អានតួអត្ថបទ
កម្ពុជា

​លោក សម រង្ស៊ី ​និង​លោកកឹម សុខា ​ជួបទូត​បរទេស ​បន្ទាប់ពី​មក​ដល់​ប្រទេស​កម្ពុជា​យប់​មិញ​

​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​​សង្រ្គោះ​ជាតិ ​​និង​​លោក កឹម សុខា ​មាន​សកម្មភាព​មមា​ញឹក​ខ្លាំង ​បន្ទាប់​ពី​បាន​វិល​ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​យប់​ថ្ងៃទី​៣​វិច្ឆិកា​។​ នៅ​ថ្ងៃ​ទី៤​វិច្ឆិកា​នេះ ​ចាប់​តាំង​ពី​ព្រឹក​មក ​ប្រមុខ​បក្ស​ប្រឆាំង​ បាន​ស្វែង​រក​ជំនួប​ជាមួយ​តំណាង​ស្ថានទូត​បរទេស​នានា​ប្រចាំ​នៅ​កម្ពុជា​ មុន​ពេល​ថ្នាក់​ដឹកនាំ​ទាំងពីរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​​ជា​ថ្មី​នៅ​យប់ថ្ងៃ​ទី៥​វិច្ឆិកា​។​ ហើយ​នៅ​មុន​នេះ ​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​ បាន​ទៅ​ជួប​ជា​មួយ​នឹង​​ស្ថាន​ទូត​អាមេរិក​។​

លោក ​សម រង្ស៊ី ​និង​លោក កឹម សុខា ​ពេល​វិល​ត្រលប់​មក​ពី​ក្រៅ​ប្រទេស​កាល​ពី​យប់​ថ្ងៃទី​៣​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​។ ​
លោក ​សម រង្ស៊ី ​និង​លោក កឹម សុខា ​ពេល​វិល​ត្រលប់​មក​ពី​ក្រៅ​ប្រទេស​កាល​ពី​យប់​ថ្ងៃទី​៣​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​។ ​ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

​គឺមួយ​ថ្ងៃ​ក្រោយ​ពី​ការ​វិល​ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ ​កាល​ពី​យប់​ថ្ងៃទី​៣​វិច្ឆិការ​ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​ស្វែង​រក​ជំនួប​ជាមួយ​នឹង​មន្រ្តី​ស្ថានទូត​បរទេស​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ​ក្នុង​នោះ​រួម​មាន ​ឯកអគ្គរាជទូត​ជប៉ុន, ​ចក្រភព​អង់គ្លេស,​ ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក ​និង​តំណាង​ស្ថាន​ទូត​សហភាព​អ៊ឺរ៉ុប​ជាដើម។​ ប្រធាន​បទ​នៃ​ជំនួប​ខាង​លើ ​គឺ ​លើក​ឡើង​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ពិសេស​ក្រោយ​ការ​បោះឆ្នោត​ទំលាក់​លោក ​កឹម សុខា ​ពី​អនុប្រធាន​ទី១​នៃ​រដ្ឋសភា ​និង​សកម្មភាព​ហិង្សា​វាយ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​កន្លង​ទៅ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក យ៉ែម បុញ្ញឬទ្ធិ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ​។

​បើតាម​ប្រភព​ដដែល ​បាន​ឲ្យ​ដឹង​ថា ​នៅ​ពេល​ព្រឹក​ថ្ងៃទី​៤​វិច្ឆិកា​នេះ ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ ​ក៏​បាន​ជួប​ប្រជុំ​ជាមួយ​មន្រ្តី​គណបក្ស​នៅ​ឯ​ទីស្នាក់​ការ​គណបក្ស​ផងដែរ។ ​ជំនួប ​ដែល​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​សម្រេច​ចិត្ត​ ជុំវិញ​គោល​ជំហរ​របស់​គណបក្ស ​នៅ​ក្រោយ​បាតុកម្ម​ទំលាក់​លោក​ កឹម សុខា ​ចេញ​ពី​តំណែង​អនុប្រធាន​ទី១​នៃរដ្ឋសភា ​និង​ការ​វាយ​តំណាង​​រាស្រ្ត​បក្ស​ប្រឆាំង​ឲ្យ​រង​របួស​ពីរនាក់​ កាល​ពី​ថ្ងៃទី​២៦​តុលា។​

គួរកត់​សំគាល់​ថា ​លោក សម រង្ស៊ី ​និង​លោក កឹម សុខា ​ទើបតែ​បាន​វិល​ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​យប់​ថ្ងៃទី​៣​វិច្ឆិកា​ បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១២​តុលា​កន្លង​ទៅ​នេះ​។​ ហើយ​បើ​គ្មាន​ការ​ប្រែប្រួល​ទេ​នោះ ​លោក សម រង្ស៊ី ​និង​លោក កឹម ​សុខា ​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ជា​ថ្មី ​នៅ​យប់​ថ្ងៃទី​៥​វិច្ឆកា ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់ ​ប្រទេស​ម៉ុងហ្គោលី ​ប្រទេស​ជប៉ុន ​និង​ប្រទេស​កូរ៉េខាងត្បូង​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ យ៉ែម បុញ្ញឬទ្ធិ​៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ