អានតួអត្ថបទ
ជប៉ុន

បំណុល​សាធារណៈ​ជប៉ុន​កើនដល់​​​៧ ៧៣៤ពាន់​លាន​អឺរ៉ូ​

យោងតាម​តួលេខ​ចេញផ្សាយ​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន នៅ​ថ្ងៃ​សុក្រ​នេះ កម្រិត​បំណុល​សាធារណៈ​ជប៉ុន​បាន​ឡើង​ដល់​​​ជាងមួយលាន ​ពាន់លាន​យេន​ ត្រូវ​នឹង​ប្រាក់​អឺរ៉ូ​ប្រមាណ​​ ៧ ៧៣៤​ពាន់លានអឺរ៉ូ ។ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ បាន​ទាមទារ​អោយ​អាជ្ញាធរ​ជប៉ុន ធ្វើ​គំរោង​ថវិកា​ដ៏​ជាក់លាក់​​មួយ​ ដើម្បី​កាត់បន្ថយ​បំណុល​ដ៏​មហាសាល​នេះ។

បំណុល​សាធារណៈ​​ជប៉ុន​បានបន្ត​​កើនឡើង​ដល់​​ ៧ ៧៣៤ ពាន់​លានប្រាក់​អឺរ៉ូ កាលពី​ចុង​ខែ​មិថុនា​កន្លង​ទៅ។
បំណុល​សាធារណៈ​​ជប៉ុន​បានបន្ត​​កើនឡើង​ដល់​​ ៧ ៧៣៤ ពាន់​លានប្រាក់​អឺរ៉ូ កាលពី​ចុង​ខែ​មិថុនា​កន្លង​ទៅ។ REUTERS/Yuriko Nakao
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សុក្រ​នេះ យោងតាម​​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន បំណុល​សាធារណៈ​​ជប៉ុន​បាន​កើនឡើង​ដល់​​កម្រិត​​​​​ជាង​​មួយលាន ពាន់លាន​​យេន ដែល​ត្រូវ​ជា​ ៧​៧​៣៤ ពាន់​លានប្រាក់​អឺរ៉ូ កាលពី​ចុង​ខែ​មិថុនា​កន្លង​ទៅ។ បំណុល​សាធារណៈ​គិត​រហូត​ដល់​ចុង​ខែ​មិនា មាន​ត្រឹម​តែ​ ៩៩២ ០០០ ​ពាន់លាន​​យេន ​​ប៉ុណ្ណោះ។

យោងតាម​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ បំណុល​ជប៉ុន​​​​​មាន​កម្រិត​ត្រូវ​នឹង​២៤៥ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ ខុស​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ ជប៉ុន​មិន​ស្គាល់ថា​អ្វី​ទៅ​ជា​​វិបត្តិ​បំណុល​នោះ​ឡើយ ព្រោះថា​ជប៉ុន​ជា​ប្រទេស​ជឿនលឿន​សេដ្ឋកិច្ច​លំដាប់​ទី៣ លើ​ពិភពលោក ហើយ​​បំណុល​សាធារណៈ​ជប៉ុន​ជាង​៩០ភាគរយ ស្ថិត​នៅ​ក្រោម​ការកាន់កាប់​របស់​ប្រជាជន​ជប៉ុន​​។ ទោះ​យ៉ាងនេះ​ក្តី មូលនិធិរូបិយវត្ថុ​អន្តរជាតិ និង​អង្គការ​អន្តរជាតិ​នានា បាន​សុំអោយ​ជប៉ុន​​​ស្វែង​រក​វិធានការ​​ដោះស្រាយ​បំណុល​ដ៏​មហាសាល​នេះ អោយបាន​រហ័ស។

រដ្ឋាភិបាល​ជប៉ុន​ទើបតែ​បាន​ប្រកាស កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ថា​មាន​គំរោង​​ពង្រឹង​ថវិកា​ជាតិ តាមរយៈ​ការ​កាត់​បន្ថយចំណាយ​សាធារណៈ​អោយបាន​ ៦២ពាន់លាន​អឺរ៉ូ ចាប់ពី​ខែ​មេសា​ ឆ្នាំ​២០១៤ រហូត​ដល់​ខែ​មិនា ឆ្នាំ​២០១៦។ គិតតាម​គំរោង​​នេះ ​ជប៉ុន​អាច​កាត់បន្ថយ​ការចាយវាយ​ប្រមាណ​ជាង​៤ភាគរយ ក្នុង​មួយឆ្នាំ។ រដ្ឋាភិបាល​ជប៉ុន​នឹង​កាត់បន្ថយការចាយវាយ រឺក៏​ដំឡើងពន្ធ​បន្ថែម រឺ​ក៏​ត្រូវ​អនុវត្ត​វិធានការ​ទាំងពីរ​តែម្តង។  ពន្ធដែល​​យក​ពី​លើ​​ការចាយវាយ​ក្នុង​ស្រុក​សព្វថ្ងៃ ​មាន​កម្រិត​៥ភាគរយ ហើយ​នឹង​ឡើងដល់​៨ភាគរយ នៅខែ​មេសា ​ឆ្នាំ​ ២០១៤ និង​​ដល់​១០ភាគរយ​ នៅ​ខែ​តុលា​​ឆ្នាំ​២០១៥។

អ្នកវិភាគ​នានា​ គិតថា​គំរោង​កាត់បន្ថយ​ការចាយវាយ​សាធារណៈ​នេះ​ ប្រហែល​ជា​ពិបាក​ សម្រេច​ណាស់ ព្រោះ​ថា សព្វថ្ងៃ​ នាយករដ្ឋមន្ត្រីអភិរក្ស​និយម Shinzo Abe បាន​កំណត់​​ការ​បង្កើន​សំទុះ​សេដ្ឋកិច្ច​​ក្នុង​ស្រុក​ ជា​ទិសដៅ​នយោបាយ​សេដ្ឋកិច្ច​ជាតិ​។ រដ្ឋាភិបាល​លោកអាបេ​ បាន​ចំណាយ​​ថវិកា​រហូត​ដល់​ជាង​៤០ពាន់លាន​អឺរ៉ូ សំរាប់​ការងារ​សាធារណៈ​​ ពី​ខែ​មេសា ឆ្នាំ​២០១៣ ដល់​ខែ​មិនា​ ឆ្នាំ​២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ