អានតួអត្ថបទ
កម្ពុជា

ក្រសួងមហាផ្ទៃ​៖ រហូត​មក​ទល់​ពេលនេះ​មាន​ជន​ភៀស​ខ្លួន​អូស្ត្រាលី​តែ​ម្នាក់​គត់​យល់​ព្រមមកកម្ពុជា​

ជា​ថ្មី​ម្ដង​ទៀត សារព័ត៌មាន The Guardian នៅ​អូស្ត្រាលី បាន​រាយការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ទី​២៧​នេះ​ថា ជន​ភៀស​ខ្លួន​យ៉ាង​ហោច​ណាស់​៤​នាក់​ហើយ ដែល​បាន​យល់​ព្រម​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​។ ភ្លាម​ៗ​បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​នេះ ក្រសួង​មហាផ្ទៃ​បាន​ចេញ​មុខ​មក​បញ្ជាក់​ជា​ថ្មី​ថា រហូត​មក​ទល់ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ មាន​ជន​ភៀស​​ខ្លួននៅ​​អូស្ត្រាលី​តែ​ម្នាក់​គត់ ដែល​យល់​ព្រម​មករស់​នៅ​ប្រទេស​​កម្ពុជា​​។ ហើយ​ជន​ភៀស​ខ្លួន​ដែល​ស្ម័គ្រ​ចិត្ត​មក​កម្ពុជា​នោះ​ទៀត​សោត ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​កម្ពុជា​ ជា​មុន​សិន មុន​នឹង​ចាក​ចេញ​ពី​អូស្ត្រាលី មក​តាំង​ទី​លំនៅ​ថ្មី​នៅ​កម្ពុជា​។

បាតុកម្ម​ប្រឆាំង​នឹង​ការ​ចុះកិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​ពី​អូស្រ្តាលី​មក​កម្ពុជា
បាតុកម្ម​ប្រឆាំង​នឹង​ការ​ចុះកិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​ពី​អូស្រ្តាលី​មក​កម្ពុជា REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

យោង​តាម​កាសែត The Guardian ជន​ភៀស​ខ្លួន​៤​នាក់ ដែល​ស្ម័គ្រ​ចិត្ត​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​កម្ពុជា​នោះ រួម​មាន បុរស​ជនជាតិ​ភូមា​រ៉ូហ៊ីងយ៉ា​ម្នាក់ បុរស​ជន​ជាតិ​អ៊ីរ៉ង់​ម្នាក់ និង​​គូ​ស្វាមី​ភរិយា​មួយ​គូ​​។

ក្រៅ​ពី​បាន​រាយការណ៍​ថា ចំនួន​ជន​ភៀស​ខ្លួន​នៅ​អូស្ត្រាលី​ដែល​យល់​ព្រម​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​កម្ពុជា កើន​ឡើង​ដល់​៤​នាក់​ហើយ​នោះ សារព័ត៌មាន The Guardian នៅ​អូស្ត្រាលី ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ជន​ភៀស​ខ្លួន​៣​នាក់​ក្នុង​ចំណោម​នោះ កំពុង​ស្ថិត​នៅ​ក្នុង​មជ្ឈមណ្ឌល​មួយ រង់​ចាំ​ថ្ងៃ​ធ្វើ​ដំណើរ​មក​កម្ពុជា​។ យ៉ាង​ណា​ក៏​ដោយ បើ​តាម​កាសែត The Guardian កាល​បរិច្ឆេទ​នៃ​ការ​ចាក​ចេញ​ពី​អូស្ត្រាលី​មក​កាន់​កម្ពុជា នៅ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​។

ភ្លាម​ៗ​បន្ទាប់​ពី​ការ​ចុះ​ផ្សាយដូច្នេះ ក្រសួង​មហាផ្ទៃ​កម្ពុជា​ តាម​រយៈ​លោក​ខៀវ សុភ័គ​ ​ដែល​ជា​អ្នក​នាំ​ពាក្យ បាន​​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ​​​ថា មាន​ជន​ភៀស​​ខ្លួននៅ​​អូស្ត្រាលី​តែ​ម្នាក់​គត់ ដែល​យល់​ព្រម​មករស់​នៅ​ប្រទេស​​កម្ពុជា គិត​ត្រឹម​ចុង​សប្ដាហ៍​កន្លង​ទៅនេះ​​​។ បើ​តាម​លោក ខៀវ សុភ័គ ជន​ភៀស​ខ្លួន​នៅ​អូស្ត្រាលី ដែល​ស្ម័គ្រ​ចិត្ត​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​កម្ពុជា ត្រូវ​ធ្វើ​ការ​ចុះ​ឈ្មោះ​ជា​លាយលក្ខណ៍​អក្សរ​ជា​មុន​សិន​។ ក្រោយ​មក ក្រុម​ការងារ​ដែល​សម្រួប​សម្រួល​លើ​បញ្ហា​នេះ នឹង​នាំ​យក​បញ្ជី​ឈ្មោះ​ផ្លូវ​ការ​ មក​សុំ​សេចក្ដី​សម្រេច​ពីក្រសួង​មហាផ្ទៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​មុន​សិន មុន​នឹង​ចាត់​ចែត​នាំ​យក​ជន​ភៀស​ខ្លួន​ដែល​ស្ម័គ្រ​ចិត្ត​ផ្លាស់​ទី​លំនៅ​ទាំង​អស់ មក​កាន់​កម្ពុជា​​​។

សូម​រំលឹក​ថា កិច្ច​ព្រម​ព្រៀង​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​មក​កម្ពុជា បាន​ទទួល​រង​នូវ​ការ​តវ៉ា​ជំទាស់​យ៉ាង​ខ្លាំង​ពី​សំណាក់​សង្គម​ស៊ីវិល មន្ដ្រី​គណបក្ស​ប្រឆាំង និង​សាធារណជន​​។ ការ​តវ៉ា​ជំទាស់​ធ្វើ​ឡើង​ដោយ​លើក​ហេតុផល​ថា ស្ថានភាព​របស់​កម្ពុជា​នៅពេលនេះ មិនទាន់​អាច​ទទួលយក​ជនភៀសខ្លួន​​​បាននៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​អះអាងថា ការទទួល​ជនភៀសខ្លួន​ទាំងនោះ ធ្វើ​ឡើង​ដោយ​ផ្អែកទៅលើ​គោលការណ៍​ស្ម័គ្រចិត្ត​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ