អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី មក​ដល់​មាតុប្រទេស​ជាមួយ​នឹង​ការ​ទទួល​ពី​មនុស្ស«​រាប់​សែន»​​នាក់

ទី​បំផុត​​ទៅ ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​​បាន​​មក​ដល់​ប្រទេស​កម្ពុជា​តាម​​ការ​​គ្រោង​ទុក​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ លោក​សម រង្ស៊ី​​ដែល​​ទើប​ទទួល​​បាន​​ព្រះ​រាជ​ទាន លើក​លែង​ទោស​​ពី​ព្រះ​មហាក្សត្រ ក្រោម​​​ការ​​​ស្នើ​​សុំ​ពី​​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នឹង​​ត្រូវ​​ប្រើ​​រយៈ​ពេល​១​សប្តាហ៍​​​ចុង​​ក្រោយ​ដើម្បី​​ជួយ​ឃោសនា​​រក​សំឡេង​ឆ្នោត​​អោយ​​គណបក្ស​​សង្គ្រោះ​ជាតិ​​របស់​លោក ដើម្បី​​ប្រកួត​​ប្រជែង​​ជាមួយ​​​គណបក្ស​​ប្រជាជន​​កម្ពុជា​​កាន់​អំណាច​​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន។ មនុស្សរាប់​សែន​នាក់​​បាន​​ទទួល​​ស្វាគមន៍​​លោក​​សម រង្ស៊ី​ និង​​បាន​ហែ​ហម​ អម​ដំណើរ​​លោក​សម រង្ស៊ី​ ដែល​​ឈរ​ទន្ទឹម​គ្នា​​នឹង​លោក​​កឹម សុខា ​នៅ​លើ​​រថយន្ត Pick up ដែល​​ដឹក​លោក​​ចេញ​ពី​​ព្រលាន​យន្ត​​ហោះ​​អន្តរជាតិ​​ភ្នំពេញ ឆ្ពោះ​​មក​​ទី​លាន​ប្រជាធិបតេយ្យ ក្រោយ​​ស្ថាន​ទូត​​សហរដ្ឋ​​អាមេរិក។

លោក​សម រង្ស៊ី និង​លោក​កឹម សុខា ក្នុង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​សម រង្ស៊ី ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣
លោក​សម រង្ស៊ី និង​លោក​កឹម សុខា ក្នុង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​សម រង្ស៊ី ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អម​ដោយ​អនុ​ប្រធាន​របស់​លោក គឺ​លោក
កឹម សុខា រួម​ទាំង​បេក្ខជន​តំណាង​រាស្រ្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប​ទៀត បាន​ដើរ​ចេញ​ពី​ព្រលាន​យន្ត​ហោះ អន្តរ​ជាតិ​ភ្នំពេញ កាល​ពី​ម៉ោង ៩​ព្រឹក​ជាង ក្រោម​សំឡេង
ជ័យ​ឃោស របស់​សកម្មជន​ដែល​ឈរ​ចាំ​ទទួល ត្រៀប​ត្រា​នៅ​ខាង​មុខ​ព្រលាន។

បែក​ចេញ​ពី​ស្រុក​អស់​រយៈ​ពេល ៤ឆ្នាំ ដោយ​សារ​មាន​រឿង​ចម្រូង​ចម្រាស​ព្រហ្មទណ្ឌ ហើយ
ដែល​ត្រូវ​បាន​ព្រះ​រាជ​ទាន​លើក​លែង​ទោស ដោយ​ព្រះ​មហាក្សត្រ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​សម រង្ស៊ី​ បង្ហាញ​ទឹក​មុខ​ស្រងូត​ស្រងាត់​មុន​នឹង​ថ្លែង​ដោយ​រំភើប​ទៅ​កាន់​អ្នក​គាំទ្រពីរ បី​ម៉ាត់​ថា លោក​រីករាយ​ដោយ​បាន​ត្រលប់​មក​ប្រទេស​វិញ​ និង​បាន​ជួប​អ្នក​គាំទ្រ នៅ​​ខាង​​មុខ​​ព្រលាន​យន្ត​​ហោះ ជា​​ទី​​ដែល​លោក​ឡើង​រថយន្ត​ហែ​ក្បួន​ចូល​មក​ទី​ក្រុង​ភ្នំពេញ។

វិថី​​ដ៏​​ធំ​​បំផុត​របស់​ប្រទេស ដែល​ធ្លាប់​តែ​ជា​ច្រក​ចេញ​ចូល​សំខាន់​សម្រាប់​ប្រតិភូ​ជាតិ និង​អន្តរជាតិ ពេល​នេះ​ត្រូវ​គ្រប​ដណ្តប់​ដោយ​សកម្មជន​និង អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​ម៉ឺន​នាក់។

នៅ​តាម​បណ្តាយ​មហា​វិថី​សហម្ព័ន្ធ​រុស្សី ក្រៅ​ពី​ក្បួន​ម៉ូតូ និង​រថយន្ត​របស់​អ្នក​គាំទ្រ​គណបក្ស
សង្រ្គោះ​ជាតិ ដែល​​បាន​​រាយ​​បណ្តាក់​​គ្នា​​ពី​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​រហូត​ដល់​ទី​លាន​ប្រជាធិបតេយ្យ គេ​ឃើញ​មាន​នៅ​តាម​កំណាត់​ផ្លូវ​តូច​ៗ​មួយ​ចំនួន ដែល​កាត់​ទទឹង​ផ្លូវ​ធំ
សកម្ម​ជន​​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​មេក្រូ​បំពង​សំឡេង​បែរ​ទៅ​រក​ក្បួន​ដង្ហែ គណបក្ស​​សង្គ្រោះ​ជាតិ ព្រម​ទាំង​មាន​ការ​ដង្ហែ​ក្បួន​ឃោសនា ដោយ​ប្រើ​ម៉ូតូ​កង់​បី រាប់​រយ​គ្រឿង ដែល​កង់​បី​ខ្លះ ពុំ​មាន​មនុស្ស​ជិះ ឬ​ក៏​មាន​មនុស្ស​ជិះ​ម្នាក់​ប៉ុណ្ណោះ បើក​បញ្ច្រាស់​ទិស​គ្នា​ជាមួយ​ក្បួន​គណបក្ស​សង្ក្រោះជាតិ ជា​ហេតុ​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍ នៅ​លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុស្សី​ជា​អន្លើៗ។

ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​មិន​ឃើញ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ណា​មួយ គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ ក្រៅ​ពី​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ដាក់​គ្នា រវាង​លេខ​៧ និង​លេខ​៤ និង​ពាក្យ​ថា «ដូរ និង​មិន​ដូរ»។

លោក គល់ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ខុមហ្រ្វែល បាន​ប្រាប់​វិទ្យុ​បារាំង RFI ឲ្យ​ដឹង​ថា ក្រៅ​ពី​ភាព​រអាក់​រអួល​ក្នុង​ការ​ផ្សាយ​ផ្ទាល់​ពី​សកម្មភាព​របស់​លោក សម រង្សី តាម​ប្រព័ន្ធ អ៊ិន​ទែ​ណែត លោក​នៅ​មិន​ទាន់​មាន​ការ​រាយការណ៍​ណា​មួយ ដែល​បង្ហាញ​ពី​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​ទេ គិត​មក​ត្រឹម​ម៉ោង ១២​ថ្ងៃ​ត្រង់​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ