អានតួអត្ថបទ
កម្ពុជា

លោក​សម រង្ស៊ី​ជួប​ជាមួយ​អ្នក​គាំទ្រនៅ​ទី​លាន​ប្រជាធិបតេយ្យ

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​បំផុត​ក៏​បាន​វិល​ត្រឡប់​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​សុក្រ ទី​១៩​កក្កដា​នេះ ដោយ​មាន​មនុស្ស​រាប់​សែន​នាក់ បាន​ទទួល​ស្វាគមន៍ និង​ក្រោយ​មក បាន​ហែ​ហម អម​ដំណើរ​លោក​សម រង្ស៊ី ពី​ព្រលាន​យន្ដ​ហោះ​អន្ដរជាតិ​ភ្នំពេញ ឆ្ពោះ​មក​កាន់​ទី​លាន​ប្រជាធិបតេយ្យ។ លោក​សម រង្ស៊ី អម​ដោយ​លោក​កឹម សុខា និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប​ទៀត បាន​មក​ដល់​ទី​លាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង​ប្រមាណ​២​រសៀល ក្រោម​ការ​សាទរ​យ៉ាង​ក្លៀវក្លា​ពី​សំណាក់​អ្នក​គាំទ្រ​ដ៏​ច្រើន​លើស​លុប។

លោក​សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣
លោក​សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ម៉ោង​២​រសៀល​ទៅ​ហើយ តែ​​មេឃ​ប្រែ​ជា​ស្រទុំ ត្រជាក់ ខុស​ពី​ទឹក​ចិត្ត​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពុះកញ្ជ្រោល​កាន់​តែ​ខ្លាំង​ពេលសមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ស្រី មួរ សុខហួរ ប្រកាស​អញ្ជើញ​​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា។ ជា​សុន្ទរកថា​ផ្លូវការ​ដំបូង​បង្អស់ ដែល​លោក​សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ក្រោយ​ពី​លោក​បាន​វិល​ត្រឡប់​ចូលស្រុក​​វិញ នៅ​ថ្ងៃ​សុក្រ ទី​១៩​កក្កដា ឆ្នាំ​២០១៣។

ចំនួន​អ្នក​គាំទ្រ​ដ៏​ច្រើន​លើស​លុប ដែល​បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បាន​ជួប​ជាមួយ​លោក​សម រង្ស៊ី​នោះ ត្រូវ​បាន​​លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិអះអាង​ថា មាន​ចំនួន​ជាង​១០​ម៉ឺន​នាក់។

ក្រោម​សំឡេង​ហ៊ោ​​កញ្ជៀវ​របស់​អ្នក​គាំទ្រ លោក​សម រង្ស៊ី ចាប់​ផ្ដើម​សុន្ទរកថា​របស់​ខ្លួន ដោយ​ថ្លែង​ពី​អារម្មណ៍ រំភើប​រីករាយ និង​ក្ដុកក្ដួល ដែល​បាន​ត្រឡប់​មក​ជាន់​ដី​កម្ពុជា​វិញ។ លោក​ សម រង្ស៊ី​ថ្លែង​ថា វា​​ជា​សុបិន​ក្លាយ​ជា​ការ​ពិត។

បន្ទាប់​ពី​នោះ លោក​ក៏​បាន​ឆ្លៀត​ឱកាស​នោះ ថ្លែង​អំណរគុណ​ដល់​ព្រះ​មហាក្សត្រ​ដែល​បាន​ព្រះ​រាជទាន​លើក​លែង​ទោស​ដល់​រូប​លោក។

ក្នុង​ពេល​ដែល​លោក​សម រង្ស៊ី ត្រូវ​ព្រះ​មហាក្សត្រ​ព្រះ​រាជ​ទាន លើក​លែង​ទោស លោក​លែង​មាន​ឈ្មោះ​ជា​ទណ្ឌិត ហើយ​លោក​បញ្ជាក់​ថា ពេល​នេះ លោក​មាន​សេរី​ភាព​ពេញ​លេញ​ហើយ។

លោក​សម រង្ស៊ី បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​បន្ថែម​ថា ការ​ត្រឡប់​មក​មាតុ​ប្រទេស​របស់​លោក មុន​ពេល​ការ​បោះ​ឆ្នោត​នេះ គឺ​លោក​ត្រឡប់​មក​រួម​ជាមួយ​គណបក្ស​របស់​លោក ដើម្បី​សង្គ្រោះ​ជាតិ។

ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ បាន​ថ្លែង​កោត​សរសើរ​ចំពោះ​សហការី​របស់​លោក សម្រាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀប​ចំ​ការ​ស្វាគមន៍​ដំណើរ​វិល​ត្រឡប់​របស់​លោក។ លោក​បន្ត​ថា បើ​គ្មាន គណបក្ស​សង្គ្រោះ​ជាតិ លោក​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ។ លោក​សម រង្ស៊ី សំដៅ​ជា​ពិសេស​ដល់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​លោក​បាន​អះ​អាង​ថា​ជា ដៃ​គូ​ស្លាប់​រស់​របស់​​លោក។

ក្រោយ​ពី​នោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ឲ្យ​អ្នក​គាំទ្រ ជ្រាប​ជា​ថ្មី​ម្ដង​ទៀត អំពី​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មុន​នឹង​បិទ​បញ្ចប់​សុន្ទរកថា របស់​លោក​នៅ​ម៉ោង​ជាង​៣​រសៀល។ ក្រោយ​ពី​នោះ គ្រាប់​ភ្លៀង​ធំ​ៗ​ជា​ច្រើន បាន​ធ្លាក់​ចុះ​មក​សស្រាក់ ហាក់​បណ្ដេញ​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បែក​ខ្ញែក​គ្នា ទៅ​សម្រាក​យក​កម្លាំង ឬ​ទទួល​ទាន​អាហារ។ អាហារ​ដែល​សកម្មជន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ មិន​ទាន់​បាន​ទទួល​ទាន​មួយ​គ្រាប់​សោះ តាំង​ពី​ហែ​លោក​សម រង្ស៊ី​ចេញ​ពី​ព្រលាន​យន្ដ​ហោះ​អន្ដរជាតិ​ភ្នំពេញ មក​ទល់​ម៉ោង​ជាង​៣​រសៀល៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ