អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន៖ វប្បធម៌​សន្ទនា​ជា​មូលដ្ឋាន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី

ថ្ងៃ​ទី​២១​កញ្ញា​នេះ គឺ​ជា​ទិវា​សន្តិភាព​អន្ដរជាតិ​លើក​ទី​១៣​។ នៅ​ក្នុង​សារ​លិខិត​អបអរ​ទិវា​សន្តិភាព​អន្ដរជាតិ​នេះ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​អួត​ពី​ស្នាដៃ​កសាង​សន្តិភាព​របស់​រដ្ឋាភិបាល​លោក​​សម្រាប់​ប្រទេស​កម្ពុជា និង​ការ​រួម​ចំណែក​ការពារ និង​ថែ​រក្សា​សន្តិភាព​នៅ​លើ​សាកល​លោក​ផង​ដែរ​។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី បាន​អំពាវ​នាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ បន្ត​អនុវត្ត​វប្បធម៌​សន្ទនា​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។ ព្រោះ​បើ​តាម​លោក​នាយក​រដ្ឋ​មន្ដ្រី វប្បធម៌​សន្ទនា ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ដោះ​ស្រាយ​បញ្ហា​ជាតិ​និង​សង្គម ដោយ​សន្តិវិធី​។

លោក​​ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
លោក​​ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន ចាប់​ផ្ដើម​សារ​លិខិត​អបអរ​ទិវា​សន្តិភាព​អន្ដរជាតិ​លើក​ទី​១៣ ដោយ​លើក​ឡើង​ពី​តម្លៃ​នៃ​សន្តិភាព​សម្រាប់​ប្រជាជន​កម្ពុជា​។ បើ​តាម​លោក​នាយក​រដ្ឋ​មន្ដ្រី សន្តិភាព ជា​បំណង​ប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​ទាំង​អស់​នៅ​ក្នុង​សកល​លោក ជា​ពិសេស​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ឆ្លង​កាត់​សង្គ្រាម​យ៉ាង​វេទនា​ខ្លោចផ្សារ​អស់​ជិត​៣​ទស្សវត្សរ៍​។ ការ​ឈឺ​ចាប់ ការ​រង​ទុក្ខ​វេទនា និង​ភាព​ខ្លោច​ផ្សារ​ទាំង​នេះ នៅ​តែ​ដិត​ក្នុង​អារម្មណ៍​របស់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប ដែល​នាំ​ឲ្យ​យល់​ច្បាស់​ណាស់​ពី​តម្លៃ​នៃ​សន្តិភាព​។ នេះ​បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។

នៅ​ក្នុង​សារ​លិខិត​អបអរ​ទិវា​សន្តិភាព​អន្ដរជាតិ​នេះ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​អួត​ពី​ស្នាដៃ​កសាង​សន្តិភាព​របស់​រដ្ឋាភិបាល​លោក​​សម្រាប់​ប្រទេស​ កម្ពុជា និង​ការ​រួម​ចំណែក​ការពារ និង​ថែ​រក្សា​សន្តិភាព​នៅ​លើ​សាកល​លោក​ផង​ដែរ​។ លោក​ថា សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ជិត​បី​ទស្សវត្សរ៍​នៅ​កម្ពុជា ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​នៅ​ឆ្នាំ​១៩៩៨ តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ​ នាំ​មក​វិញ​នូវ​សន្តិភាព ការ​ឯកភាព​ជាតិ ព្រម​ទាំង​ការ​រីក​ចម្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​
​សង្គម។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​បាន​អះអាង​ទៀត​ថា ការ​លើក​ស្ទួយ​នីតិរដ្ឋ ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​ការពារ​សិទ្ធិ​មនុស្ស ក៏​កំពុង​មាន​ដំណើរការ​ល្អ​នៅ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ និង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​ ដើម្បី​ធានា​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។ ជាមួយ​គ្នា​នេះ បើ​តាម​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី រដ្ឋាភិបាល​ក៏​មាន​ការ​ប្ដេជ្ញា​ខ្ពស់​ផង​ដែរ ក្នុង​ការ​វាយ​បំបាក់ និង​ទប់​ស្កាត់​រាល់​សកម្មភាព​និង​ល្បិច​កល​ក្រោម​ផ្លាក លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស បំរើ​ផល​ប្រយោជន៍​នយោបាយ​បុគ្គល ឬ​ក្រុម​មនុស្ស​មួយ​ក្ដាប់​តូច​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​អំពាវ​នាវដល់​​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ទាំង​អង្គការ​អន្ដរជាតិ និង​សង្គម​ស៊ីវិល​ទាំង​អស់​នៅ​កម្ពុជា ឲ្យ​បន្ត​អនុវត្ត ថែ​បំប៉ន និង​ពង្រឹង​​វប្បធម៌​សន្ទនា​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។ ព្រោះ​បើ​តាម​លោក​នាយក​រដ្ឋ​មន្ដ្រី វប្បធម៌​សន្ទនា ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ដោះ​ស្រាយ​ដោយ​សន្តិវិធី​នូវ​បញ្ហា​ជាតិ​ និង​សង្គម ដោយ​ភាព​ស្មោះ​ត្រង់ ជាមួយ​នឹង​ការ​គោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅមក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ