អានតួអត្ថបទ
កម្ពុជា

រដ្ឋា​ភិ​បាល​កម្ពុជា​បញ្ជូន​ឯក​សារ​ស្តី​ពី​ការ​អំពាវ​នាវ​ធ្វើ​បាតុ​កម្ម​របស់​មេ​​បក្ស​​ប្រឆាំង​ទៅ​ស្ថាន​ទូត​ និង​ NGO ជាង​៥០​

ក្រ​សួង​​ម​ហា​ផ្ទៃ​​បាន​​ចង​ក្រង​​ឯក​សារ​​វី​ដេ​អូ​​ដែល​ទាក់​ទង​នឹង​​ការ​​ជួប​ជុំ​​របស់​មេ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ជា​មួយ​​សកម្ម​ជន​​របស់​​ខ្លួន​ក្នុង​ពេល​កន្លង​មក ហើយ​បាន​​ផ្ញើ​រទៅ​​ស្ថាន​ទូត​ និង​​អង្គ​ការ​​ក្រៅ​រដ្ឋា​ភិ​បាល​​ សរុប​ជាង​​ ៥០​​ស្ថាប័ន​​កាល​​ពី​​ពេល​ថ្មី​​ៗ​នេះ​។ មន្ត្រី​ជាន់​ខ្ពស់​​ក្រ​សួង​​មហា​​ផ្ទៃ​​​បាន​​​បញ្ជាក់​ថា រដ្ឋា​ភិ​បាល​​កម្ពុជា​​ចង់​​បង្ហាញ​​ថា ខ្លឹម​​សារ​​ខ្លះ​​នៃ​ការ​​ជួប​ជុំ​​របស់​​មេ​គណបក្ស​​​​ប្រឆាំង​ គឺ​​ការ​​​អំពាវ​​នាវ​​​ធ្វើ​​​បាតុ​​កម្ម​​ និង​​ផ្លាស់​ប្តូរ​​មេ​ដឹក​នាំ​នោះ ទៅ​​បណ្តា​​ប្រទេស​មិត្ត​​​​​អោយ​​​​បាន​​​​ឃើញ​​​​ច្បាស់​​។ លោក​​ សម រង្ស៊ី ​បញ្ជាក់​ថា គណបក្ស​​សង្គ្រោះ​ជាតិ​​នឹង​​ធ្វើ​​តែ​ស​កម្ម​​ភាព​​​អ​ហិង្សា​​។ 

@Siv Channa
ផ្សាយពាណិជ្ជកម្ម

 

យ៉ាង​ហោច​ណាស់​ស្ថាន​ទូត​ចំនួន​៤០ និង អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ ក្នុង​ស្រុក​ និង​អន្តរ​ជាតិ​ចំនួន​១២ បាន​ទទួល​ឯកសារ​វីដេអូ​ស្តីអំពី​ខ្លឹម​សារ​នៃ​សេចក្តី​ថ្លែងការណ៍​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​ជួប​ប្រជុំ​ជាមួយ​សកម្មជន​របស់​ខ្លួន​កន្លងមក​នោះ ពី​ក្រសួង​មហាផ្ទៃ។ ឯក​សារ​វីដេអូ​ដែល​ត្រូវ​បាន​បញ្ជូន​កាល​ពី​ចុង​សប្តាហ៍​មុនពី​ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ខ្លឹម​នៃ​ការ​ប្រកាស​អំពាវនាវ​របស់​មេដឹក​នាំ​គណបក្ស​
សង្គ្រោះ​ជាតិ​អោយ​ប្រជាជន​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត ហើយ​ក៏មាន​ការ​ប្រើប្រាស់ពាក្យពេចន៍​ដែលទាក់ទងនឹង​ការ​បះបោរ​ផ្តួល​រំលំ​មេដឹកនាំ​ផងដែរ។

លោក​ឧត្តម​សេនីយឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ពន្យល់ប្រាប់​វិទ្យុបារាំង​នៅ​ថ្ងៃនេះ​ថា គោល​បំណង​នៃ​ការ​ចងក្រង​ឯកសារ​ទាំងនេះ​ ហើយ​ផ្ញើទៅ​
បណ្តាល​ស្ថាន​ទូត និង​អង្គការ​ក្រៅរដ្ឋាភិបាល​ទាំងនោះ គឺទី១ ​រដ្ឋាភិបាល​កម្ពុជា​គ្រាន់តែចង់​ប្រាប់​ស្ថាន​ទូត និង​អង្គការ​សំខាន់ៗ​ទាំង​នោះ​ថា​ មេបក្ស​ប្រឆាំង​ពិតជា​បាន​និយាយ​បំផុស​​អោយ​មានការ​ផ្តួលរំលំ​របប​ដឹកនាំ​បច្ចុប្បន្ន​ និងទី២ គឺ​ដើម្បី​អោយ​មេបក្ស​ប្រឆាំង​បញ្ឈប់​ការ​ស្រែក​​អំពាវនាវ​បែប​នេះ​ ត​ទៅ​មុខ​ទៀត​។

ប្រតិកម្ម​ទៅនឹង​សកម្មភាព​របស់​ក្រសួង​មហាផ្ទៃ ​លោក​សម រង្ស៊ី ប្រធានគណបក្ស​
សង្គ្រោះ​​​ជាតិ​យល់​ថា នេះ​គឺជា​ការ​ព្យាយាមរបស់គណបក្ស​កាន់អំណាច​ដើម្បី​ដាក់
សំពាធ​​​​មក​លើ​រូបលោក។ ប៉ុន្តែ​ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ លោក ​សម​ រង្ស៊ី​បញ្ជាក់ថា គណបក្ស​​របស់​លោក​នឹង​ធ្វើអ្វីៗ​តាម​ផ្លូវ​សន្តិវិធី។ មេគណបក្ស​ប្រឆាំង​រូប​នេះ បាន​រម្លឹក​អំពី​សកម្មភាព​ទាមទារ​ឯករាជ្យ​ភាព​ប្រទេស​ឥណ្ឌា របស់​លោក​ ​ម៉ា​ហាត់​ត្មា​ ហ្កាន់​ធី ពី​ប្រទេស​អង់គ្លេស តាម​រយៈ​សកម្មភាព​អហិង្សា ដូច​ជាការ​មិន​ទៅបំពេញ​ការងារបម្រើ​រាជ​ការ​ ការ​សម្តែង​មតិ​មិន​ពេញ​ចិត្ត​នា​នា​ ការ​មិន​ចូលរួ​បង់​ពន្ធ​ជា​ដើម​។ ទាំង​អស់នេះ​ដែលលោក​សម រង្ស៊ី​បញ្ជាក់ថា វា​គឺជាការ​តវ៉ា​ដែលតាម​រយៈ​ការប្រើប្រាស់​សិទ្ធិ​របស់​ពលរដ្ឋ ដែល​មិន​មែន​ជា​ការ​ប្រើ​ហិង្សា។

ទោះ​យ៉ាង​ក៏​ដោយ​ ប្រធាន​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា ​វា​ក៏​នៅ មិនទាន់ដល់ពេល​ដែលធ្វើ​សេចក្តី​​សម្រេច​​ចិត្ត​ណា​មួយ​ថា​ត្រូវ​សកម្មភាព​ទាំង​នោះ​នៅ​ឡើយ​។

គួរ​រម្លឹកថា មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ដំណើរជួបជុំ​អ្នកគាំទ្រ​នៅ​តាម​បណ្តា​ខេត្ត និង​នៅ​ក្នុង​រាជធានីភ្នំពេញ​ជាលើកទី​២​នៅ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ ក្នុង​ខណៈ​ពេល​ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កំពុង​ដោះស្រាយ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្តឹង​អំពី​ភាព​មិន​ប្រ​ក្រ​តី​ជា​ច្រើន​ ហើយ​ដែល​គណបក្ស​ប្រឆាំង​​បាន​ប្រកាស​ថា ​ខ្លួន​ជា​អ្នក​ឈ្នះ​ឆ្នោត​នោះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ