អានតួអត្ថបទ
កូរ៉េខាង​ជើង-អាមេរិក

អាមេរិក​ព្រមាន​ប្រើ​កម្លាំង​យោធា​ប្រឆាំង​នឹង​កូរ៉េខាង​ជើង

នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ចំពោះ​មុខ​ពល​ទាហាន​អាមេរិក​ប្រចាំ​ការ​ក្នុងមូលដ្ឋាន​យ៉ុងសាន (កូរ៉េខាង​ត្បូង) លោក​ប្រធានាធិបតី​អាមេរិក បាន​ចាត់​ទុក​ ​កូរ៉េខាង​ជើង ជា​​ប្រទេស​បាត​សង្គម និង​បាន​ប្រកាស​ព្រមាន​កូរ៉េខាងជើង​ដែល​ចង់​សាក​ល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​បួន ថា​នឹង​អាមេរិក​មិន​រអា​នឹង​ប្រើ​​អំណាច​យោធា​ដ៏​ខ្លាំង​ក្លា​របស់​ខ្លួន​ដើម្បី​ការពារ​កូរ៉េខាង​ត្បូង ប្រឆាំង​ទប់​នឹង​ការ​គំរាម​កំហែង​ឈ្លានពាន​របស់​បច្ចាមិត្រ​ឡើយ។

លោក Barack Obama ថ្លែង​សុន្ទរកថា​នៅ​មូលដ្ឋាន​ទ័ព​អាមេរិក Yongsan ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាង​ត្បូង ថ្ងៃទី ២៦ មេសា ២០១៤
លោក Barack Obama ថ្លែង​សុន្ទរកថា​នៅ​មូលដ្ឋាន​ទ័ព​អាមេរិក Yongsan ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាង​ត្បូង ថ្ងៃទី ២៦ មេសា ២០១៤ REUTERS/Lee Jin-man
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាង​ជើង​ជា​រដ្ឋ​បាតសង្គម​​ ដ៏​ទន់ខ្សោយ​ ដែល​ប្រើ​កម្លាំង​យោធា​យាម​ទប់​តាម​ព្រំ​ប្រទល់ខ័ណ្ឌ​ចែកជាមួយ​​​​នឹង​កូរ៉េ​ខាង​ត្បូង​ និង​ជាមួយ​សេរីភាព។ សម្រាប់​លោក​ប្រធានាធិបតី​អាមេរិក ការ​គំរាមកំហែង​របស់​ព្យុងយ៉ាង​ចង់​​សាក​ល្បង​នុយក្លេអ៊ែរ គ្មាន​ចំណេញ​អ្វី​បន្តិច​សោះ ក្រៅ​ពី​បាន​ទទួល​ទណ្ឌកម្ម​ថ្មី និង​ភាព​ឯកា។

 
ទណ្ឌកម្ម​ថ្មី​ដែល​អាច​នឹងធ្ងន់ធ្ងរ​ខ្លាំង ព្រោះ​ថ្វី​បើ​​អាមេរិកមិន​បើ​កម្លាំង​ជា​មហាអំណាច​យោធា​បង្ខំ​ដោយ​អ្នក​ផ្សេង​ធ្វើ​អ្វី​មួយ​មែន ប៉ុន្តែ​អាមេរិក​នឹង​អាច​ជ្រើស​រើស​ប្រើ​កម្លាំង​យោធា​ដ៏​មាន​មហិទ្ធិរិទ្ធិ​របស់​ខ្លួន​ប្រឆាំង​នឹង​កូរ៉េខាង​ជើង ដើម្បីការពារ​កូរ៉េខាង​ត្បូង និង​ការ​ពារ​សេរីភាព​នៃ​ការ​រស់​នៅ​របស់​ពិភពលោក។ នេះជា​ការ​អះអាង​របស់​លោក​អូបាម៉ា នៅ​ចំពោះ​មុខ​កង​ពល​អាមេរិក​នៅ​យ៉ុងសាន។

សូម​បញ្ជាក់​ថា​ ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​នៅកូរ៉េខាង​ត្បូង​នេះ​ ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​គំរាម​កំហែង​នុយក្លេអ៊ែរ​យ៉ាង​ខ្លាំង​ពី​សំណាក់​កូរ៉េខាង​ជើង។ នៅ​ថ្ងៃ​នេះ​ទៀត វិទ្យាស្ថាន​អន្តរជាតិ​ផ្នែក​វិទ្យាសាស្ត្រ​និង​សន្តិសុខ​អាមេរិក បាន​បញ្ជាក់​បន្ថែម​ថា​កូរ៉េខាង​ជើង​អាច​នឹង​ធ្វើ​ការ​សាក​ល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​បួន នៅ​រវាង​បីបួន​ថ្ងៃ​ទៀត​ខាង​មុខ​។ រូបភាព​សាតឺលីត​ថត​បាន​ថ្មី​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​បង្ហាញ​ពី សកម្មភាព​យ៉ាង​ប្រញឹក​នៅ​មាត់​ច្រក​ចូល​រូងក្រោម​ដី​ នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Punggye-ri។

ម្សិលមិញ​ ជាមួយ​លោកស្រី​ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក អូបាម៉ា បាន​អំពាវនាវ​ឱ្យ​ចិន​ជា​សម្ព័ន្ធ​មិត្ត​ប្រើ​ឥទ្ធិពល​ទៅ​បញ្ចុះ​បញ្ចូល​កូរ៉េ​ខាង​ជើង​ឱ្យ​បោះឆ្នោត​ចោល​មហិច្ឆតា​នុយក្លេអ៊ែរ ដើម្បី​បញ្ជៀស​ការ​ប្រឈម​មុខ​យោធា។ ប៉ុន្តែ​ព្យុងយ៉ាង​មិន​បាន​ បោះបង់​និស្ស័យ​ជា​អ្នក​បង្ក​ហេតុ​ឡើយ នៅថ្ងៃ​នេះ​ឱ្យ​ពលរដ្ឋ​កូរ៉េខាង​ជើង​ត្រៀម​ធ្វើ​សង្គ្រាម​ជាមួយ​អាមេរិក ហើយ​កាលពី​ម្សិលមិញ​ព្យុងយ៉ាង​បាន​ប្រកាស​ថា​កំពុង​ឃុំ​ឃាំង​ជនជាតិ​អាមេរិក​ម្នាក់​ ចាប់​ខ្លួន​បាន​កាលពី​ថ្ងៃទី ១០​មេសា​ ព្រោះ​មាន​អាកប្បកិរិយា​កាច​នៅចំពោះ​មុខ​ភ្នាក់ងារ​អន្តោប្រវេសន៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ