អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

កូរ៉េខាងជើង​ព្រមាន​លុបចោល​ការរៀបចំ​ជំនួប​រវាង​ក្រុមគ្រួសារ​ដែល​ព្រាត់ប្រាស​គ្នា​នៅ​ក្រោយ​សង្រ្គាម

កូរ៉េខាងជើង​បាន និង​កំពុង​បន្ត​លេងល្បែង​ឆ្មាចាប់​កណ្តុរ​ជាមួយ​កូរ៉េខាងត្បូង។ ២៤ ម៉ោង ក្រោយ​ពី​បាន​យល់ព្រម​ឲ្យ​មាន​ការ​រៀបចំ​ជំនួប​រវាង​ក្រុម​គ្រួសារ​ដែល​បាន​ព្រាត់ប្រាស​គ្នា​នៅ​ក្រោយ​សង្រ្គាម​មក ស្រាប់​តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៦ កុម្ភៈ​នេះ កូរ៉េខាងជើង​បែរ​ជា​បាន​ព្រមាន​លុបចោល​គម្រោង​រៀបចំ​ជំនួប​នោះ​វិញ។

ជំនួប​រវាង​គណៈប្រតិភូ​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ស្តីពី​គម្រោង​រៀបចំ​ក្រុម​គ្រួសារ​កូរ៉េ​បែកបាក់ក្រោយ​សង្រ្គាម
ជំនួប​រវាង​គណៈប្រតិភូ​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​ស្តីពី​គម្រោង​រៀបចំ​ក្រុម​គ្រួសារ​កូរ៉េ​បែកបាក់ក្រោយ​សង្រ្គាម Reuters
ផ្សាយពាណិជ្ជកម្ម

 

វា​ពិត​ជា​ដំណឹង​មួយ​ដែល​មិន​បាន​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​កូរ៉េ​សប្បាយ​ចិត្ត​ឡើយ ពិសេស​ក្រុមគ្រួសារ​ដែល​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ជួប​សាច់ញាតិ​របស់​ខ្លួន​ជា​លើក​ទីមួយ​តំាង​ពី​ក្រោយ​បញ្ចប់​សង្រ្គាម​ជាង ៦០ឆ្នំា​កន្លង​ទៅ។ សូម​ជម្រាប​ជូន​ថា នៅ​ថ្ងៃ​ពុធ ទី៥ កុម្ភៈ កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​ព្រមព្រៀង​គ្នា​រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​ក្រុមគ្រួសារ​កូរ៉េ​ដែល​ព្រាត់ប្រាស​គ្នា​នៅ​ក្រោយ​សង្រ្គាម​រយៈពេល ៦ថ្ងៃ គឺ​ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី២០ ខែ​កុម្ភៈ​នេះ​នៅ​ភ្នំ​គុំហ្កាំង Kumgang ក្នុងទឹកដី​កូរ៉េខាងជើង​ជាប់​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង។ តែ​នៅ​ទីបំផុត​ថ្ងៃ​ព្រហស្បតិ៍ ទី៦ កុម្ភៈ​នេះ របបក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ព្រមាន​លុបចោល​គម្រោង​រៀបចំ​ជំនួប​នោះ​វិញ។

ការ​ព្រមាន​លុប​ចោល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​គណៈកម្មការ​ការពារជាតិ​ដែល​ជា​ស្ថាប័ន​យោធា​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង។ ស្ថានប័ន​មួយ​នេះ​បាន​កត់សម្គាល់​ឃើញ​ថា វា​គួរ​ឲ្យ​សោកស្តាយ​ដែល​កូរ៉េខាងត្បូង និង​អាមេរិក​នៅ​តែ​ចចេស​បន្ត​ធ្វើ​សមយុទ្ធ​រួម​គ្នា ចំ​ពេល​ដែល​កូរ៉េ​ទំាង​ពីរ​ទើប​បាន​សម្រេច​នូវ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការ​ផ្សះផ្សាជាតិ និង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា។ ស្ថានប័ន​យោធា​កូរ៉េខាងជើង​ដដែល​បាន​យល់​ឃើញ​ថា គម្រោង​សមយុទ្ធ​រវាង​កូរ៉េខាងត្បូង និង​អាមេរិក​មិនមែន​ជា​​ទង្វើ​ឆ្លើយ​តប​នឹង​ឆន្ទៈ​ផ្សះផ្សា​របស់​កូរ៉េ​ទេ។

ដោយឡែក​នៅ​ថ្ងៃ​នេះ​ដែរ ក្រុង​ព្យុងយ៉ាង​ក៏​បាន​ចោទ​អាមេរិក​ពី​បទ​បាន​បង្ហោះ​យន្តហោះ​ប្រភេទ B៥២ ជា​ច្រើន​គ្រឿង​នៅ​ឆ្នេរសមុទ្រ​ប៉ែកខាងលិច​ឧបទ្វីប​កូរ៉េ​កាល​ពី​ថ្ងៃ​ម្សិលមិញ។ ទាហាន​អាមេរិក​មិន​បាន​បញ្ជាក់​ព័ត៌មាន​នេះ​ទេ តែ​ប្រភព​យោធា​កូរ៉េខាងត្បូង​ឲ្យ​ដឹង​ថា មាន​ការ​ហោះហើរ​ប្រភេទ​យន្តហោះ B៥២ នោះ​មែន តែ​មាន​តែ​មួយ​គ្រឿង​គត់ និង​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​ហ្វឹកហ្វឺន។

គួរ​រម្លឹក​ជូន​ថា មក​ដល់​ពេល​នេះ កូរ៉េខាងជើង​នៅ​តែ​បន្ត​ទាមទារ​យ៉ាង​ទទូច​ឲ្យ​កូរ៉េខាត្បូង​លុបចោល​ជា​បន្ទាន់​នូវ​សមយុទ្ធ​ប្រចំាឆ្នំា​ដែល​ក្រុង​សេអ៊ូល​ត្រៀម​ធ្វើ​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​ដំណាច់​ខែ​កុម្ភៈ​នេះ។ សមយុទ្ធ​ដែល​ក្រុង​ព្យុងយ៉ាង​បាន​ចាត់​ទុក​ជា​ទង្វើ​ត្រៀម​រៀបចំ​ជើងព្រួល​ក្នុង​ការ​វាយលុក​ចូល​ក្នុង​ទឹកដី​កូរ៉េខាងជើង។ ក៏​ប៉ុន្តែ ទំាង​ទីក្រុង​សេអ៊ូល ក៏​ដូច​ជា​ទីក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ម្តង​ជា​ពីរ​ដង​ថា ខ្លួន​មិន​ទទួល​យក​លក្ខខណ្ឌ​ដាក់​ដោយ​ទីក្រុង​ព្យុងយ៉ាង​នោះ​បាន​ទេ។ នៅ​ថ្ងៃ​នេះ​ទៀត ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ជា​ថ្មី​ថា សមយុទ្ធ​នឹង​ត្រូវ​រៀបចំ​ធ្វើ​ដូច​ការ​គ្រោង​ទុក និង​ព្រមាន​ថា គេ​មិន​គួរ​យក​គម្រោង​រៀបចំ​ជំនួប​រវាង​ក្រុមគ្រួសារ​កូរ៉េ​ដែល​ព្រាត់ប្រាស​គ្នា​នៅ​ក្រោយ​សង្រ្គាម​មក​ធ្វើ​ជា​ចំណាប់ខ្មំាង​ដើម្បី​កេងចំណេញ​ខាង​នយោបាយ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ