អានតួអត្ថបទ
កូរ៉េខាងត្បូង

កូរ៉េខាងត្បូង​បាន​បញ្ជូន​ផ្កាយរណប​ដាក់​ក្នុង​តារាវិថី​ដោយ​ជោគជ័យ

នៅ​ថ្ងៃ​ពុធ ទី៣០ មករា​នេះ កូរ៉េខាងត្បូង​បាន​បញ្ជូន​ផ្កាយរណប​របស់​ខ្លួន​ទៅ​ដាក់​នៅ​ក្នុង​តារាវិថី​ប្រកប​ដោយ​ជោគជ័យ។ ជា​ជោគជ័យ​មួយ​ដែល​បាន​អនុញ្ញាត​ឲ្យ​កូរ៉េខាងត្បូង​ចូល​ជា​សមាជិក​នៃ​ក្លិប​មហាអំណាច​អវកាស​នៅ​អាស៊ី។ អ្វី​ជា​ការ​កត់សម្គាល់ ជោគជ័យ​របស់​កូរ៉េខាងត្បូង​ពេល​នេះ​បាន​កើត​មាន​ឡើង ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពី​ការ​បញ្ជូន​ផ្កាយរណប​ដោយ​ជោគជ័យ​របស់​កូរ៉េខាងជើង។ តែ​ជោគជ័យ​របស់​ទីក្រុង​ព្យុងយ៉ាង​កាលណោះ​បាន​ទទួល​ទ័ណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ។

កូរ៉េខាងត្បូង​បាន​បញ្ជូន​ផ្កាយរណប​ដាក់​ក្នុង​តារាវិថី​ដោយ​ជោគជ័យ
កូរ៉េខាងត្បូង​បាន​បញ្ជូន​ផ្កាយរណប​ដាក់​ក្នុង​តារាវិថី​ដោយ​ជោគជ័យ ©Reuters
ផ្សាយពាណិជ្ជកម្ម

គ្រាប់រ៉ូកែត​ដែល​ជា​អ្នក​នំា​ផ្កាយរណប​ទៅ​ជាមួយ​មាន​ទម្ងន់ ១៤០តោន និង​សាងសង់​ឡើង​ដោយ​រួមសហការណ៍​គ្នា​រវាង​ក្រុមអ្នកវិទ្យាសាស្រ្ត​រុស្ស៊ី និង​កូរ៉េខាងត្បូង។ គ្រាប់រ៉ូកែត​នោះ​បាន​បាញ់​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​ណារ៉ូ ស្ថិត​ប៉ែក​ខាងត្បូង​ប្រទេស និង​បាន​ព្រលែង​ផ្កាយរណប​ទៅ​ក្នុង​តារាវិថី ក្រោយ​ពី​បាន​ហោះ​តាម​គន្លង​ផ្លូវ​របស់​ខ្លួន​អស់​រយៈពេល ៩នាទី។ យោង​តាម​រដ្ឋអំណាច ផ្កាយរណប​នោះ​មាន​តួនាទី​ជា​អ្នកប្រមែប្រមូល​ទិន្នន័យ​ស្តីពី​វិទ្យុសកម្ម​នៅ​ទីអវកាស។ ជោគជ័យ​នៃ​ការ​ដាក់​ផ្កាយរណប​វិទ្យាសាស្រ្ត​ទៅ​ក្នុង​តារាវិថី​ពេល​នេះ ត្រូវ​បាន​លោក​រដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត​ចាត់​ទុក​ថា ជា​ជោគជ័យ​របស់​ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង​ទំាងអស់។ ចំណែក​អ្នកឯកទេស​ម្នាក់​បាន​កត់សម្គាល់​ថា ជោគជ័យ​នេះ​បាន​ជួយ​ផ្តល់សន្ទុះ​បន្ថែម​ទៀត​នូវ​កម្មវិធី​អវកាស​របស់​ប្រទេស​កូរ៉េខាងត្បូង។

សូម​ជម្រាបជូន​ថា ការ​បាញ់​បង្ហោះ​គ្រាប់រ៉ូកែត​ផ្ទុក​ផ្កាយរណប​ទៅ​មួយ​នេះ​ធ្លាប់​បាន​លើក​ពេល​ចំនួន ២លើក​រួម​មក​ហើយ ម្តង​ក្នុង​ខែ​តុលា និង​ម្តង​ទៀត​ក្នុង​ខែ​វិច្ឆិកា ឆ្នំា ២០១២ ដោយសារ​បញ្ហា​បច្ចេកទេស។ ម្យ៉ាង​ទៀត មុន​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ពេល​នេះ កូរ៉េខាងត្បូង​ធ្លាប់​បាន​ទទួល​បរាជ័យ​ចំនួន​ពីរ​ដង​រួច​មក​ហើយ។ ម្តង​ក្នុង​ឆ្នំា ២០០៩ ដោយសារ​តែ​គ្រាប់រ៉ូកែត​បាន​ទៅ​គោលដៅ​ហើយ តែ​មិន​អាច​ព្រលែង​ផ្កាយរណប​ដាក់​ទៅ​ក្នុង​តារាវិថី​បាន។ បន្ទាប់​មក​ក្នុង​ឆ្នំា ២០១០ គឺ​ការ​ផ្ទុះ​គ្រាប់រ៉ូកែត​នៅ​ពេល​កំពុង​ហោះ​តែ​ម្តង។

គួរ​រម្លឹក​ថា តាម​ពិត​ទៅ មហិច្ឆតា​អវកាស​របស់​កូរ៉េខាងត្បូង​មាន​ជា​យូរយារ​ណាស់​មក​ហើយ តែ​ទីក្រុង​សេអ៊ូល​រារែក​ក្នុង​ការ​ចូលប្រឡូក ដោយ​មិន​ចង់​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​ទើសទាល់ចិត្ត​ដែល​ថា ជា​ការ​ប្រណំាងប្រជែង​សព្វាវុធ​នៅ​ក្នុង​ឧបទ្វីបកូរ៉េ។

អ្វី​ជា​ការ​កត់សម្គាល់ ជោគជ័យ​របស់​កូរ៉េខាងត្បូង​ពេល​នេះ​បាន​កើត​មាន​ឡើង ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពី​ការ​បញ្ជូន​ផ្កាយរណប​ដោយ​ជោគជ័យ​របស់​កូរ៉េខាងជើង។ តែ​អ្វី​ដែល​ខុស​គ្នា​រវាង​ជោគជ័យ​របស់​ទីក្រុង​សេអ៊ូល និង​ព្យុងយ៉ាង​នៅ​ត្រង់​ថា ទង្វើ​របស់​ព្យុងយ៉ាង​បាន​ទទួល​ទ័ណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ