អានតួអត្ថបទ
កម្ពុជា

ព្រះមហាក្ស​ត្រ​ត្រាស់​​បង្គាប់​ក្រសួង​វប្បធម៌​គ្រប់​គ្រង​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បាន​ចេញព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ឲ្យ​ក្រសួងវប្បធម៌ និ​ងវិចិត្រសិល្បៈ ជាអ្នក​គ្រប់គ្រងលើ​អាជ្ញាធរជាតិសំបូរព្រៃគុក។ អាជ្ញាធរជាតិសំបូរព្រៃគុក ឬ អាជ្ញាធរជាតិ​ដើម្បីការពារ និង​អភិវឌ្ឍរមណីយដ្ឋាន​វប្បធម៌ប្រាសាទសំបូរព្រៃគុក ដែល​ត្រូវបាន​ព្រះមហាក្សត្រ​​ បង្កើតឡើង ដើម្បី​ថែរក្សា និង​ទប់ស្តាប់បទល្មើសព្រៃឈើ ក្នុង​តំបន់រមណីយដ្ឋាន​បុរាណនេះ។

មូល​និធិ​កេរ​ដំណែល​ខ្មែរ​ជំរុញ​ពលរដ្ឋ​ខ្មែរ​ឲ្យ​ស្គាល់​និង​ថែរក្សា​ប្រាសាទ​សំបូរ​ព្រៃ​គុក​តាម​រយៈ​ភាព​យន្ត​
មូល​និធិ​កេរ​ដំណែល​ខ្មែរ​ជំរុញ​ពលរដ្ឋ​ខ្មែរ​ឲ្យ​ស្គាល់​និង​ថែរក្សា​ប្រាសាទ​សំបូរ​ព្រៃ​គុក​តាម​រយៈ​ភាព​យន្ត​ RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុងព្រះរាជក្រឹត្យ​ ចុះថ្ងៃទី ៣១សីហា ឆ្នាំ ២០១៥ ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រ​កម្ពុជា​ ទ្រង់បាន​ត្រាស់បង្គាប់ឲ្យ​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ គ្រប់គ្រងលើ​អាជ្ញាធរ​សំបូរ​ព្រៃគុក។ អាជ្ញាធរសំបូរព្រៃគុក ដែល​មាន​បេសកកម្ម​អភិរក្ស និង​អភិវឌ្ឍតំបន់រមណីយដ្ឋាន​ប្រសាទសំបូរព្រៃគុក​។

តាម​មាត្រា ៣នៃព្រះរាជក្រឹត្យ​ តម្រូវឲ្យ​អាជ្ញាធរនេះ ត្រូវ​ការពារ ថែរក្សា អភិរក្ស និង​លើក​តំលៃឧទ្យាន​បុរាណវិទ្យានេះ។ ត្រូវគិតគូរ និង​អនុវត្ត​ឱ្យបាន​សម្រេចនូវផែន​ការ​សកម្មភាព និងកម្មវីធីរៀបចំ​អភិវឌ្ឍ​ទេសចរណ៍​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក។​ ហើយ​​ត្រូវ​​គ្រប់​គ្រង ​និង​ចាត់ចែង​ការ​ប្រើប្រាស់​ដី​ធ្លី ​ក្នុង​​តំបន់​រមណីយដ្ឋាន​​នេះ។ ក្នុង​នោះ ក៏​​​ត្រូវ​​ទប់​​ស្កាត់​​​បទល្មើស​ព្រៃឈើ ​និង​​អំពើ​អនាធិបតេយ្យ​​នៅ​ក្នុង​​តំបន់​រមណីយដ្ឋាន​នេះ​ឲ្យ​​​ខាន​​តែ​​បាន​ផង​ដែរ។

លើសពី​នេះ ​អាជ្ញាធរ​​សំបូរ​ព្រៃគុក ក៏​តម្រូវ​ឲ្យ​​រួម​​ចំនែក​​កាត់​បន្ថយ​​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល ​និង​​ត្រូវ​សហការ​ជាមួយ​​ក្រុម​​ប្រឹក្សា​​អភិវឌ្ឈន៍​កម្ពុជា​ ដើម្បី​ផ្តល់​​ការអនុញ្ញាត​ឲ្យ​វិនិយោគ​នូវ​គម្រោង​​ទាំងឡាយ​ផងដែរ។

ក្នុងនោះតាម​មាត្រា ៤ ក៏តម្រូវឲ្យ​បង្កើតនូវក្រុម​ប្រឹក្សា​ភិបាលមួយ ដោយ​មាន​សមាសភាព ក្រសួងពាក់ព័ន្ធនានា ដែល​មាន​ភារកិច្ច​ដឹកនាំអាជ្ញាធរ​សំបូរព្រៃគុក និង​មាន​សិទ្ធិអនុម័តលើ​ការតម្រង់ទិសរាល់សកម្មភាព​របស់អាជ្ញាធរសំបូរព្រៃគុក។ ​ប្រធានអាជ្ញាធរ ក៏អាច​ចុះ​ហត្ថលេខា​លើកិច្ចព្រម​ព្រៀង​ ពិធីសារ ឬកិច្ចសន្យាអន្តរជាតិទាំងឡាយ។ ជារួម គឺអាជ្ញាធរ​សំបូរព្រៃគុក មាន​សិទ្ធិផ្តាច់មុខ ក្នុងការ​ចេញលិខិត​អនុញ្ញាតសាងសង់ សម្រាប់​ការ​ស្ថាបនា​ទាំងឡាយ​ នៅ​​តំបន់រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក។

ក្រៅតែពីការ​អភិរក្សហើយ អាជ្ញាធរសំបូរព្រៃគុក ក៏តម្រូវឲ្យ​បង្កើតគណនីពិសេសមួយ មាន​ឈ្មោះថា «មូលនិធិបុរាណវិទ្យាប្រាសាទសំបូរព្រៃគុក» ដើម្បីប្រមូល​ និងទទួល​យក​មូលនិធិ​ ព្រម​ទាំងវិភាគទាន​ ពី​សហគមន៍ជាតិ និងអន្តរជាតិ ដើម្បីប្រយោជន៍ក្នុងកម្មវិធីទ្រទ្រង់​ប្រាសាទ​សំបូរព្រៃគុក​ផងដែរ។

សូមបញ្ជាក់ថា រមណីយដ្ឋាន​ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដែល​មាន​ចម្ងាយ​ប្រមាណ​ ៤០គីឡូម៉ែត្រ​ពីទីរួមខេត្ត​កំពង់ធំ។ ប្រាសាទនេះ ត្រូវ​បាន​កសាងឡើង នៅពាក់កណ្តាលសតវត្សរ៍​ទី៧ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា។ ហើយ​ប្រាសាទនេះ​ មានរចនាបថសំបូរព្រៃគុក ដែល​ជា​រចនាបថ​ស្ថាបត្យ​កម្មដំបូងបំផុត ដែលមាន​លក្ខណៈ​ជាខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ