អានតួអត្ថបទ
កម្ពុជា

តុលាការ​កោះ​ហៅ​ប្រមុខ​បក្ស​ប្រឆាំង​ចូល​បំភ្លឺ​លើ​បណ្តឹង​ថ្មី តែ​លោក​សម រង្ស៊ី​ថា “អត់​ខ្វល់​"

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​តែ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​ព្រះរាជ​អាជ្ញារង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​អញ្ជើញ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ពាក់​ព័ន្ធ​បណ្តឹង​របស់​លោក សោម សឿន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី ពី​បទ​ផ្សាយ​ព័ត៌មាន​នៅ​លើ​ទំព័រ​ហ្វេសបុក។ យ៉ាង​ណា​ក៏​ដោយ លោក​សម រង្ស៊ី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ពី​ក្រៅ​ប្រទេស​ថា លោក​មិន​ខ្វល់​នឹង​បណ្តឹង​ថ្មី​នេះ​នោះ​ឡើយ។

លោក​សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក​សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ដីកា​កោះ​មួយ​របស់​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ចុះ​ថ្ងៃ​ទី​១០ មីនា និង​ទើប​បាន​មក​ដល់​ដៃ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ មីនា ម្សិលមិញ​នេះ ព្រះរាជអាជ្ញារង​នៃ​តុលាការ​ក្រុង​ភ្នំពេញ​លោក​សៀង សុខ បាន​តម្រូវ​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​មក​កាន់​តុលាការ​នៅ​វេលា​ម៉ោង ៩​ព្រឹក នា​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៦​ខាង​មុខ។ ការ​កោះ​ហៅ​នេះ គឺ​ដើម្បី​មក​បំភ្លឺ​ជុំវិញ​បណ្តឹង​របស់​លោក សោម សឿន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី មក​លើ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។ ក្រៅ​ពី​កោះ​ហៅ​លោក​សម រង្ស៊ី លោក​ព្រះ​រាជ​អាជ្ញារង​ក៏​បាន​កោះ​ហៅ​លោក​សោម សឿន ដែល​ជា​ដើម​បណ្តឹង​ចូល​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៣ មីនា សប្តាហ៍​ក្រោយ​នេះ​ដែរ។

សូម​បញ្ជាក់​ថា លោក​សោម សឿន បាន​ប្តឹង​លោក​សម រង្ស៊ី ទៅ​កាន់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​៩ មីនា​កន្លង​ទៅ​បាន​បង្ហោះ​អត្ថបទ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​ស្តី​អំពី​ចំនួន​អ្នក​ចុច (Like) ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ នៅ​ក្នុង​ពាក្យ​បណ្តឹង លោក​សោម សឿន​បាន​បញ្ជាក់​ថា អ្វី​ដែល​លោក​សម រង្ស៊ី​បង្ហោះ​នោះ គឺ​មាន​ខ្លឹម​សារ​មួល​បង្កាច់ ខុស​ពី​ការ​ពិត។ ហើយ​ការ​បង្ហោះ​នោះ​ទៀត​សោត គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​យ៉ាង​ធ្ងន់​ធ្ងរ។ ដូច្នេះ លោក​បាន​ប្តឹង​ទាមទារ​ឲ្យ​ផ្តន្ទាទោស​ដល់​លោក សម រង្ស៊ី​ទៅ​តាម​ផ្លូវ​ច្បាប់ និង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួ​ន២០​លាន​រៀល។

មែន​ទែន​ទៅ សម្រាប់​ប្រមុខ​គណបក្ស​ប្រឆាំង​កម្ពុជា ទាំង​បណ្តឹង និង​ដីកា​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ​មិន​មែន​ជា​រឿង​ថ្មី​អ្វី​នោះ​ទេ។ មិនមែន​ជា​រឿង​ថ្មី​ ក៏​ព្រោះ​ថា​ ដីកា​របៀប​នេះ លោក​សម រង្ស៊ី ធ្លាប់​ទទួល​បាន​ចំនួន​ពីរ​ដង​រួច​មក​ហើយ​ពី​តុលាការ​ក្រុង​ភ្នំពេញ។ គឺ​ទីមួយ ដីកោះ​ហៅ​លោក​ឲ្យ​ចូល​មក​បំភ្លឺ​លើ​បណ្តឹង​បរិហារកេរិ៍្ត​លើ​លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា​ខ្មែរ និង​ទីពីរ តុលាការ​បាន​កោះ​ហៅ​លោក​មក​បំភ្លឺ​ពី​រឿង​សម​គំនិត​ជាមួយ​លោក​ហុង សុខហួរ​នៅ​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា​ និង​វៀតណាម។ នេះ​មិន​គិត​ទាំង​ដីកា​ដែល​តុលាការ​បាន​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​សម រង្ស៊ី មក​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ​តាម​បណ្តឹង​របស់​លោក​ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា​ផង។

ចំពោះ​បណ្តឹង និង​ដីកា​កោះ​ហៅ​ថ្មី​នេះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ថ្លែង​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ពី​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ទី​១៦ មីនា ថា​លោក​អត់​ខ្វល់​ទាល់​តែ​សោះ​ចំពោះ​រឿង​នេះ។ បើ​តាម​លោក​សម រង្ស៊ី កុំ​ថា​ឡើយ​នៅ​ពេល​នេះ មាន​បណ្តឹង​៤​មក​លើ​រូប​លោក ​ក៏​ប៉ុន្តែ​បើ​ទោះ​បី​ជា​មាន​បណ្តឹង​ដល់​ទៅ​១០០​ក៏​ដោយ ក៏​លោក​អត់​ខ្វល់​នោះ​ដែរ។ អត់​ខ្វល់ ដោយសារ​តែប្រ​មុខ​គណបក្ស​ប្រឆាំង​កម្ពុជា​ បាន​ចាត់​បណ្តឹង​ទាំង​នេះ ថា​ជា​រឿង​លេង​សើច​របស់​តុលាការ​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ