អានតួអត្ថបទ
កម្ពុជា

មន្ត្រី​សុខាភិបាល​នឹង​ចុះ​ទៅតាម​ពន្ធនាគារ​ផ្តល់​ការបណ្ដុះបណ្ដាល និង​ថ្នាំ​ព្យាបាល​ដល់​អ្នក​ជាប់ឃុំ

ឆ្លើយ​តប​នឹង​សំណើ​របស់​ក្រសួង​មហាផ្ទៃ លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា មន្រ្តី​សុខាភិបាល​នឹង​ចុះ​ទៅ​តាម​ពន្ធនាគារ​ដើម្បី​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​ពន្ធនាគារ​ពី​របៀប​ព្យាបាល​និង​ផ្ដល់​ថ្នាំ​ព្យាបាល​ដល់​ជន​ជាប់​ឃុំ​ដែល​មាន​ផ្ទុកសារ​ជាតិ​ញៀន។ សូម​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​ កាល​ពី​ថ្ងៃ​ទី០៩​មីនា បាន​សុំ​កិច្ច​សហការ​ពី​ក្រសួង​សុខាភិបាល​ ដើម្បី​សម្រួល​ដល់​ការ​ព្យាបាល​ជន​ជាប់​ឃុំ​ដែល​មាន​ផ្ទុក​សារ​ជាតិ​ញៀន​ នៅ​តាម​ពន្ធនាគារ​រាជ​ធានី ខេត្ត និង មណ្ឌល​អប់រំ​កែ​ប្រែ​ទាំងបួន ។ ក្រសួង​មហា​ផ្ទៃ​យល់​ថា ក្រសួងសុខាភិបាល​មាន​នាយកដ្ឋាន​ជំនាញ​និងសម្ភារៈ​បច្ចេក​ទេស​បន្សាប​សារជាតិ​ញៀន។

លោក ម៉ម ប៊ុនហេង ក្នុងឱកាសពិធីបើកសន្និបាតសុខាភិបាល លើកទី ៣៧
លោក ម៉ម ប៊ុនហេង ក្នុងឱកាសពិធីបើកសន្និបាតសុខាភិបាល លើកទី ៣៧
ផ្សាយពាណិជ្ជកម្ម

លោក ម៉ម ប៊ុនហេង បាន​ស្វាគម​រីករាយ​នឹង​ធ្វើកិច្ច​ការ​បណ្ដុះ​បណ្ដាល​ និង​ផ្ដល់​ថ្នាំ​ព្យា​បាល​ដល់​អ្នក​ជាប់​ឃុំ ជាមួយ​ក្រសួង​មហា​ផ្ទៃ ដែល​ជា​ការងារ​មួយ​សម្រាប់​លោក​រដ្ឋ​មន្ត្រី​ចាត់​ទុក​ថា​ គឺជា​ការ​ជួយ​គ្នា ព្រោះថា ការ​ព្យាបាល​អ្នក​ជំងឺ​នៅ​តាម​ពន្ធនាគារ​ជា​ផ្នែក​មួយ​ដែល​ក្រសួង​​សុខាភិបាល​ធ្លាប់​ធ្វើ​ច្រើន​ដង​រួច​មក​ហើយ។

ដំណើរ​ចុះ​ទៅ​កាន់​ពន្ធនាគារ​នឹង​ធ្វើ​ឡើង​ តាមរយៈ​ការ​ចុះ​ទៅ​ដោយ​ផ្ទាល់​របស់ មន្ត្រី​មន្ទីរ​សុខាភិបាល​នៅ​គ្រប់​បណ្ដា​ខេត្ត​ដែល​មាន​ស្រាប់។ ជំហាន​ដំបូង​មន្ត្រី​ក្រសួង​សុខាភិបាល​នឹង​ផ្ដល់​ការបណ្ដុះ​បណ្ដាល​​បន្ថែម​ដល់​មន្ត្រី​ពន្ធនាគារ​ ផ្ដល់​គ្រឿង​បរិក្ខារ និង ថ្នាំសង្កូវ ជា​ដើម។ លោក ម៉ម ប៊ុនហេង ទទួល​ស្គាល់​ថា ការ​ព្យាបាល​ជន​ជាប់​ឃុំ​ដែល​មាន​ផ្ទុក​សារជាតិ​ញៀន​ជា​បញ្ហា​មួយដែល​គេ​ត្រូវ​រួម​គ្នា​ដោះស្រាយ ​និង​បង្ការ​កុំ​ឲ្យ​មាន​ការ​រាល​ដាល​ទៅ​ដល់​អ្នកដទៃ​ទៀត។

ក្រសួង​មហាផ្ទៃ​ក៏​បាន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​ នៅ​តាម​ពន្ធនាគារ​រាជធានី/ខេត្ត​ និង​មណ្ឌល​អប់រំ​កែប្រែ​ មាន​បាតុភាព​លួច​ប្រើប្រាស់​គ្រឿងញៀន​ ក្នុង​ចំណោម​អ្នកទោស​គួរ​ឲ្យ​កត់​សម្គាល់​។​ ជាក់​ស្ដែង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៥​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បានបង្ហាញ​​ឲ្យ​ដឹង​ថា ចំនួន​ជន​ជាប់​ឃុំ​ដែល​មាន​ផ្ទុក​សារ​ជាតិ​ញៀន មាន​ចំនួន​ដល់​ទៅ​៥,៦៥០នាក់ប្រហាក់​ប្រហែល​ទៅ​នឹង​មួយ​ភា​គបី នៃ​ចំនួន​ជន​ជាប់​ឃុំ​សរុប​នៅ​ទូទាំង​ប្រទេស។

ទន្ទឹម​នឹង​នេះ​ ដោយ​មើល​ឃើញ​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​គ្រប់​គ្រង​ជន​ជាប់​ឃុំ​ប្រកប​ដោយ​សន្តិសុខ សុវត្ថិភាព និង មនុស្សធម៌ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ឲ្យ​មាន​ការ​ផ្ដល់​សេវាព្យាបាល​ជន​ជាប់​ឃុំ ដែល​មាន​សារធាតុញៀន​នៅ​ក្នុង​ខ្លួន ដែល​តម្រូវ​ឲ្យ​មាន​កិច្ច​សហការណ៍​ពីសំណាក់​ក្រសួង អង្គភាព និង អាជ្ញាធរ​មូល​ដ្ឋាន​ពាក់ព័ន្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ