អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​កម្ពុជា​ប្រកាស​ជោគជ័យ​ លើ​ការ​ការ​ពារ​សន្តិសុខ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំទូក​

បុណ្យអុំទូក​រយៈពេល​បី​ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្តាល​ឲ្យ​មនុស្ស១៤នាក់​ស្លាប់ និង​៩៩​នាក់​​រងរបួសខណៈដែល​បទល្មើស​ទូទៅ​បាន​ថយចុះបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៤។ ចំពោះ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​វិញ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​វាយតម្លៃថា បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពជោគជ័យ​បំផុត។

រដ្ឋាភិបាលកម្ពុជា​បាន​ដាក់​ពង្រាយ​កង​​កម្លាំង​ប្រដាប់​អាវុធ ជាង​១ម៉ឺន​នាក់​​នៅក្នុង​ព្រះ​រាជពិធី ​បុណ្យអុំទូក ​បណ្តែត​ប្រទីប​ និង​អកអំបុក​ សំពះ​ព្រះ​ខែ​នៅ​ភ្នំពេញ ​ចាប់​ពី​ថ្ងៃទី ​13​-​14​-​15​ ឆ្នាំ​2016​។​
រដ្ឋាភិបាលកម្ពុជា​បាន​ដាក់​ពង្រាយ​កង​​កម្លាំង​ប្រដាប់​អាវុធ ជាង​១ម៉ឺន​នាក់​​នៅក្នុង​ព្រះ​រាជពិធី ​បុណ្យអុំទូក ​បណ្តែត​ប្រទីប​ និង​អកអំបុក​ សំពះ​ព្រះ​ខែ​នៅ​ភ្នំពេញ ​ចាប់​ពី​ថ្ងៃទី ​13​-​14​-​15​ ឆ្នាំ​2016​។​ @polic
ផ្សាយពាណិជ្ជកម្ម

ដោយបាន​ប្រៀបធៀប​ទៅនឹង​ពិធីបុណ្យ​អុំទូក​ចុងក្រោយ​របស់​កម្ពុជា​កាល​ពី​ឆ្នាំ២០១៤ អាជ្ញាធរ​​កម្ពុជា​នៅថ្ងៃនេះ​បាន​វាយតម្លៃថា ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​ប្រកប​ដោយ​​ជោគជ័យ​ដ៏​ធំធេង​បំផុត និង​ទទួលបាន​ការចូលរួម​ពី​មហាជន​ខ្មែរ​ជាច្រើន។ នៅក្នុង​សន្និសីទកាសែត​នៅថ្ងៃនេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​មានប្រសាសន៍ថា អ្វីៗទាំងអស់​បាន​ប្រព្រឹត្ត​ទៅក្នុង​លក្ខណៈ​ល្អប្រសើរ ប្រកបដោយ​កិត្តិយស និង​សេចក្តីថ្លៃថ្នូ សម្រាប់​ជាតិ​ទាំងមូល។ ព្រោះថា ក្នុង​រយៈពេល​បី​ថ្ងៃនេះ សភាព​ការ​ណ៏​សន្តិសុខ​ទូទៅ​មាន​ភាពល្អប្រសើរ ពោលគឺ​ពុំមាន​​អ្វី​ធំដុំ​កើតឡើង ដែលជា​ការគំរាមកំហែង​ដល់​ពិធីបុណ្យ ឬ អាយុជីវិត​របស់​ប្រជាពលរដ្ឋ​​អ្នកចូលរួម​នោះទេ។

ផ្អែក​តាម​របាយការណ៍​នេះ បទល្មើស​នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល៣ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក ចាប់ពី​ថ្ងៃទី១៣ដល់​ថ្ងៃទី១៥វិច្ឆិកា​ឆ្នាំ២០១៦នេះ បាន​កើតឡើង​ចំនួន២៨​លើក​ក្នុង​នោះ​​បទឧក្រិដ្ឋ​មាន​ចំនួន៧ករណី និង​បាន​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន៤០នាក់។ ដោយឡែក​សម្រាប់ តែ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល៣ថ្ងៃនេះ ករណី​ខ្វេះ​ហោប៉ៅ​បានកើត​ឡើង​ចំនួន​១៨​លើក ក្នុងនោះ​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស១៦នាក់, ករណី​ខ្យល់គរ ថប់ដង្ហើម​ចំនួន​១៤​ករណី​, ​ករណី​កីឡាករ​ធ្លាក់ទឹក​ចំនួន១៨នាក់​, ​លិច​ទូក​ចំនួន៤គ្រឿង​ និង​ករណី​ក្មេង​វ​ង្វែ​ង​បាត់​​ឳ​ពុក​ម្តាយ​ចំនួន៥៧ករណី។ ដោយឡែក​លើ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល៣ថ្ងៃនេះ​វិញមាន​ចំនួន៣៤លើក បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន១៤នាក់​ស្លាប់​និង៩៩នាក់​រងរបួស។

គួរ​ជំរាបជូន​ថា នៅក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល៣ថ្ងៃនេះ​នៅ​ភ្នំពេញ អាជ្ញាធរ​កម្ពុជា​បាន​ដាក់​​ពង្រាយ​កងកម្លាំង​គ្រប់​ប្រភេទ​ជាង១ម៉ឺន​នាក់ ព្រោះថា បញ្ហា​សន្តិសុខ​គឺជា​អាទិភាព​របស់​​អាជ្ញា​ធរ​កម្ពុជា ក្រោយពី​ព្រឹត្តិការណ៍​រត់​ជាន់គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ​ជាង៣០០នាក់​កាល​ពី​​ឆ្នាំ២០១០ និង​រលក​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ក្រោយ​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៣​។ ទោះជា​យ៉ាងនេះ​ក្តី អាជ្ញាធរ​កម្ពុជា​បានបង្ហាញ​ការសោកស្តាយ​ផងដែរ​ចំពោះ​ឧបទ្ទវហេតុ​ស្លាប់​មនុស្ស៤នាក់ ដោយសារតែ​លិច​ទូក​ទេសចរណ៍​នៅ​ខេត្តកំពត នឹង​បាន​ចាត់​ទុក​ករណីនេះ​ថា ជា​បទពិសោធន៍​ថ្មី​របស់ខ្លួន។

សូមបញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា​ប្រារព្ធ​ឡើងវិញ បន្ទាប់ពី​ខកខាន​ចំនួន៤លើក​ក្រោម​ហេតុផលផ្សេងៗគ្នា។ នៅ​ឆ្នាំនេះ មាន​ទូក​ចំនួន២៥៧ចូលរួម ហើយ​ក្នុងនោះ​ទូក​ដែលមាន​ឈ្មោះថា “សារាយ​តេ​ជោ​សែន​ជ័យ” មកពី​ខេត្តកំពង់ស្ពឺ ត្រូវបាន​វាយតម្លៃថា ជា​ទូក​ដែលមាន​ល្បឿន​លឿន​ជាង​គេ​​ប្រចាំ​ឆ្នាំនេះ។ ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំនេះ បាន​បិទ​បញ្ចប់ទៅ ជាមួយនឹង​ការរិះគន់​ពី​ការ​គ្រប់គ្រង​សម្រាម​មិនបាន​ល្អ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ