អានតួអត្ថបទ
អឺរ៉ូ

ទីភ្នាក់ងារ Standard & Poor’s ទម្លាក់​ចំណាត់ថ្នាក់​បំណុល​ប្រទេស​៩ ក្នុង​តំបន់​អឺរ៉ូ

កាលពីថ្ងៃ​សុក្រ ១៣​មករា​នេះ ទីភ្នាក់ងារ Standard & Poor’s បាន​សម្រេច​ទម្លាក់​ចំណាត់ថ្នាក់​បំណុល​របស់ប្រទេស​ចំនួន ៩ នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ ក្នុង​នោះ ក៏​មាន​ប្រទេស​បារាំង​ និង​ប្រទេស​អូទ្រីស​ផងដែរ ដែល​ជា​ប្រទេស​ធ្លាប់​មាន​ចំណាត់ថ្នាក់​ខ្ពស់​ផុតលេខ (AAA)។ ការ​សម្រេច​របស់ Standard & Poor's នេះ បាន​ទទួល​នូវ​ការរិះគន់​យ៉ាងខ្លាំង ពី​សំណាក់មន្រ្តី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប។

AFP/PHILIPPE HUGUEN
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម​ប្រទេស​ទាំង ៩ ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ ប្រទេស​អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្កាល់ និង​ស្ហ៊ីប (Chypre) ត្រូវ​គេ​ទម្លាក់​ចំណាត់ថ្នាក់​រហូតដល់​ទៅ​ពីរកាំ។ បារាំង និង​អូទ្រីស ដែល​ធ្លាប់​តែ​មាន​ចំណាត់ថ្នាក់ AAA (ខ្ពស់ជាងគេ​បំផុត) ត្រូវ​ធ្លាក់​មួយ​កាំ មកនៅ​ត្រឹម AA+។ ស្លូវ៉ាគី ស្លូវេនី និង​ម៉ាល់ត៍ ក៏​ត្រូវ​ធ្លាក់​ចំណាត់ថ្នាក់​មួយ​កាំ​ដែរ។ អាល្លឺម៉ង់ ហ្វាំងឡង់ ហុល្លង់ និង​លុចសំ រក្សា​ចំណាត់ថ្នាក់​ AAA របស់ខ្លួន​ដដែល។

ស្នងការ​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច (លោក​ Olli Rehn) បាន​រិះគន់​ថា ការសម្រេច​របស់​ Standard & Poor’s មិន​ស៊ីចង្វាក់​នឹង​ស្ថានភាព​ជាក់ស្តែង ​ក្នុង​តំបន់​អឺរ៉ូ​ ដែល​មេដឹកនាំ​កំពុង​ចាត់វិធានការ​សំខាន់ៗ ដើម្បី​ដោះស្រាយ​វិបត្តិ​ប្រាក់​បំណុល។

ទីភ្នាក់ងារ Standard & Por’s បាន​ចេញ​សេចក្តីថ្លែងការណ៍​ពន្យល់ថា ការសម្រេច​ទម្លាក់​ចំណាត់ថ្នាក់​បំណុល​ប្រទេស​ក្នុង​តំបន់​អឺរ៉ូ គឺ​ធ្វើ​ឡើង ព្រោះ Standard & Poor’s វាយតម្លៃ​ថា នយោបាយ​ដាក់ចេញ​ដោយ​តំបន់​អឺរ៉ូ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ មិន​គ្រប់គ្រាន់​ ក្នុងការ​ដោះស្រាយ​វិបត្តិ​បំណុល។

ម្យ៉ាងវិញ​ទៀត Standard & Poor’s យល់ថា ការណ៍​ដែល​តំបន់​អឺរ៉ូ ផ្តោត​តែ​លើ​វិធានការ​​កាត់បន្ថយ​ការចំណាយ​សាធារណៈ​ ដើម្បី​កាត់បន្ថយ​បំណុល អាច​នឹង​ធ្វើ​ឲ្យ​វិបត្តិ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ថែមទៀត។ ការកាត់បន្ថយ​ការ​ចំណាយ​​​អាច​នឹង​ធ្វើ​ឲ្យ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ធ្លាក់ចុះ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ប៉ះពាល់ដល់​កំណើន​សេដ្ឋកិច្ច និង​ចំណូល​​ពន្ធ​ដារ។

នៅបារាំង ដែល​នៅសល់​តែ​ជាង ៣ខែ​ទៀត ដល់​ពេល​​​បោះឆ្នោត​ប្រធានាធិបតី ដំណឹង​ស្តីពី​ការ​ធ្លាក់​ចំណាត់ថ្នាក់​បំណុល​​កំពុង​តែ​បង្ក​ឲ្យ​មាន​ការ​រំជើបរំជួល​យ៉ាងខ្លាំង។ គណបក្ស​ប្រឆាំង​បាន​ឆ្លៀតពេលនេះ រិះគន់ថា ការណ៍​ដែល​បារាំង​បាត់បង់​ចំណាត់ថ្នាក់ AAA គឺ​បង្ហាញ​​អំពី​បរាជ័យ​នៃ​នយោបាយ​សេដ្ឋកិច្ច​របស់​​​​លោក​សាកូហ្ស៊ី។

នាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារាំង​​បាន​ព្យាយាម​រំងាប់​ក្តីបារម្ភ​របស់​ប្រជាជន​​ ដោយ​លើកឡើង​ថា ថ្វីដ្បិត​តែ​ការ​បាត់បង់​ចំណាត់ថ្នាក់ AAA មិនមែន​ជា​ដំណឹង​ល្អ ប៉ុន្តែ វា​ក៏​មិនធ្ងន់ធ្ងរ​​ដោះស្រាយ​មិនរួចនោះដែរ។ ម្យ៉ាងទៀត ការធ្លាក់​មក​នៅ​ចំណាត់ថ្នាក់ AA+ ក៏​នៅតែ​ជា​ចំណាត់ថ្នាក់​មួយ​ល្អ​ដែរ។

សំណួរ​ដែលចោទ​នៅពេលនេះ គឺថា ការ​ណ៍​ដែល​បារាំង​បាត់បង់​ចំណាត់ថ្នាក់​ AAA នឹង​ជះផលវិបាក​អ្វីខ្លះ? ចំណាត់ថ្នាក់​បំណុល​រដ្ឋមួយ​ គឺ​ជា​​រង្វាស់​នៃ​ហានិភ័យ​បំណុល​​របស់​រដ្ឋ​នោះ។ ជាទូទៅ ការ​ធ្លាក់​ចំណាត់ថ្នាក់​បំណុល អាច​នឹង​បណ្តាល​ឲ្យ​អត្រាការប្រាក់​បំណុល​របស់​រដ្ឋ​ត្រូវ​កើនឡើង។

ក៏ប៉ុន្តែ នៅបារាំង គេ​សង្កេតឃើញ​ថា អត្រាការប្រាក់​បំណុល​រដ្ឋ​​​បាន​កើនឡើង​ តាំង​ពីមុន​ពេល​បារាំង​ធ្លាក់ចំណាត់ថ្នាក់​បំណុល​​ម៉្លេះ ដោយសារ​តែ​អ្នកវិនិយោគ​មើលឃើញ​អំពី​ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​បារាំង និង​ការជាប់ពាក់ព័ន្ធ​ក្នុង​​វិបត្តិ​បំណុល​នៅ​ក្នុង​តំបន់​អឺរ៉ូ។ ម្យ៉ាងវិញ​ទៀត ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​ក៏​ធ្លាប់​បាន​ប្រកាស​ព្រមាន​ជាច្រើនដង​រួចមកហើយ​ដែរ អំពី​ការ​ទម្លាក់​ចំណាត់ថ្នាក់​បំណុល​បារាំង។

បើ​ធៀប​នឹង​ប្រទេស​អាល្លឺម៉ង់ ដែលមាន​ចំណាត់ថ្នាក់ AAA ដូចគ្នា អត្រាការប្រាក់​បំណុល​របស់​បារាំង​​ខ្ពស់​ជាង​អាល្លឺម៉ង់​រហូតដល់​ទៅ​ជាង ១%។ អត្រាការប្រាក់​បំណុល​រយៈពេល​វែង​​របស់​អាល្លឺម៉ង់ មាន​ត្រឹមតែ ១,៨% ចំណែក​បារាំង​វិញ មានរហូតដល់​ទៅ ៣%។ នេះ​បញ្ជាក់ថា នៅ​ក្នុង​ទីផ្សារ​មូលបត្រ អ្នកវិនិយោគ​ហាក់ដូចជា​លែង​រាប់​បារាំង​ជា​ប្រទេស​ជាប់ចំណាត់ថ្នាក់ AAA តាំង​ពី​មុន​​សេចក្តីសម្រេច​របស់​ Standard & Poor’s ម៉្លេះ។

ដូច្នេះ ការប្រកាស​របស់​ Standard & Poor’s ទំនង​ជា​នឹង​មិន​បណ្តាល​ឲ្យ​អត្រាការប្រាក់​បំណុល​រដ្ឋ​បារាំង​កើនឡើង​ខ្ពស់​ហួស​ពី​កម្រិត​បច្ចុប្បន្ន​នេះ​ខ្លាំង​​ប៉ុន្មាន​ទេ។ ទោះជាយ៉ាងណា គេ​ត្រូវ​រង់ចាំ​មើល​ពីរ-បី​សប្តាហ៍ ឬ​ពីរ-បី​ខែ​ទៀត ទើប​អាច​មើលឃើញ​ច្បាស់ថា តើ​អត្រា​ការប្រាក់​បំណុល​បារាំង​នឹង​កើនឡើង​ដល់​កម្រិត​ណា?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ