អានតួអត្ថបទ
​ឥណ្ឌូណេស៊ី

រញ្ជួយ​ដី​កម្រិត​៧,៣​រីស្ទែរ​ នៅ​ឥណ្ឌូណេស៊ី ​ខណៈ​អ្នក​ជំនាញ​ព្រមាន​ពី​រលក​យក្ស​ស៊ូណាមី

គ្រោះ​រញ្ជួយ​ដី​កម្រិត​៧,៣​រីស្ទែរ​ បាន​វាយ​ប្រហារ​កោះ ​Maluku ​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌូណេស៊ី​ នៅ​ថ្ងៃ​សៅរ៍​នេះ។​ គ្រោះ​រញ្ជួយ​ដី​ប្រកប​ដោយ​អានុភាព​ខ្លាំង​ក្លា​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​កកើត​រលក​យក្ស​ស៊ូណាមី​​នៅ​ក្នុង​រយៈ​ចម្ងាយ​៣០០​គីឡូម៉ែត្រ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ភ័យ​ខ្លាច​ និង​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ។

ការ​ភ័យ​ជ្រួល​ច្របល់​ស្លន់​ស្លោ​ដោយ​ការ​រញ្ជួយដី​ក្នុង​សមុទ្រ​នៅ​កោះ​បាលី​នៅព្រឹកថ្ងៃព្រហ្បតិ៍ទី​១៣តុលា​២០១១។
ការ​ភ័យ​ជ្រួល​ច្របល់​ស្លន់​ស្លោ​ដោយ​ការ​រញ្ជួយដី​ក្នុង​សមុទ្រ​នៅ​កោះ​បាលី​នៅព្រឹកថ្ងៃព្រហ្បតិ៍ទី​១៣តុលា​២០១១។ REUTERS/Zul Eduardo
ផ្សាយពាណិជ្ជកម្ម

ពុំមាន​សេចក្ដីរាយការណ៍​បន្ទាន់​ណាមួយ ស្ដីពី​ការស្លាប់ របួស និង​ការខូចខាត​ឡើយ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​មួយ បានកើត​ឡើង​នៅ​ជម្រៅ៤៦គីឡូម៉ែត្រ​ពី​ដី នៅ​ទីប្រជុំជន Kota Ternate ក្នុង​ប្រជុំ​កោះ Maluku។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ស្ថាប័ន​វាស់​ស្ទង់​ភូមិសាស្ត្រ​អាមេរិក​។

 

ភ្លាមៗក្រោយពី​គ្រោះ​រញ្ជួយ​ដី​នោះ មជ្ឈមណ្ឌល​ព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ​នៅ​តំបន់​ប៉ាស៊ីហ្វិក បាន​លើកឡើងថា រលករ​យក្ស​ស៊ូណាមីអាច​នឹង​កើតមានឡើង​នៅតាម​ឆ្នេរ​សមុទ្រ​ដែលមាន​ចម្ងាយ​ប្រមាណ៣០០គីឡូម៉ែត្រ​ពី​កន្លែង​រញ្ជួយ​ដី។ និង​ថា ប្រសិនបើ​កើតឡើង​មែន​នោះ រលក​យក្ស​នេះ នឹង​អាច​ប៉ះពាល់​ដល់​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ហ្វីលីពីន ជប៉ុន កោះ​តៃវ៉ាន់ និង​កោះ​មួយចំនួនទៀត​នៅ​ភាគខាងត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

រលក​ស៊ូណាមិ​ដែលមាន​កំពស់​ប្រមាណ៣០សង់ទីម៉ែត្រ ទៅ១ម៉ែត្រ អាច​កើតឡើង​នៅតាម​តំបន់ឆ្នេរ​មួយចំនួន​របស់​ឥណ្ឌូណេស៊ី ខណៈ​រលក​ដែលមាន​កំពស់​ទាប​ជាង៣០សង់ទីម៉ែត្រ ត្រូវបាន​គេ​ព្រមាន​ថា អាច​នឹង​កើតឡើង​នៅតាម​តំបន់ឆ្នេរ​នៃ​ប្រទេស​ហ្វីលីពីន។

មន្ដ្រី​ទីភ្នាក់ងារ​ឧតុនិយម​របស់​ឥណ្ឌូណេស៊ី​ម្នាក់ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ខ្លួន​បានចេញ​ផ្សាយ​ការព្រមាន​ពីរ​លក​យក្ស​ស៊ូណាមី ​រួចហើយ។ ហើយ​ប្រជាជន​ដែល​រស់នៅ​ភាគ​ខាងជើង​កោះ Maluku និង​ភាគ​ខាងជើង​កោះ Sulawesi តម្រូវ​ឲ្យ​នៅ​ឆ្ងាយ​ពី​តំបន់​ឆ្នេរ​សមុទ្រ រហូត​ទាល់តែ​ការព្រមាន​ពី​លទ្ធភាព​នៃ​រលក​យក្ស​ស៊ូណាមីត្រូវបាន​គេ​ដកចេញ។
គួរ​ជម្រាបជូន​ថា ប្រទេស​ឥណ្ឌូណេស៊ី ស្ថិតនៅលើ​ខ្សែក្រវ៉ាត់​ភ្លើង​នៃ​តំបន់​ប៉ាស៊ីហ្វិក។ ជា​កន្លែង​ដែល​ស្រទាប់ផែនដី​ជួបគ្នា បង្ក​ឲ្យ​មាន​គ្រោះ​រញ្ជួយ​ដី និង​ប​ន្ទុះ​ភ្នំភ្លើង​ជា​ញឹកញាប់។

គ្រោះ​រញ្ជួយ​ដី​នៅក្រោម​បាតសមុទ្រ​នៅ​ឆ្នាំ២០០៤កន្លងទៅ បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមីដែល​បានសម្លាប់​មនុស្ស​ច្រើនជាង១សែន៧ម៉ឺន​នាក់ នៅ​ភាគ​ខាងលិច​កោះ​ស៊ូ​ម៉ា​ត្រា និង​រាប់ម៉ឺន​នាក់​ទៀត​នៅ​បណ្ដា​ប្រទេស​ដែល​ស្ថិត​តាម​បណ្ដោយ​ឆ្នេរ​នៃ​មហាសមុទ្រ​ឥណ្ឌា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ