក្ស​ទាំង​ពីរ​មិន​បាន​បង្ហាញ​ឲ្យ​ចំៗ​ថា​បញ្ហា​ដែល​នៅ​សេសសល់​នោះ​ជា​បញ្ហា​អ្វី​តែទំនង​ជា​ជជែក​ទៅ​លើ​លទ្ធភាព​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ដោះលែង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្សអាដហុក​បួន​រូប​និង​មន្រ្តី​អគ្គលេខាធិការរង​គជប ឬ ​តំណាងរាស្ត្រ និង​សកម្មជន របស់​បក្ស​សង្គ្រោះ​ជាតិ​ទាំង ១៥នាក់។ ហើយ​ទាក់​ទង​លទ្ធភាព​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ដោះ​លែង​​មន្ត្រីអង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បួន​រូប​និង​មន្រ្តី​អគ្គលេខាធិការ​រង​គជប កន្លង​មក​លោក ស ខេង ថាអាច​នឹង​មាន​ការ​ដោះ​លែង។

គេ​នៅ​ចាំ​បាន​ថា ក្រោយ​ជំនួប​បិទទ្វារ នៅ​រដ្ឋសភា រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០១៦​ហើយ​លោក កឹម សុខា ក៏ បានជួបលោក ស ខេង ក្នុងថ្ងៃដដែលនោះគឺ លោក ស៊ា​ង ចែត មេឃុំ​ស្រកមកពី​គណបក្ស​សម រង្ស៊ី នៃ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដែល​តុលាការ ផ្តន្ទាទោស ដាក់ពន្ធនាគារ​រយៈពេល ៥ឆ្នាំ ពីបទ​សូកប៉ាន់​សាក្សី ត្រូវបាន ព្រះមហាក្សត្រ ចេញ​ព្រះរាជ​ក្រឹត្យ​​លើកលែងទោស​តាម​សំណើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃដដែល និង​ដោះ​លែង​ចេញពី​ពន្ធនាគារ នៅ​ថ្ងៃ​បន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ