អានតួអត្ថបទ
កម្ពុជា

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​មេឃុំ​គណបក្ស​ សម​ រង្ស៊ី​

មេឃុំ​​ដែល​មាន​​កូ​ត្តា​​មក​ពី​​គណបក្ស ​​សម រង្ស៊ី ​ត្រូវ​បាន​​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ ​ដឹក​នាំ​​ដោយ​​លោក​ ឱម យ៉ិនទៀង ​ចាប់​ខ្លួន​​នៅ​​ព្រឹក​​ថ្ងៃទី២៤ ​ខែមេសា។​ ការ​ចាប់​ខ្លួន​​នេះ​ ធ្វើ​ឡើង​​ដើម្បី​​សាក​សួរ​​ពាក់​ព័ន្ធ​​នឹង​​លុយ៥០០ដុល្លារ​​អាមេរិក ​ដែល​​ឈ្មោះ ​ខុម ​ចាន់​​តារា​​ទី​​ឆ្លើយ​​ដាក់។​ នេះ​​បើ​តាម​​តំណាង​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ​ លោក ​អេង ​ឆៃ​​អ៊ាង​។​

លោក ស៊ាង ចែត មេឃុំស្រករបស់គណបក្ស សម រង្ស៊ី។
លោក ស៊ាង ចែត មេឃុំស្រករបស់គណបក្ស សម រង្ស៊ី។ @ស៊ាង ចែត
ផ្សាយពាណិជ្ជកម្ម

លោក ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្រូវបាន​ចាប់ខ្លួន​នៅវេលា​ម៉ោង ១០ និង៣០នាទី​ព្រឹក យកមក​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ត។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក របស់លោក​អេង ឆៃ​អ៊ាង​នៅ​ព្រឹក​នេះ។ ការចាប់ខ្លួន​មេឃុំ​គណបក្ស​សម រង្ស៊ី​នេះ បានធ្វើ​ឡើង​នៅ​សាលាស្រុក​កំពង់សៀម។

 
ក្រោយពី​ការចាប់ខ្លួន​មេឃុំ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចាប់ខ្លួន លោក ស៊ា​ង ចែត។ តាម​សេចក្តីថ្លែងការណ៍ ដដែល​បាន​ឲ្យ​ដឹងថា​ការចាប់ខ្លួន​មេឃុំ​ស្រក ដោយ​គ្រាន់តែ​សំអាង​លើ​ការឆ្លើយ​ដាក់​ពី​ឈ្មោះ ខុម ចាន់​តារា​នេះ គឺជា​ទង្វើ​ខុសច្បាប់ ដែលមាន​ច​រិ​ត​ដូច​កាល​របប​ខ្មែរក្រហម។

សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី២២ ខែមេសា កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ តាមរយៈ​លិខិត​ចំហ៤ទំព័រ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក បាន​ឲ្យ​ដឹងថា មេឃុំ​ស្រក ឈ្មោះ​ស៊ា​ង ចែត បាន​បង្គាប់​ឲ្យ​ឪពុកម្តាយ​របស់​នាង​ណែនាំ​ដល់​នាង​មិន​ឲ្យ​និយាយ​ប៉ះពាល់​ដល់​លោក​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដោយ​យកលុយ​ចំនួន៥០០ដុល្លារ​អាមេរិក​ឲ្យ​ម្តាយ​របស់​ស្រីមុំ។

គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ជា​ធរមាន ជៀសវាង​ការចាប់​ពលរដ្ឋ​ស្លូតត្រង់ ដោយ​គ្រាន់តែ​សំអាង​លើ​ការឆ្លើយ​ដាក់​ពី​បុគ្គល​ណាមួយ​នោះ។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក ស៊ា​ង ចែត ជាបន្ទាន់ ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​បន្ធូរ​ភាព​តានតឹង ​ដែល​កំពុងតែ​កើតឡើង​នៅពេលនេះ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​វិទ្យុ​បារាំង​អន្តរជាតិ​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ​នឹងរង​ចាំមើល​ស្ថានការណ៍​តទៅទៀត ដោយពេល​នេះ​លោក​មិនអាច​បញ្ជាក់បាន​ថា​ធ្វើ​អ្វី​បន្ត​នៅឡើយ​ទេ។

នៅ​ថ្ងៃទី២៤ ខែមេសា នេះ​វិទ្យុ​បារាំង​អន្តរជាតិ​មិនអាច​ទាក់ទង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​បំភ្លឺ​ករណី​ចាប់ខ្លួន​មេឃុំ​ស្រ​កកូ​ត្តា​គណបក្ស​សមរង្ស៊ី បាន​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ