អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សំណុំ​រឿង​លោក​កឹម សុខា​៖មេធាវី​ចង់​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ មុន​គិត​រឿង​ស្នើ​ទៅ​ព្យាបាល​នៅ​ក្រៅ​ស្រុក​

លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ ត្រូវ​បាន​ប្តូរ​មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​លោក​វិញ​ជាង​១ខែ​មក​ហើយ គិត​មក​ដល់​ពេល​នេះ​ដោយសារ​តែ​បញ្ហា​សុខភាព​។ យ៉ាងណា​ក៏​ដោយ នៅ​ពេល​នេះ លោក​កឹម សុខា មិន​ទាន់​មាន​គម្រោង​ស្នើ​សុំ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​ឡើយ​។ ចំណែក​មេធាវី​វិញ​អះអាង​ថា ចង់​ស្វែង​រក​ការ​ទម្លាក់​បទ​ចោទ​លើ​លោក​កឹម សុខា សិន មុន​នឹង​គិត​រឿង​ស្នើ​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​។ 

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ @facebook
ផ្សាយពាណិជ្ជកម្ម

មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា គឺ​លោក​ផែង ហេង បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ថា លោក កឹម សុខា មិន​បាន​លើក​ឡើង​ពី​បញ្ហា​ចង់​ស្នើ​សុំ​ទៅ​ព្យាបាល​បញ្ហា​ដុះ​ឆ្អឹង​គៀប​សរសៃ​ស្មា​របស់​លោក​នៅ​ក្រៅ​ប្រទេស​នោះ​ទេ បើ​ទោះបី​ជំងឺ​នេះ​ត្រូវ​ការ​ការព្យាបាល​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​ក្រៅ​ប្រទេស​ក៏​ដោយ​។ តាម​លោក​មេធាវី លោក កឹម សុខា មិន​អាច​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ឡើយ ដោយសារ​តែ​លិខិត​ឆ្លង​ដែន​របស់​លោក ត្រូវ​បាន​តុលាការ​ដក​ហូត ហើយ​បើ​ចង់​ទៅ​គឺ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​តុលាការ​ជាមុន​សិន ដែល​ការ​ស្នើ​សុំ​នេះ លោក​មេធាវី ផែង ហេង ហាក់​មិន​សង្ឃឹម​សោះ​ឡើយ​។

បញ្ហា​ដុះ​ឆ្អឹង​គៀប​សរសៃ​ស្មា​ជា​ជំងឺ​ប្រចាំ​កាយ​មួយ​របស់​លោក​កឹម សុខា ហើយ​ក្រៅ​ពី​នេះ លោក​ក៏​មាន​ជំងឺ​សម្ពាធ​ឈាម និង​ខ្វះ​ជាតិ​ស្ករ​ផង​ទៀត​។ ប៉ុន្តែ​បញ្ហា​នេះ លោក​កឹម សុខា បាន​ហៅ​គ្រូពេទ្យ ដែល​លោក​ស្គាល់​ឲ្យ​មក​ពិនិត្យ​ជូន​លោក​ជា​ប្រចាំ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​មេធាវី ផែង ហេង​។ សម្រាប់​លោក​ផែង ហេង ជំងឺ​លោក​កឹម សុខា គឺ​ជា​បញ្ហា​មួយ​ដែល​ត្រូវ​ដោះ​ស្រាយ​ហើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​លោក​ចង់​ស្វែង​រក​ដំណោះ​ស្រាយ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​មក​លើ​លោក​កឹម សុខា​។ ធ្វើ​ដូច្នេះ គឺ​លោក​កឹម សុខា ចង់​ធ្វើ​អ្វី ឬ​ចេញ​ទៅ​ណា​ក៏​បាន​ដែរ​។

លោក កឹម សុខា ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ទេរ​ពី​ការ​ឃុំ​ខ្លួន​នៅពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុងខេត្តត្បូង​ឃ្មុំ មក​ដាក់​ឲ្យនៅ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​រាជធានីភ្នំពេញវិញ ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការកាលពីពាក់​កណ្តាល​ខែកញ្ញាកន្លងទៅ។ ការ​ផ្ទេរ​កន្លែង​ឃុំ​ខ្លួន​លោក កឹម សុខានេះ គឺ​តុលាការ​ផ្អែក​លើ​បញ្ហាសុខភាព​ បន្ទាប់ពីលោក កឹម សុខា បាន​ជាប់​ឃុំ​នៅពន្ធ​នាគារ​ជាង​១ឆ្នាំ​មក​ហើយ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​។

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដាក់​កង​កម្លាំង​ប្រមាណ​៥៥៦​នាក់ ដើម្បី​ការពារ​នៅ​ជុំវិញ​ផ្ទះ​លោក​កឹម សុខា​។ ការ​ដាក់​កង​កម្លាំង​ច្រើន​បែប​នេះ គឺ​ដើម្បី​ឃ្លាំ​មើល​ពី​សញ្ញា​នៃ​ការ​ចង់​ធ្វើ​ការ​តវ៉ា​នានា និង​ធានា​ថា លោក​កឹម សុខា មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​។ លោកស ថេត ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា កង​កម្លាំង​ទាំង​នេះ​នឹង​ធានា​សុវត្ថិភាព​លោក​កឹម សុខា រហូត​ដល់​មាន​ការ​សម្រេច​ជា​ថ្មី​របស់​តុលាការ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ