អានតួអត្ថបទ
កម្ពុជា-កូរ៉េ

កម្ពុជា​ និង​កូរ៉េ ​ចុះ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​លើ​ការងារ​៥វិស័យ​ផ្សេង​គ្នា

ថ្ងៃអាទិត្យ​នេះ​ ជា​ថ្ងៃទី២​នៃ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កម្ពុជា ​នៅ​រដ្ឋធានី​សេអ៊ូល​របស់​កូរ៉េ​ខាងត្បូង។ ​កាលពី​ថ្ងៃ​សៅរ៍ ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ចំនួន​៥ឯកសារ​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ នៅ​ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង។ ​លោក ហ៊ុន សែន ​និង​អ្នកស្រី ​ប៉ាក់ ​គឿនហេ ​ដែល​យល់​ស្របគ្នា​បង្កើន​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​ឈាន​ដល់​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ ​បាន​ជជែក​គ្នា​អំពី​បញ្ហា​ជាច្រើន​ទៀត។

នាយករដ្ឋមន្រ្តី ហ៊ុន​សែន​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហេ នៅថ្ងៃ​សៅរ៍ ទី ១៣​ធ្នូ ក្នុង​ទីក្រុង​សេអ៊ូល
នាយករដ្ឋមន្រ្តី ហ៊ុន​សែន​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហេ នៅថ្ងៃ​សៅរ៍ ទី ១៣​ធ្នូ ក្នុង​ទីក្រុង​សេអ៊ូល ©REUTERS/Lee Jin-man/Pool
ផ្សាយពាណិជ្ជកម្ម

 

កិច្ចព្រមព្រៀង​ទាំង​៥​ឯកសារ​នោះ​រួមមាន​៖​ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដើម្បី​លើក​ទឹក​ចិត្ត​ធុរជន​វ័យក្មេង​កម្ពុជា​សាធារណរដ្ឋ​កូរ៉េ​ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការ​ថែទាំ​សុខភាព​ និង​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​កម្មសិទ្ធិ​បញ្ញា​ និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​រៀប​ចំ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​តម្លៃ​រាយ​ក្នុងប្រទេស​កម្ពុជា។ ​ នាយក​រដ្ឋមន្ត្រី​ខ្មែរ​ និង​ធានា​ធិបតី​កូរ៉េ ​បាន​ធ្វើ​ជា​សក្សី​រួមគ្នា ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទាំង​នេះ ​កាល​ពី​ថ្ងៃ​សៅរ៍។ ​នេះ​បើ​យោង​តាម​អ្នក​រាយការណ៍​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា។

ជំនួប​កំពូល​របស់​លោក​ ហ៊ុន សែន​ និង​អ្នកស្រី ​ប៉ាក់ ​គឿនហេ ​នៅ​រដ្ឋធានី​សេអ៊ូល​ ទី​ដែល​គណៈប្រតិភូ​កម្ពុជា​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈ​ពេល​២ថ្ងៃ ​ផ្តោត​លើ​បញ្ហា​មួយ​ចំនួន​ទៀត។ ​នេះ​បើ​យោង​តាម​ប្រភព​ដដែល​ ដែល​បញ្ជាក់​ថា ​ក្នុង​ក្របខណ្ឌ​នៃ​ទំនាក់ទំនង​ទ្វេរ​ភាគី​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ប្រធានាធិបតី​កូរ៉េ​ បាន​យល់​ស្របគ្នា​បង្កើន​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំងពីរ ​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ លោក ហ៊ុន សែន​ នៅ​ឆ្នាំ​១៩៩៧ ​ឱ្យ​ដល់​កម្រិត​ទំនាក់​ទំនង​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​តែម្តង។ទន្ទឹម​នឹង​នេះ​ដែរ​ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ព្រមព្រៀងគ្នា​បង្កើត​អនុព័ន្ធយោធា​នៅ​ប្រទេស​នីមួយៗ​ និង​ចង​សម្ព័ន្ធ​មេត្រី​ភាព​រវាង​ខេត្ត​ និង​ខេត្ត ​ក្រុង​និង​ក្រុង​នៃ​ប្រទេស​ទាំងពីរ​ផងដែរ។ បើតាម​អ្នក​រាយការណ៍​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ភាគី​ទាំង​ពីរ​បាន​ជម្រុញ​ឱ្យ​ពាណិជ្ជកម្ម​កម្ពុជា​កូរ៉េ​ ឈាន​ដល់​ចំណុច​កំពូល​ថ្មី ត្បិត​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មាន​តម្លៃ​ត្រឹមតែ​៧៥០លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ២០១៣។

ក្នុង​ក្របខណ្ឌ​នៃ​កិច្ចពិភាក្សា​កំពូល​អំពី​បញ្ហា​តំបន់​ និង​បញ្ហា​អន្តរជាតិ​ កម្ពុជា​នឹង​ធ្វើ​ជា​ប្រទេស​សម្របសម្រួល​រវាង​អាស៊ាន​និង​សាធារណរដ្ឋ​កូរ៉េ​ ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៧។ ​នេះ​បើតាម​ការ​ឱ្យ​ដឹង​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា​ ដែល​បញ្ជាក់​បន្ថែមថា​ កម្ពុជា​នឹងធ្វើ​ឱ្យចេញ​ជា​រូបរាង​នូវ​វេទិកា​ធុរកិច្ច​មេគង្គ​សាធារណរដ្ឋ​កូរ៉េ ​នៅ​ឆ្នាំ​២០១៥។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ ទៅ​កាន់​សាធារណៈ​រដ្ឋ​កូរ៉េ ​តាំង​ពី​ថ្ងៃទី​១០​ ខែ​ធ្នូ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រម្លឹក​ខួប​អនុស្សាវរីយ៍​២៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូ​អាស៊ាន ​សាធារណៈ​រដ្ឋ​កូរ៉េ​នៅ​ទីក្រុង​ប៊ូសាន​ផង​នោះ​ គ្រោង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ចន្ទ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ