អានតួអត្ថបទ
បារាំង-ភេរវកម្ម

បារាំង៖ ជន​ជីហាដ​អ៊ីស្លាម​ម្នាក់ ឆ្មក់​សំលាប់​មន្ត្រី​នគរបាល​បារាំង​ពីរនាក់​ប្តី​ប្រពន្ធ

មិន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​បន្ទាប់​ពី​មាន​ភេរវកម្ម​បាញ់រះ ​នៅ​ក្រុង​អ័រឡង់ដូ​ រដ្ឋហ្វ្លរីដា ​សហរដ្ឋ​អាមេរិក ​ អំពើ​ឃាតកម្ម​ដ៏​សាហាវ​មួយ​ទៀត ​បាន​កើត​ឡើង​នៅ​ ក្បែរ​ក្រុង​ប៉ារីស​ប្រទេស​បារាំង ​កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ​ ដោយ​មន្ត្រី​នគរបាល​ពីរ​នាក់​ប្តី​ប្រពន្ធ ​ត្រូវ​បាន​ជន​ជីហាដ​អ៊ីស្លាម​ម្នាក់ ​ចាក់​សម្លាប់​នឹង​កាំបិត ​យ៉ាង​សាហាវ។ ក្រសួង​មហា​ផ្ទៃបារាំង ​បាន​បើក​ការ​ស៊ើបអង្កេត ​និង​បាន​ប្រកាស​ចាត់​ទុក​ឃាតកម្ម​នេះ​ ជា​អំពើ​ភេរវកម្ម ​ដែល​រៀបចំ​និង​បញ្ជា​ដោយ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ នេះ​ជា​ភេរវកម្ម​ទ្រង់ទ្រាយ​ថ្មី​មួយ​ទៀត ​បន្ទាប់​ពី​ភេរវកម្ម​នៅ​កណ្តាល​ក្រុង​ប៉ារីស ​ពីរ​ផ្ទួនៗ​កាល​ពី​ឆ្នាំ​២០១៥ ​ហើយក៏​បាន​កើតឡើង ​ស្រប​ពេល​ដែល​គេ​កំពុង​ព្រួយ​បារម្ភ​ពី​បញ្ហា​សន្តិសុខ ​ក្នុង​ពេល​ប្រកួត​បាល់ទាត់​អឺរ៉ូ​ នៅ​ប្រទេស​បារាំង​ ផងដែរ។

រថយន្តប៉ូលីស និងរថយន្តសង្រ្គោះ នៅកន្លែង​កើតហេតុ​ក្នុង​​សង្កាត់ Magnanville យប់ថ្ងៃ​ទី​​១៣ មិថុនា​​២០១៦
រថយន្តប៉ូលីស និងរថយន្តសង្រ្គោះ នៅកន្លែង​កើតហេតុ​ក្នុង​​សង្កាត់ Magnanville យប់ថ្ងៃ​ទី​​១៣ មិថុនា​​២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

ប្តីប្រពន្ធ​ជា​មន្ត្រី​នគរបាល ​ក្លាយជា​ជនរងគ្រោះ​នៃ​អំពើ​ភេរវកម្ម៖

ហេតុការណ៏​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រហែល​ជា​៩យប់ ​ កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៣ ​មិថុនា ​នៅ​សង្កាត់​Magnanville​ ភាគ​ពាយព័្យ​ក្រុង​ប៉ារីស។ បើ​តាម​ការ​ឲ្យដឹង​ពី​រដ្ឋអាជ្ញា​បារាំង ​ ដែល​ទទួល​បន្ទុក​ស៊ើបអង្កេត​លើ​សំណុំ​រឿង​នេះ ​បាន​ឲ្យ​ដឹង​ថា ​ជន​ដៃដល់ ​បាន​លួច​ឆ្មក់​សំលាប់ ​បុរស​ម្នាក់​ដោយ​ចាក់​នឹង​កំាំបិត ​ចំនួន​៩​កាំបិត ​នៅ​ខាង​មុខ​ផ្ទះ​ជន​រង​គ្រោះតែ​ម្តង។ ជន​រងគ្រោះ ​មាន​អាយុ​៤២ឆ្នាំ ​ដែល​មាន​តំណែង​ជា​មេ​បញ្ជាការ​នគរបាល។ យោង​តាម​សាក្សី ​ជន​រងគ្រោះ​ដែល​រង​របួស​នឹង​កាំបិត ​ បាន​ព្យាយាម​ស្រែក​ហៅ​ឲ្យ​អ្នក​ជិត​ខាង​ជួយ ​មុន​នឹង​ដាច់​ខ្យល់​ស្លាប់។ បន្ទាប់​មក​អ្នក​ជិតខាង​ បាន​ទូរស័ព្ទ​ហៅ​នគរបាល ​ទើប​នគរបាល​បាន​មក​ព័ទ្ធ​ទី​កន្លែង​កើតហេតុ។

ក្រោយ​មក​ជន​ដៃដល់ ​បាន​ចូល​ទៅ​សំងំ​លាក់ខ្លួន​ នៅ​ក្នុង​ផ្ទះ​ជនរងគ្រោះ ​ដោយ​ចាប់​ប្រពន្ធ​នឹង​កូន​ជន​រងគ្រោះ ​ជា​ចំណាប់​ខ្មាំង។ ក្រុម​នគរបាល​បារាំង ​បាន​ព្យាយាម​ចរចា​ជាមួយ​ជន​ដៃដល់​រហូត​ដល់​ម៉ោង​ប្រមាណ​ជា​១២​យប់ ​ ទើប​សម្រេច​ចិត្ត​ធ្វើការ​សម្រុក​ចូល​ នឹង​បាន​បាញ់​សម្លាប់​ជន​ដៃដល់​នៅ​នឹង​កន្លែង។ ពេល​ដែល​ចូល​ទៅ​ដល់​ខាង​ក្នុង​ផ្ទះ ​ ទើប​នគរបាល​បាន​ឃើញ​សាកសព​ភរិយា​របស់​ជន​រងគ្រោះ ​អាយុ៣៦​ឆ្នាំ ​ហើយ​ក៏​ជា​មន្ត្រី​រដ្ឋបាល​នៅ​ស្នងការ​នគរបាល​ផងដែរ។ ជា​សំណាង​ល្អ ​ ក្មេង​ប្រុស​អាយុ​៣ឆ្នាំ ​ដែល​ជា​កូន​របស់​ប្តី​ប្រពន្ធ​ជន​រងគ្រោះ​ទាំងពីរ ​ មិន​បាន​មាន​របួស​អ្វី​ទេ ​ ក៏​ប៉ុន្តែ​បាន​ស្ថិត​ក្នុង​ភាព​តក់ស្លុត​ជា​ទីបំផុត។
 

ក្រោយចប់​ប្រជុំបន្ទាន់ ពីឆ្វេងទៅស្តាំ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក​ប្រធានាធិបតី លោក​នាយក​រដ្ឋមន្ត្រី និងលោក​រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ
ក្រោយចប់​ប្រជុំបន្ទាន់ ពីឆ្វេងទៅស្តាំ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក​ប្រធានាធិបតី លោក​នាយក​រដ្ឋមន្ត្រី និងលោក​រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ REUTERS/Philippe Wojazer

ភ្លាមៗ​នោះ​ដែរ ​ លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង ​បាន​ប្រកាសថា​នេះ ​គឺ​ជា​អំពើ​ភេរវកម្ម​ ហើយ​បាន​ជូន​ដំណឹង​ទៅ​លោក​ប្រធានាធិបតី​បារាំង។ ហើយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ លោក​ប្រធានាធិបតី​ ហូឡង់ ​បាន​កោះ​ប្រជុំ​បន្ទាន់​មួយ ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ​ ដើម្បី​ដាក់​ចុះ​នូវ​វិធានការ​ដោះស្រាយ។ ចំណែក​នៅ​ស្នងការ​នគរបាល​សង្កាត់​ Mureaux ​ដែល​ជា​កន្លែង​ធ្វើការ​របស់​ជន​រងគ្រោះ​ជាប្តី​ ​គឺ​មន្ត្រី​នគរបាល​ទាំងអស់​មាន​​ការ​តក់ស្លុត​យ៉ាងខ្លាំង ​ហើយ​ក៏​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផងដែរ។

 

 
ជន​ដៃដល់ ​ធ្លាប់​ជាប់​គុក​ ពីបទ​ពាក់ព័ន្ធ​នឹង​បណ្តាញ​ជីហាដ​អ៊ីស្លាម៖
យោងតាម​ព័ត៌មាន​បឋម​ដែល​ទទួល​បាន ​បាន​ឲ្យដឹង​ថា​ជន​ដៃដល់ ​ឈ្មោះ​Larossi Abballa ​ភេទ​ប្រុស​ មាន​អាយុ​២៥​ឆ្នាំ។ ជននេះ​មាន​ភូមិ​កំណើត ​នៅ​សង្កាត់​ Mantes La Jolie ​ក្បែរនឹង​ផ្ទះ​របស់​ជន​រងគ្រោះ​ដែរ។ តាមការ​ឲ្យ​ដឹង ​ជន​នេះ​ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន​ម្តង​នៅ​ឆ្នាំ​២០១១ ​ហើយ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​៣ឆ្នាំ​កាល​ពី​ឆ្នាំ​២០១៣​ ពីបទ​ពាក់ព័ន្ធ​នឹង​បណ្តាញ​បញ្ជូន​មនុស្ស ​ឲ្យ​ទៅ​ធ្វើ​ក្រុម​ជីហាដ​អ៊ីស្លាម​នៅ​ប៉ាគីស្ថាន។ ជន​នេះ​ក៏​ត្រូវ​បាន​ប៉ូលីស​តាមដាន​ដឹង​ ថា​មាន​ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​មនុស្ស​ម្នាក់ ​ដែល​ធ្លាប់​ចេញ​ចូល​ទៅ​ស៊ីរី។

តែ​យ៉ាងណា​ក៏​ដោយ ​ប្រភព​ពី​អ្នក​ស៊ើបការណ៍​បាន​បញ្ជាក់​ថា ​ កន្លង​មក​ខាង​នគរបាល​សម្ងាត់​បារាំង​ បាន​តាម​ដាន​ជន​ដៃដល់​ឈ្មោះ ​Larossi Abballa​ នេះដែរ​ តែ​ មិន​បាន​ចាត់​ទុក​ថា​ជន​នេះ​ ជា​មនុស្ស​គ្រោះថ្នាក់​ទេ។ រហូត​ដល់​កើត​ហេតុការណ៍​នេះ ​ទើប​អាជ្ញាធរ​បារាំង​ដឹង​ថា​ជន​នេះ​ ជា​បណ្តាញ​បក្សពួក​របស់​ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ដោយ​ឡែក​សាក្សី​នៅ​ក្បែរ​កន្លែង​កើត​ហេតុ ​ បាន​ឮ​ជន​ដៃដល់​ស្រែក​ថា ​« Allah Akba » ​ដែល​ជា​ភាសា​អារ៉ាប់​ប្រែថា​ព្រះ​អាឡា​ជាធំ។ ជាទូទៅឲ្យ​តែ​ពួក​ជីហាដ​អ៊ីស្លាម​រៀប​សំលាប់​មនុស្ស​ម្តងៗ ​ គឺ​ពួក​វា​តែងតែ​ស្រែក​ពាក្យ​នេះ។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ទៀត ​យោង​តាម​ប្រភព​ពី​មន្ត្រី​ប៉ូលីស ​ដែល​ធ្វើ​ប្រតិបត្តិការ​ព័ទ្ធ​ចាប់​ជន​នេះ ​បាន​បញ្ជាក់​ថា​ក្នុង​ពេល​ចរចា​គ្នា ​ជន​នេះ​បាន​និយាយ​អះអាង​ថា​ វា​ធ្វើ​សកម្មភាព​នេះ ​ដើម្បី​ព្រះ​អាឡា​របស់វា។
 

ជនLarossi Abballa រូបថតយកចេញពី​ទំព័រ​Facebook
ជនLarossi Abballa រូបថតយកចេញពី​ទំព័រ​Facebook AFP

បើតាម​ អ្នក​យក​ព័ត៌មាន​RFI​ បាន​បញ្ជាក់​ថា​ ជននេះ ​បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ថា​បាន​សំលាប់​មន្ត្រី​នរគបាល​ពីរនាក់​ប្តី​ប្រពន្ធ ​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​អាឡា។ ហើយ​មិន​ប៉ុន្មាន​ម៉ោង​ក្រោយ​មកទៀត ​នៅ​លើ​ទំព័រ​អ៊ីនធឺនែត ​Amaq ​ដែលជា​ទំព័រ​ផ្សាយ​ព័ត៌មាន​របស់​ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ បាន​ផ្សាយ​ថា ​កូន​ចៅ​ពួក​វា​ម្នាក់ ​បាន​ធ្វើ​សកម្មភាព​សម្លាប់​មន្ត្រី​នគរបាល​បារាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​សម្រេច​ នៅ​ក្បែរ​ក្រុង​ប៉ារីស។ ដូច្នេះ ​យោង​តាម​ធាតុផ្សំ​ទាំងអស់​នេះ​ ទើប​លោក​ប្រធានាធិបតី​បារាំង​ បាន​ប្រកាស​នៅ​ក្នុង​សន្ទរក​ថា ​នៅ​ព្រឹកមិញ​ថ្ងៃអង្គារ​ ថា​វា​ជា​អំពើ​ភេរវកម្ម ​ដែល​បញ្ជា ​និង​រៀបចំ​ដោយ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។

រូបភាពថ្មីនៃប្រតិបត្តិការភេរវកម្ម របស់ពួកជីហាដ៖
នេះ​ជា​រូបភាព​ថ្មី ​នៃ​របៀប​សំលាប់​មនុស្ស​របស់​ពួក​ជីហាដ​អ៊ីស្លាម។ តាម​ការ​សន្និដ្ឋាន​ជា​បឋម​ពី​ក្រុម​ស៊ើបអង្កេត ​ គឺ​ជន​នេះ​អាច​ស្គាល់​ប្តី​ប្រពន្ធ​ជន​រងគ្រោះ​ទាំង​ពីរ​នាក់​នេះ ​ ព្រោះ​ថា​ស្ត្រី​ជា​ភរិយា ​គាត់​ធ្វើ​ការ​ជា​មន្ត្រី​រដ្ឋបាល​នៅ​ស្នងការ​នគរបាល​សង្កាត់​ Mantes La Jolie​ ដែលជា​សង្កាត់​រស់នៅ​របស់​ជន​ដៃដល់​នេះ។

លោក ​នាយករដ្ឋមន្ត្រី​បារាំង ​បាន​មាន​ប្រសាសន៍​ថា ​ នេះ​ជា​របៀប​ធ្វើ​ប្រតិបត្តិការ​ថ្មី ​ ដោយ​សំដៅ​សម្លាប់​មន្ត្រី​នគរបាល​តែម្តង។ របៀប​សំលាប់​ក៏​ប្លែក​ ខុស​ពី​សព្វ​ដង​ដែរ​ ដែល​ពី​មុន​ប្រើ​កាំភ្លើង​AK ​រឺ​ក៏​គ្រាប់បែក​ច្នៃ ​តែ​ករណី​នេះ ​គឺ​ជន​នេះប្រើ​កាំបិត​ជា​អាវុធ។ លោក​នាយករដ្ឋមន្ត្រី​បារាំង ​បាន​បញ្ជាក់​ថា ​ចាប់​ពី​ពេល​នេះទៅ ​ គ្រប់​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ដោយឡែក ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​នគរបាល​ស៊ើបអង្កេត ​បាន​ចុះ​ឆែកឆេរ​នៅ​ផ្ទះ​ជន​ដៃ​ដល់។ ហើយ​នៅ​មួយ​ម៉ោង​មុន​នេះ ​ មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ ដោយ​គេ​កំពុង​សង្ស័យ​ថា ​អាច​ជា​បក្ស​ពួក​ជាមួយ​នឹង​ជន​ដៃ​ដល់​នេះ។

អ្វីដែល​សំខាន់​នា​ពេល​នេះ​ គឺ​ការ​គំរាម​កំហែង​ភេរវកម្ម ​មានពី​គ្រប់​ច្រក​ល្ហក ​និង​គ្រប់​រូបភាព​តែម្តង​ ហើយ​មិន​មែន​មាន​តែ​បារាំង​ទេ ​ដែល​រងគ្រោះ។ ជាក់ស្តែង​យើង​ឃើញ​ហើយ ​នៅ​សហរដ្ឋ​អាមេរិក​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​ដែល​មាន​អ្នក​ស្លាប់​៥០​នាក់​ ក្នុង​ហេតុការណ៍​បាញ់រះ​ នៅ​ក្នុង​ក្លឹប​រាត្រី​មួយ​ នៅ​រដ្ឋ​ហ្វ្លរីដា។ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​អឺរ៉ូ ​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​បារាំង​ ​កំពុង​តែ​ធ្វើ​ឲ្យ​គេ ​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង ​ផង​ដែរ ​ពី​បញ្ហា​សន្តិសុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ