សព លោក កែម ឡី នឹងលើកដាក់មឈូសកញ្ចក់នៅរសៀលនេះខណៈពលរដ្ឋស្នើឲ្យតំកល់សពទុកដល់មួយឆ្នាំ
រហូតមកដល់ពេលនេះសព លោក កែម ឡី នៅមិនទាន់លើកដាក់មឈូសនៅឡើយទេ ដោយក្រុមគ្រួសារ ពលរដ្ឋ និងព្រះសង្ឃ បញ្ជាក់ថា សព លោក កែម ឡី នឹងលើកដាក់មឈូសនៅរសៀលនេះ។ សពលោក កែម ឡី នឹងដាក់នៅក្នុងមឈូសកញ្ចក់ក្រោមការរៀបចំរបស់អង្គការសង្គមស៊ីវិល និងពលរដ្ឋទូទៅ។ នៅព្រឹកមិញនេះ ទីតាំងតំកល់សព លោក កែម ឡី ក៏ត្រូវបានរៀបចំរួចរាល់ហើយ ជាមួយនឹងការតែងលម្អផ្កាផ្ញីនានា។ ព្រះសង្ឃ និងអាចារ្យវត្តអះអាងថា សពលោក កែម ឡី នឹងដង្ហែទៅដាក់ទីតាំងថ្មីនាពេលរសៀលនេះ។ សូមបញ្ជាក់ថា សាកសពត្រូវរក្សាតម្កល់ទុករយៈពេល១០ថ្ងៃ នៅក្នុងវត្តពោធិយ៉ារាម ឬវត្តចាស់ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃទី១ នៃពិធីបុណ្យសពលោក កែម ឡី បានផ្ដើមពោល គឺតាំងពីព្រឹករហូតមកដល់ពេលនេះមនុស្សក្មេងចាស់ ប្រុសស្រី យ៉ាងច្រើនកុះកររាប់ទាំង សិស្ស និស្សិត មន្ត្រីអង្គការសង្គមស៊ីវិលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាច្រើននាក់ គណបក្សនយោបាយ និងសហជីពជាដើមបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោក កែម ឡី ជាមួយនឹងការដង្ហែកម្រង់ផ្កាអមជាមួយរូបថត លោក កែម ឡី លាយឡំទឹកមុខសោកសង្រេង។
ខណៈពលរដ្ឋសម្រុកទៅគោរពវិញ្ញាណក្ខន្ធ លោក កែម ឡី យ៉ាងច្រើនកុះករ ដូច្នេះគេនៅមិនទាន់ឃើញមានកម្លាំងសមត្ថកិច្ច ឬអាជ្ញាធរចេញមុខជួយសម្របសម្រួលនោះទេ។ ក្រុមព្រះសង្ឃមានសង្ឃដីកាថា ប្រជាពលរដ្ឋអាចថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពខ្លួនឯង។ ប៉ុន្តែបើកិច្ចសហការពីអាជ្ញាធរខណ្ឌទៀតកាន់តែប្រសើរ។
ក្រុមគ្រួសារនៃសពមិនទាន់អាចបញ្ជាក់បានទេថា សពលោក កែម ឡី ត្រូវបញ្ចុះ និងបូជានោះទេលុះត្រាតែពិធីតម្កល់ទុក១០ថ្ងៃត្រូវបានបញ្ចប់។ សម្រាប់ពលរដ្ឋ ដែលឡើងមកគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ពួកគាត់បានផ្ដើមប្រមូលការគាំទ្រពីអ្នកចូលរួមបុណ្យសព ដើម្បីតម្កល់សព លោក កែម ឡី ទុករហូតដល់មួយឆ្នាំនៅក្នុងវត្តពោធិយ៉ារាម ឬវត្តចាស់នេះ។ មូលហេតុដោយសារតែពួកគាត់ចាត់ទុក លោក កែម ឡី ជាវិរៈបុរសផ្ដល់គំនិតដល់ជាតិ ដែលបានប្រៀបបាននឹងកញ្ចក់ឆ្លុះបញ្ចាំងសង្គម។
ក្រុមប្រជាពលរដ្ឋ ដែលសូមមិនបញ្ចេញឈ្មោះ អះអាងថា ប្រសិនបើមានការឯកភាពពីក្រុមគ្រួសារសព និងចៅអធិការវត្តពួកគាត់នឹងចេញការចំណាយផ្ទាល់ខ្លួន ដើម្បីចេញថ្លៃចាក់ថ្នាំថែរក្សាសាកសព លោក កែម ឡី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ