អានតួអត្ថបទ
ភូមា

ភូមា៖​ អ្នកស្រុក​​​​រាប់ពាន់នាក់​​នាំគ្នា​​ភៀសខ្លួន​​ពី​​ហិង្សា​ នៅ​​រដ្ឋ​​រ៉ាក់ឃីន​​

ហិង្សា​​​លើ​ប៉ុស្តិ៍ប៉ូលិស ​ច្រើនកន្លែង នៅរដ្ឋរ៉ាក់ឃីនភូមា​ សប្តាហ៍​មុន បា​នបន្ត​​​ធ្វើអោយ​ប្រជាជន​​រដ្ឋរ៉ាក់ឃីន​​ភ័យខ្លាច។ ​ថ្ងៃសុក្រ​នេះ ​​ ​ប្រជាជន​រាប់ពាន់នាក់ នៅ​តាមក្រុង និងតាមភូមិ​ ក្នុង​រដ្ឋរ៉ាក់ឃីន​​ ​ ​បាន​នាំគ្នា​​​ភៀសខ្លួន​។ 

កងកម្លាំង​ភូមា​កំពុង​ត្រៀម​ប្រតិបត្តិការ​ល្បាត នៅ​ខែត្រ​ម៉ោងដាវ រដ្ឋរ៉ាក់ឃីន ថ្ងៃ​១២តុលា ២០១៦​
កងកម្លាំង​ភូមា​កំពុង​ត្រៀម​ប្រតិបត្តិការ​ល្បាត នៅ​ខែត្រ​ម៉ោងដាវ រដ្ឋរ៉ាក់ឃីន ថ្ងៃ​១២តុលា ២០១៦​ Reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃសុក្រ​នេះ​ ប្រជាជនរាប់ពាន់​នាក់​​​ នៅ​តំបន់​ដាច់ស្រយាល​ក្នុង​រដ្ឋ​រ៉ាក់ឃីន បាន​នាំគ្នា​ភៀសខ្លួន ចេញ​ពីក្រុង និងភូមិនានា។ មនុស្ស​ជាង​១០គ្រួសារ​បាន​​គេចចេញ​ពី​ក្រុង​ម៉ោងដាវ។ មនុស្ស​១៨០នាក់ ក្នុង​ក្រុង មាន​គ្រូបង្រៀន​​​​​ច្រើននាក់​ដែរ ត្រូវបាន​គេ​ជម្លៀស​តាម​ឧទ្ធម្ភាគចក្រ។

រដ្ឋរ៉ាក់ឃីន​ភាគខាងលិច​ភូមា សំបូរ​ប្រជាជនភាគតិច​​​រ៉ូហ៊ីងយ៉ា​ កាន់សាសនា​អ៊ីស្លាម​​រស់នៅ។ តែ​​ក៏មាន​​អ្នកកាន់​ពុទ្ធសាសនា​​ដែលបាន​ភៀសខ្លួន​​ ថ្ងៃសុក្រ​នេះ​​ដែរ។ ហិង្សាសប្តាហ៍​មុន ទៅលើ​ប៉ុស្តិ៍​ប៉ូលិស ធ្វើ​អោយ​​គេ​​​​បារម្ភខ្លាច​មាន​​​​​ហិង្សា​សហគមន៍​ រវាង​ក្រុមអ្នក​កាន់​ពុទ្ធសាសនា និង​ជនជាតិ​រ៉ូហ៊ីងយ៉ាស ​​​​​​​កើតឡើង ដូចឆ្នាំ​២០១២ម្តងទៀត។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកសារព័ត៌មា​នAFP ឃើញ​ផ្ទះច្រើនកន្លែងសល់តែ​កំទេចផេះ ដោយសារ​​​រង​​​អគ្គិភ័យ។ ព្រឹកថ្ងៃសុក្រ​ម្សិលមិញ ​សារព័ត៌មាន​ផ្លូវការ​ជាច្រើន​បាន​ចុះផ្សាយ​ថា កងទ័ព​បា​ន​វាយ​រុញច្រាន​​​ក្រុម​បង្កហិង្សា​ ​​មានគ្នា​៥០នាក់ ដែលបាន​​​​វាយលុក​អគារ​សន្តិសុខ​មួយខ្នង។

គួររំលឹកថា ​​កាលពី​ថ្ងៃសៅរ៍-អាទិត្យ​ ​​សប្តាហ៍​មុន ប៉ុស្តិ៍ប៉ូលិស​ច្រើនកន្លែង​នៅ​រដ្ឋរ៉ាក់ឃីន ជាប់​ព្រំដែន​​បង់ក្លាដែស ​​បាន​រងការ​វាយប្រហារ​ពី​ក្រុម​ប្រដាប់អាវុធ​ ធ្វើអោយ​ស្លាប់​ប៉ូលិស​៩នាក់។ ​​កងកម្លាំង​យោធា​បានវាយ​បកទៅ​វិញ ធ្វើអោយ​​ស្លាប់​ជនស៊ីវិល ២៦នាក់។ ​ទាហាន​៤នាក់​ក៏ស្លាប់​ក្នុង​ប្រតិបត្តិការ​នេះដែរ។ មន្ត្រី​ភូមា​មួយ​ចំនួន​បានចោទឆៅៗតែម្តង​​​​ថា ​​​ហិង្សា​លើ​ប៉ុស្តិ៍​ប៉ូលិស​​ ជាស្នាដៃ​របស់​​ជនជាតិ​រ៉ូហ៊ីងយ៉ា​។  

ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ ​កងទ័ព​បាន​ប្រកាស​ថា ចាប់ខ្លួន​ជនសង្ស័យ​ទី៥ ពាក់ព័ន្ធ​​ការ​វាយ​ប្រហារ​​ប៉ុស្តិ៍ប៉ូលិស។ ជន​រូបនេះ មាន​អាវុធ និង​គ្រាប់រំសេវ​​​​ ព្រមទាំង​ទង់ជាតិ​បិទផ្លាកRSO​ ជាឈ្មោះ​​​ចលនាមួយ ​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​​​ បង្កើត​ឡើង​នៅឆ្នាំ ១៩៨០។ ប៉ុន្តែ ​ក្រុមRSO​នេះ បាន​​បដិសេធ​ថា មិនបាន​បង្ក​ហិង្សា​លើប៉ុស្តិ៍ប៉ូលិស​ភូមាទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ