អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​ដោយ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ចំនួន ២៥គ្រាប់

នៅ​យប់​ថ្ងៃ​អាទិត្យ ទី១៦ មីនា កូរ៉េខាងជើង​បាន​ផ្តើម​ផ្គើន​សហគមន៍​អន្តរជាតិ​ជា​ថ្មី ដោយ​បាន​ធ្វើ​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ហោះ​បាន​ចម្ងាយ ៧០គីឡូម៉ែត្រ​ចំនួន ២៥គ្រាប់។ នេះ​ជា​បរិមាណ​គ្រាប់មីស៊ីល​ដ៏​ច្រើន​សម្បើម​ដែល​របប​ក្រុង​ព្យុងយ៉ាង​មិន​ធ្លាប់​បាន​បាញ់​ក្នុង​ពេល​តែ​មួយ​ទេ គិត​តំាង​ពី​ដើម​ឆ្នំា​មក។ អ្វី​ជា​ការ​កត់សម្គាល់ ទង្វើ​បាញ់​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កូរ៉េខាងត្បូង និង​អាមេរិក​កំពុង​ធ្វើ​សមយុទ្ធ​រវាង​គ្នា។

កូរ៉េខាងជើង​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​ដោយ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ចំនួន ២៥គ្រាប់
កូរ៉េខាងជើង​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​ដោយ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ចំនួន ២៥គ្រាប់ REUTERS/Lee Jong-kun/Yonhap
ផ្សាយពាណិជ្ជកម្ម

គ្រាប់មីស៊ីល​ទំាង ២៥គ្រាប់​នោះ​ត្រូវ​បាន​បាញ់​ចេញ​ពី​ឆ្នេរសមុទ្រ​ប៉ែក​ខាង​កើត​ដោយ​ហោះ​ឆ្លង​កាត់​ដែនទឹកសមុទ្រ​ជប៉ុន មុន​នឹង​ធ្លាក់​ក្នុង​ដែនទឹកសមុទ្រអន្តរជាតិ។ យោង​តាម​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង ការ​បាញ់​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា ៣ដំណាក់កាល​បន្តបន្ទាប់​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ គឺ ១០គ្រាប់​បាញ់​នៅ​វេលា​ម៉ោង ៦ និង ២០នាទី​យប់ ៨គ្រាប់​នៅ​វេលា​ម៉ោង ៨ និង ៣នាទី​យប់ និង ៧គ្រាប់​ចុងក្រោយ​នៅ​វេលា​ម៉ោង ៩ និង ៣០នាទី​យប់។ យោង​តាម​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​ដដែល គ្រាប់មីស៊ីល​ទំាង​នោះ​បាន​ធ្វើ​ឡើង​ក្រោម​បច្ចេកវិជ្ជា​រុស្ស៊ី​ក្នុង​ទសវត្ស​ឆ្នំា ៦០។ ទន្ទឹម​គ្នា​នេះ ក្រសួង​ការពារ​កូរ៉េខាងត្បូង​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ពី​ការ​ត្រៀមខ្លួន​ប្រឈម​ទប់​នឹង​ការ​បង្កហេតុ​ណា​មួយ​ពី​សំណាក់​ទាហាន​កូរ៉េខាងជើង និង​បាន​ចាត់​ទុក​ទង្វើ​របស់​ក្រុង​ព្យុងយ៉ាង​ថា ជា​ទង្វើ​ឥត​ពិចារណារ។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកវិភាគ​មិន​បាន​ចាត់​ទុក​ទង្វើ​របស់​កូរ៉េខាងជើង​ពេល​នេះ​ថា​នឹង​ជម្រុញ​ឲ្យ​មាន​ភាព​តានតឹង​បន្ថែម​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ទេ តែ​ក្រុង​ព្យុងយ៉ាង​គ្រាន់​តែ​ចង់​សម្តែង​ពី​ភាព​មិន​សប្បាយចិត្ត​របស់​ខ្លួន​ចំពោះ​សមយុទ្ធ​ប្រចំា​ឆ្នំា​ដែល​កូរ៉េខាងត្បូង និង​អាមេរិក​កំពុង​បន្ត​ធ្វើ​រួម​គ្នា​ពេល​នេះ។ សមយុទ្ធ​ដែល​បាន​ចាប់​ផ្តើម​តំាង​ពី​ថ្ងៃទី ២៥ កុម្ភៈ និង​ត្រូវ​បន្ត​រហូត​ដល់​ខែ​មេសា​ខាង​មុខ ដោយ​មាន​ការ​ចូលរួម​ពី​ទាហាន​អាមេរិកំាង​ចំនួន ៧ ៥០០នាក់។ តែ​កូរ៉េខាងជើង​បាន​មើល​ឃើញ​សមយុទ្ធ​នេះ​ថា ជា​ការ​រៀបចំ​ជើងព្រួល​ដើម្បី​វាយលុក​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន។

មួយ​វិញ​ទៀត ទង្វើ​របស់​កូរ៉េខាងជើង​ពេល​នេះ ក៏​ជា​កាយវិការ​មិន​សប្បាយចិត្ត​មួយ​របស់​របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង​ប្រឆំាង​នឹង​សហរដ្ឋអាមេរិក​ដែល​បដិសេធ​មិន​ព្រម​រៀបចំ​កិច្ចចរចា​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ។ ទីក្រុង​វ៉ាស៊ីតោន​ធ្លាប់​បាន​ទាមទារ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​បង្ហាញ​ចេញ​នូវ​ទង្វើ​ជាក់ស្តែង​ជា​មុន​សិន មុន​នឹង​ចាប់​ផ្តើម​រាល់​កិច្ចចរចា។ តែ​កូរ៉េខាងជើង​ដែល​បាន​ចាត់​ទុក​អាវុធ​នុយក្លេអ៊ែរ​ថា ជា​អាយុជីវិត​របស់​ខ្លួន​នោះ បាន​បដិសេធ​នូវ​រាល់​ការ​ដាក់​លក្ខខណ្ឌ​ជា​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ