អានតួអត្ថបទ
អឺរ៉ូ

លុយ​អឺរ៉ូ​មាន​អាយុ​១០ឆ្នាំ ហើយ​កំពុង​ឆ្លងកាត់​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ

ថ្ងៃ​ទី១ មករា ២០១២​នេះ គឺ​ជា​ថ្ងៃ​គម្រប់​ខួប​ ១០​ឆ្នាំ នៃ​លុយ​អឺរ៉ូ។ ក៏ប៉ុន្តែ ទាំង​ស្ថាប័ន​សហភាព​អឺរ៉ុប ទាំង​ប្រទេស​ជា​សមាជិក គេ​មិនឃើញ​មាន​ការ​រៀបចំ​អបអរ​សាទរ​ខួប​១០​ឆ្នាំ​នេះទេ។ លុយអឺរ៉ូ​​ ដែល​កាលពី​១០​ឆ្នាំមុន ត្រូវបាន​គេ​រំពឹង​ថា​នឹង​ជា​ចំណង​នៃ​ការរួបរួម​រវាង​ប្រទេស​នៅអឺរ៉ុប នៅពេលនេះ កំពុងតែ​ឆ្លងកាត់​វិបត្តិ​ដ៏ធ្ងន់ធ្ងរមួយ ហើយ​កំពុងតែ​ក្លាយជា​បញ្ហា​​ដែល​នាំ​ឲ្យ​មាន​ការ​បែកបាក់​គ្នា។

កាក់ និង​ក្រដាសប្រាក់អឺរ៉ូ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់ នៅថ្ងៃ​ទី១ ខែមករា ឆ្នាំ២០០២
កាក់ និង​ក្រដាសប្រាក់អឺរ៉ូ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់ នៅថ្ងៃ​ទី១ ខែមករា ឆ្នាំ២០០២ Getty Images/Ian McKinnell
ផ្សាយពាណិជ្ជកម្ម

លុយអឺរ៉ូ​ត្រូវបាន​បង្កើត​ឡើង តាំង​ពី​ឆ្នាំ​១៩៩៩​ ក៏ប៉ុន្តែ រហូតដល់​ឆ្នាំ​២០០២ ទើប​ក្រដាសប្រាក់​អឺរ៉ូ​ត្រូវបាន​គេ​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍ នៅ​ក្នុង​ប្រទេស​ជា​សមាជិក។ នៅពេល​​លុយ​អឺរ៉ូ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​​ថ្ងៃ​ទី១ មករា ២០០២ ប្រទេស​ជាសមាជិក​តំបន់​អឺរ៉ូ បាន​នាំគ្នា​ប្រារព្ធ​ពិធី​យ៉ាង​ឱឡារិក ដើម្បី​អបអរ​សាទរ​រូបិយប័ណ្ណ​រួមគ្នា​នេះ។

នៅពេលនេះ លុយអឺរ៉ូ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រជាជន​​ចំនួន​ ៣៣២លាន​នាក់ នៅ​ក្នុង​​ប្រទេស​ចំនួន ១៧។ នៅថ្ងៃទី១ មករា​នេះ លុយ​អឺរ៉ូ​មាន​អាយុ ១០​ឆ្នាំ​គត់។ ក៏ប៉ុន្តែ អឺរ៉ូ​គ្មាន​ភ័ព្វសំណាង​ឃើញ​ពិធី​អបអរ​សាទរ​ខួប​គ្រប់​១០​ឆ្នាំ​នេះ​ទេ។ កុំថាឡើយ​ដល់​ទៅ​ពិធី​បុណ្យ​ឱឡារិក ត្រឹមតែ​សន្និសីទ​សារព័ត៌មាន​ក៏​គេ​មិនឃើញ​មាន​ធ្វើដែរ។​

នៅពេល​បង្កើតឡើង កាលពី​១០​ឆ្នាំ​មុន លុយ​អឺរ៉ូ ត្រូវបាន​គេ​មើលឃើញ​ថា ជា​ជោគជ័យ​ដ៏ធំធេង​មួយ នៃ​ការ​ធ្វើ​សមាហរ័ណកម្ម​ក្នុង​សហភាព​អឺរ៉ុប។ ចាប់តាំង​ពី​​មាន​លុយ​អឺរ៉ូ ក្រុមហ៊ុន សហគ្រាស នៅ​ក្នុង​តំបន់​អឺរ៉ូ លែង​ត្រូវ​បារម្ភ​ អំពី​ហានិភ័យ​ទាក់ទង​នឹង​អត្រា​ប្តូរ​ប្រាក់​ទៀតហើយ។ លំហូរ​មូលធន​ និង​ចរន្ត​ឥណទាន​រវាង​ធនាគារ​ឯកជន​ក្នុង​តំបន់​អឺរ៉ូ​ក៏​​​លែង​មាន​ឧបសគ្គ ហើយ​អត្រាការប្រាក់ និង​អត្រា​អតិផរណា​ក៏​មាន​កម្រិត​ទាប។

ក៏ប៉ុន្តែ ១០ឆ្នាំ​ក្រោយ​មក នៅពេលនេះ ពាក្យថា “អឺរ៉ូ” ត្រូវបាន​គេ​ប្រើ​ភ្ជាប់​នឹង​ពាក្យ​មួយ​ទៀត គឺ “វិបត្តិ”។ វិបត្តិ​ដែល​បាន​ផ្ទុះឡើង​ចាប់តាំង​ពី​ឆ្នាំ​២០១០ ជាមួយ​នឹង​វិបត្តិ​បំណុល​ក្រិក ហើយ​ដែល​កំពុង​តែ​រាលដាល​ទៅ​ជាវិបត្តិ​ក្នុង​តំបន់​អឺរ៉ូ​ទាំងមូល។ វិបត្តិ​ដែល​កំពុង​តែក្លាយ​ជា​ប្រធានបទ​នៃ​ភាព​តានតឹង​រវាង​ប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុប។ វិបត្តិ​ដែល​កំពុងតែ​ធ្វើ​​ឲ្យ​អត្ថិភាព​របស់​តំបន់​អឺរ៉ូ​ត្រូវ​ប្រឈមមុខ​នឹង​ការដួលរលំ។

វិបត្តិ​អឺរ៉ូ កំពុងតែ​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ស្តាំនិយម​ជ្រុល​ នៅ​អឺរ៉ុប មានកម្លាំង​កាន់តែ​ខ្លាំង។ នៅបារាំង គណបក្ស​ស្តាំនិយម​ជ្រុល​​ ដែល​កំពុង​ត្រៀមខ្លួន​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ខែ​មេសា​ខាងមុខនេះ បាន​សន្យាថា បើសិន​ជា​ពួក​គេ​ឈ្នះ​ឆ្នោត ពួកគេ​នឹង​​ដកខ្លួន​ចេញ​ពី​តំបន់​អឺរ៉ូ ហើយ​ឲ្យ​បារាំងត្រឡប់​មក​ចាយលុយ​ហ្វ្រង់​ដូចមុនវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ