អានតួអត្ថបទ
កម្ពុជា

ដល់​​វេន​​ចៅ​ហ្វាយ​ក្រុង​​ឡើង​​ជ្រ​ញ់​​នៅ​មុខ​​គណៈកម្មការ​​ទី​១​នៃ​​រដ្ឋសភា​​ម្តង​

បន្ទាប់ពី​រដ្ឋមន្ត្រី​រដ្ឋា​ភិ​បាល​ជាច្រើនរូប​ត្រូវបាន​គណៈកម្មការ​ដឹក​នាំ​ដោយ​គណបក្សប្រឆាំង​កោះ​ហៅចូល​បំភ្លឺ​ជា​បន្តបន្ទាប់​នោះ នៅពេលនេះ​ដល់​វេន​ចៅហ្វាយក្រុង​ម្តង។ នោះ​គឺ​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចូលទៅ​បំភ្លឺ​រឿង​ជម្លោះដីធ្លី​នៅមុខ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ដែលជា​គណៈកម្មការ​ទីមួយ​នៃ​រដ្ឋសភា។

លោក​ប៉ា សុជាតិវង្ស ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​មុខ​គណៈកម្មការ​ទីមួយ​នៃ​រដ្ឋសភា​
លោក​ប៉ា សុជាតិវង្ស ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​មុខ​គណៈកម្មការ​ទីមួយ​នៃ​រដ្ឋសភា​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

រឿង​ជម្លោះដីធ្លី​រ៉ាំ​រៃ​នៅ​តំបន់​បឹងកក់ បុរី​កីឡា និង​ថ្មគោល​ជាដើម គឺជា​ប្រធានបទ​ដែល​លោក​អភិបាល​រាជធានី​ភ្នំពេញ​ត្រូវ​ចូល​ឆ្លើយបំភ្លឺ​នៅ​ពីមុខ​គណៈកម្មការ​ទីមួយ​នៃ​រដ្ឋសភា។ នៅក្នុង​ជំនួប​សួរ​ឆ្លើយ​រយៈពេល​បី​ម៉ោង​នេះ ដំណោះស្រាយ​ជាក់ស្តែង​ណាមួយ​មិនត្រូវ​បាន​រកឃើញ​នោះឡើយ។

លោក​អេង ឆៃ​អៀង ប្រធាន​គណៈកម្មការ​ទីមួយ​នៃ​រដ្ឋសភា​បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា​ក្រោយ​ជំនួប​នេះ គណៈកម្មការ​ទីមួយ​របស់លោក​ទទួល​បាន​ព័ត៌មាន​ជាច្រើន​ពីសកម្មភាព​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​ក្នុងការ​ស្វែងរក​ដំណោះ​ដីធ្លី​ទាំងនេះ។ ជាមួយគ្នានោះ ប្រធាន​គណៈកម្មការ​ទីមួយ​រដ្ឋសភា​បាន​សំណូមពរ​ដល់​លោក​អភិបាល​រាជធានី​ភ្នំពេញ​បី​ចំណុច​ក្នុងការ​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ប្រជាពលរដ្ឋ។ ទីមួយ ស្នើ​ឲ្យ​ដោះស្រាយ​ដោយ​ការជជែក​គ្នា​កុំ​ប្រើប្រាស់​វិធានការ​រដ្ឋបាល ទី​ពីរ​ស្នើ​ព​ន្លឿ​ន​ស្វែងរក​ដំណោះស្រាយ និង​ទី​បី​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ពិនិត្យ​លទ្ធភាព​ជួយ​ឲ្យ​អ្នក​ជាប់​កំពុង​ឃុំ​មាន​សេរីភាព​ឡើងវិញ។

ជាការ​ឆ្លើយតប លោកប៉ា សុជាតិ​វង្ស បាន​លើកឡើងថា សាលា​រាជធានី​ភ្នំពេញ​បាន​ដោះស្រាយ និង​កំពុងធ្វើការ​ដោះស្រាយ​បញ្ហាដីធ្លី​ទាំងអស់​នេះហើយ។ បើតាម​លោក​អភិបាលក្រុង​ភ្នំពេញ ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់ និង​បុរី​កីឡា​នៅ​សេសសល់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។ ដោយឡែក ចំពោះ​រឿង​អ្នក​កំពុង​ជាប់ឃុំ​វិញ​នោះ លោកប៉ា សុជាតិ​វង្ស បាន​អះអាងថា ​នោះ​គឺជា​ការអនុវត្ត​ច្បាប់​របស់​តុលាការ។

គួរ​បញ្ជាក់ថា នៅពេល​លោក​អភិបាល​រាជធានី​ភ្នំពេញ​កំពុង​ឆ្លើយបំភ្លឺ​នៅក្នុង​រដ្ឋសភា​នោះ នៅ​ក្រៅរបង​រដ្ឋសភា​ឯណោះ​វិញ អ្នកភូមិ​បឹងកក់ អតីត​បឹងកក់ និង បុរី​កីឡា​ជាច្រើន​នាក់​បានមក​ប្រមូលផ្តុំ​គ្នា​តវ៉ា​សុំ​ជួប​លោកប៉ា សុជាតិ​វង្ស ដើម្បីស្នើ​ឲ្យ​លោក​ព​ន្លឿ​ន​ការដោះស្រាយ​ឲ្យ​ពួកគេ និង ដោះលែង​អ្នក​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស។ ក៏ប៉ុន្តែ​លោកប៉ា សុជាតិ​វង្ស​បាន​បដិសេធ​​ជួប​អ្នក​តវ៉ា​ទាំងនោះ។ យ៉ាងណាក៏ដោយ លោក​អេង ឆៃ​អៀង បាន​ជួប​ជាមួយ​អ្នក​តវ៉ា​ទាំងនោះ ដោយបាន​រៀបរាប់​ប្រាប់​ពួកគេ​អំពី​លទ្ធផល​នៃ​ជំនួប​ជាមួយ​លោក​អភិបាលក្រុង​ភ្នំពេញ​នៅថ្ងៃនេះ។ លោក​អេង ឆៃ​អៀង​បាន​បញ្ជាក់ថា គណៈកម្មការ​ទីមួយ​នៃ​រដ្ឋសភា​នឹង​បន្ត​តាមដាន​សកម្មភាព​ដោះស្រាយ​របស់​សាលា​រាជធានី​ភ្នំពេញ​ជាមួយ​ប្រជាពលរដ្ឋ ដោយ​មិន​ទុក​រឿង​នេះចោល​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ