អានតួអត្ថបទ
កូរ៉េខាង​ជើង-ស.រ.អា.

កូរ៉េខាង​ជើង​​កំណត់​​ថ្ងៃ​កាត់​ទោស​​ជនជាតិ​អាមេរិក​នៅ​តុលាការ​

Matthew Miller អ្នក​ទោស​អាមេរិក​ម្នាក់ ក្នុង​ចំណោម​អ្នក​ទោស​បី​នាក់​នៅ​កូរ៉េខាង​ជើង​ នឹង​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​តុលាការ​កាត់​ទោស​ នៅ​ថ្ងៃ​អាទិត្យ​ទី ១៤​ កញ្ញា ឆ្នាំ​២០១៤។ សេចក្តី​ជូន​ដំណឹង​ ផ្តល់​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង KCNA ធ្លាក់​មក​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​សេចក្តី​អំពាវនាវ​របស់​ជន​អាមេរិក​ទាំង​បី​រូប សុំ​ជំនួយ​ពី​រដ្ឋាភិបាល​អាមេរិក តាម​រយៈបទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​CNN។

លោក Kenneth Bae ជន​ជាតិ​អាមេរិក​ម្នាក់​ក្នុង​ចំណោម​បីនាក់​ជា​អ្នក​ទោស​របស់​កូរ៉េខាង​ជើង
លោក Kenneth Bae ជន​ជាតិ​អាមេរិក​ម្នាក់​ក្នុង​ចំណោម​បីនាក់​ជា​អ្នក​ទោស​របស់​កូរ៉េខាង​ជើង © Reuters
ផ្សាយពាណិជ្ជកម្ម

 

មាន​អាយុ​២៤​ឆ្នាំ មានដើម​កំណើត​និង​រស់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា Matthew Miller ត្រូវ​បាន​ប៉ូលិស​កូរ៉េខាង​ជើង ចាប់​ខ្លួន​ នៅ​ខែមេសា ពី​បទ​បាន​ហែក​ទិដ្ឋាការ​ចោល ពេល​បាន​ចូល​ដល់​ទឹក​ដី​កូរ៉េ​ខាង​ជើង និង​បាន​សុំ​សិទ្ធិ​ជ្រក​កោន​​ក្នុង​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ។ ប៉ុន្តែ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង មិន​បាន​បញ្ជាក់​អំពី​បទ​ចោទ​ប្រកាន់​ ប្រឆាំង​នឹង​អ្នក​ទោស​អាមេរិក​រូប​នេះ​ឡើយ។

កាលពី​ខែ​កក្កដា ព្យុងយ៉ាង​បាន​គូស​បញ្ជាក់​ថា​យុវជន Matthew Miller ​ និង Jeffrey Fowle ​ អ្នក​ទោស​អាមេរិក​ម្នាក់​ទៀត នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​កាត់​ទោស​ពី​​បទ​មាន​សកម្មភាព​មិន​ច្បាស់​លាស់ តែ​មាន​លក្ខណៈ​ជា​សកម្មភាព​ស្អប់​ខ្ពើម​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត​កូរ៉េខាង​ជើង។
Jeffrey Fowle ​ អាយុ​៥៦​ឆ្នាំ ចាប់​ខ្លួន​បាន​​នៅ​ខែ​ឧសភា បន្ទាប់​ពី​បាន​ភ្លេច​សៀវភៅ​គុម្ពី​គ្រិស្ត​សាសនា​ ក្នុង​បង្គន់​ ក្នុង​ក្រុង​កំពង់ផែ​ចុងជីន។ ចំណែក​បេសកជន Kenneth Bae, ​ ដែល​ជាប់​ជា​អ្នក​ទោស​ក្នុង​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ តាំង​ពី​ខែ​​ធ្នូ ឆ្នាំ​២០១២​មក ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ ព្រោះ​មាន​ទោស​ជាប់​ចោទ​ពី​បទ​បាន​សាក​ល្បង​ចង់​ផ្តួល​រំលំ​របប​ព្យុងយ៉ាង។

កូរ៉េខាង​ជើង ដែល​ជាប់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ពី​អង្គការ​សហប្រជាជាតិ ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ​និង​មីស៊ីល តែង​តែ​ឆ្លៀត​ប្រើប្រាស់​ជនជាតិ​អាមេរិក​ជាប់​ទោស​នៅ​ក្នុង​ប្រទេស​ខ្លួន ដើម្បី​ទាក់ទាញ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​អាមេរិក​ឱ្យ​មក​​ទស្សនា​កូរ៉េខាងជើង​ ដែល​គ្មាន​ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក​សោះ។

អន្តរការី​អាមេរិក​ពិសេស ទទួល​បន្ទុក​សិទ្ធិមនុស្ស លោក​ Robert King បាន​សាកល្បង​ធ្វើ​ដំណើរ​ទៅ​កូរ៉េខាង​ជើង​ពី​ដង​ដើម្បី​ដោះស្រាយ​បញ្ហា​អ្នក​ទោស​អាមេរិក​បី​នាក់​នេះ ចំនួន​ពីរ​លើក ប៉ុន្តែ​ត្រូវ​បាន​ព្យុងយ៉ាង​លុប​ចោល​រាល់​លើក​នៅ​នាទី​ចុងក្រោយ។

កាលពី​ថ្ងៃ​ទី ២ កញ្ញា ជន​អាមេរិក​ទាំង​បី​ បាន​អំពាវនាវ​សុំ​វ៉ាស៊ីនតោន​ឱ្យ​បញ្ជូន​​​មនុស្ស​មក​ចរចា​រក​សេរីភាព​ឱ្យ​ពួក​គេ។ ជាចម្លើយ​តប រដ្ឋាភិបាល​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​​អំពី​ការខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​ ជួយ​ពលរដ្ឋ​ឱ្យ​ត្រលប់​មក​មាតុ​ប្រទេស​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ