អានតួអត្ថបទ
ន័រវែស

អំពើ​ភេរវកម្ម​ចំនួន​ពីរ​លើក​បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​តិច ៩១នាក់

កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី២២ កក្កដា​ម្សិលមិញ ប្រទេស​ន័រវែស​បាន​ទទួល​រង​នូវ​អំពើ​ភេរវកម្ម​យ៉ាង​បង្ហូរ​ឈាម​ចំនួន​ពីរ​លើក​ផ្ទួនៗ​គ្នា។ អំពើ​ភេរវកម្ម​ទីមួយ​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​អូស្លូ និង​ទីពីរ នៅ​លើ​កោះ​អូតូយ៉ា ស្ថិត​ចម្ងាយ​​ប្រមាណ​ជា ៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​អូស្លូ។ យោង​តាម​តុល្យការ​បណ្តោះអាសន្ន​ចុងក្រោយ​ផ្តល់​ដោយ​ប៉ូលិស​ន័រវែស មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៩១​នាក់ និង​រងរបួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​យ៉ាង​ខ្លំាង​អំពើ​ភេរវកម្ម​នោះ។

អគារដែលមាន​ទីស្នាក់ការរដ្ឋាភិបាលន័រវែស​បាន​រងការវាយប្រហារ​ក្នុង​ថ្ងៃទី ២២ កក្កដា ក្នុង​ទីក្រុង​អូស្លូ
អគារដែលមាន​ទីស្នាក់ការរដ្ឋាភិបាលន័រវែស​បាន​រងការវាយប្រហារ​ក្នុង​ថ្ងៃទី ២២ កក្កដា ក្នុង​ទីក្រុង​អូស្លូ REUTERS/Per Thrana
ផ្សាយពាណិជ្ជកម្ម

អំពើ​ភេរវកម្ម​ទំាង​ពីរ​លើក​ផ្ទួនៗ​គ្នា​ហាក់​ដូច​ជា​បាន​សំដៅ​លើ​រដ្ឋាភិបាល​របស់​គណបក្ស​ពលករ​ដែល​ដឹក​នំា​ដោយ​លោក​នាយករដ្ឋមន្រ្តី Jens Stoltenberg។ អំពើ​ភេរវកម្ម​លើក​ទី​មួយ​នៅ​ប្រមាណ​ជា​ម៉ោង ៣​រសៀល ម៉ោង​នៅ​ក្នុង​ប្រទេស​ ន័រវែស គឺ​សំដៅ​អគារ​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​អូស្លូ។ បើ​តាម​មើល​ទៅ, អំពើ​ភេរវកម្ម​នោះ គឺ​ជា​ការ​ផ្ទុះ​រថយន្ត​មួយ​គ្រឿង​ផ្ទុក​ពេញ​ដោយ​ជាតិ​ផ្ទុះ​ដែល​ភេរវជន​បាន​ចត​ចោល​នៅ​ក្បែរ​អគារ​នោះ។ កម្លំាង​ផ្ទុះ​បាន​បំផ្លាញ​អគារ​រដ្ឋាភិបាល​មួយ​ភាគ​ធំ​ដែល​មាន​ការិយាល័យ​របស់​លោក​នាយករដ្ឋមន្រ្តី​នៅ​ខាង​ក្នុង និង​អគារ​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្បែរ​នោះ។ ព្រឹត្តិការណ៍​នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៧នាក់ និង​រង​របួស​ប្រមាណ​ជា ១០នាក់​ផ្សេង​ទៀត។

ប៉ុន្តែ ក្រោយ​ពី​ការ​ផ្ទុះ​បន្តិច​មក ស្រាប់​តែ​មាន​ព្រឹត្តិការណ៍​បាញ់រះ​មួយ​ទៀត នៅ​កោះ​អូតូយ៉ា ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៤០គីឡូម៉ែត្រ​ពី​ទីក្រុង​អូស្លូ។ ដំបូង បុរស​ម្នាក់​ដែល​ពាក់​អាវ​ការពារ​គ្រាប់​របស់​ប៉ូលិស​បាន​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​ក្នុង​មីទិញ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រុម​យុវវ័យ​នៃ​គណបក្ស​ពលករ​របស់​លោក​នាយករដ្ឋមន្រ្តី។ បុរស​រូប​នោះ​បាន​ហៅ​អ្នក​ចូលរួម​ប្រមាណ​ជា ៦០០នាក់​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​មួយ​កន្លែង ដោយ​មូលហេតុ​សន្តិសុខ។ ភ្លាម​មួយ​រំពេច បុរស​រូប​នោះ​ក៏​បាន​ទាញ​កំាភ្លើង​បាញ់​រះ​យ៉ាង​សាហាវ​ទៅ​លើ​ហ្វូង​យុវវ័យ​ដែល​កំពុង​អង្គុយ​ប្រមូល​ផ្តុំ​គ្នា។ គឺ​នៅ​ទីនោះ​ហើយ ដែល​មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ។ បើ​យោង​តាម​តួលេខ​ចុង​ក្រោយ​ផ្តល់​ដោយ​ប៉ូលិស មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៨៤នាក់។ បើ​យោង​តាម​សាក្សី​មួយ​ចំនួន​ឲ្យ​ដឹង​ថា អ្នក​ដែល​បាន​រួច​ជីវិត ដោយសារ​តែ​ពួក​គេ​បាន​លោត​ចូល​ទៅ​ក្នុង​ទឹក​ដែល​មាន​សីតុណ្ហភាព​យ៉ាង​ត្រជាក់។

សហគមន៍​អន្តរជាតិ​នំា​គ្នា​ថ្កោលទោស​អំពើ​ភេរវកម្ម​នៅ​ន័រវែស

លោក​នាយករដ្ឋមន្រ្តី​ន័រវែស Jens Stoltenberg បាន​ចាត់​ទុក​អំពើ​ភេរវកម្ម​ទំាង​ពីរ​ផ្ទួនៗ​គ្នា​នា​ថ្ងៃ​ម្សិលមិញ​ថា ជា​សោកនាដកម្មជាតិ និង​បាន​បញ្ជូន​សារ​ទៅ​កាន់​ក្រុម​ជនដៃ​ដល់ ព្រម​ទំាង​ជន​ដែល​ស្ថិត​នៅ​ពី​ក្រោយ​អំពើ​ភេរវកម្ម​នោះ​ថា ពួក​គេ​មិន​អាច​បំផ្លាញ​ប្រទេស​ន័រវែស​បាន​ទេ ហើយ​ពួក​គេ​ក៏​មិន​អាច​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​ន័រវែស​បាន​ដែរ។ បន្ទាប់​មក គឺ​ជា​សារ​របស់​ព្រះមហាក្សត្រ​ន័រវែស ហារ៉ាល់​ទី៥ ដែល​ព្រះអង្គ​បាន​ចូលរួម​រំលែកទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ជន​រងគ្រោះ។

សហភាព​អឺរ៉ុប​ដែល​ន័រវែស​ជា​ប្រទេស​សមាជិក លោក​ប្រធាន​សហភាព​អឺរ៉ុប Herman Von Rompuy បាន​ចាត់​ទុក​អំពើ​ភេរវកម្ម​នោះ​ថា ជា​ទង្វើ​មួយ​ថោកទាប និង​បាន​សម្តែង​សាមគ្គីភាព​​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ន័រវែស។ បន្ទាប់​មក ពី​អង្គការ​អូតង់​ដែល​ន័រវែស​ជា​សមាជិក លោក​អគ្គលេខាធិការ​អូតង់ Anders Fogh Rasmussen បាន​ថ្កោលទោស និង​ចាត់​ទុក​ការ​វាយប្រហារ​នេះ​ថា ជា​ទង្វើ​មួយ​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត។ នៅ​ក្នុង​ប្រទេស​បារំាង លោក​ប្រធានាធិបតី​នីកូឡា សាកូស៊ី​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​មួយ​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន​ឡើយ។ ពី​ប្រទេស​អូស្រ្តាលី រហូត​ដល់​ទ្វីប​អាមេរិកឡាទីន ប្រតិកម្ម​ថ្កោលទោស​មាន​ច្រើន​រាប់​មិន​អស់។ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​ថ្លែង​ថា ការ​វាយប្រហារ​នេះ​បាន​ដាស់​យើង​គ្រប់​គ្នា​ឲ្យ​ប្រុងប្រយ័ត្ន និង​ពី​ភាព​ចំា​បាច់​ដែល​ត្រូវ​រួម​សហការ​គ្នា​នៅ​ក្នុង​វិស័យ​ស៊ើបការ​សំងាត់។

រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ក្រុម​មួយ​ណា​បាន​ចេញ​មុខ​ប្រកាស​ថា ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​តំាង​ពី​ថ្ងៃ​ម្សិលមិញ​មក ប៉ូលិស​ន័រវែស​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​មាន​អាយុ ៣២ឆ្នំា មាន​ដើមកំណើត​ជា​ជនជាតិ​ន័រវែស និង​ជា​មនុស្ស​ស្និទ្ធ​នឹង​គណបក្ស​ស្តំា​ជ្រុលនិយម។ បុរស​នោះ​ឯង​ដែល​បាន​បាញ់​រះ​លើ​ហ្វូង​មនុស្ស​នៅ​លើ​កោះ​អូតូយ៉ា និង​ប្រហែល​ជា​អ្នក​ដែល​បាន​រៀប​ចំ​អំពើ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​អូស្លូ​ក្នុង​ថ្ងៃ​តែ​មួយ។ ខណៈ​នេះ ប៉ូលិស​បាន​បិទខ្ទប់​សកម្មភាព​របស់​បុរស​នោះ​នៅ​តាម​បណ្តាញ​សង្គម Twitter ឬ​មួយ​ក៏ Facebook។ គឺ​តាម​រយៈ​បណ្តាញ​សង្គម​នោះ​ឯង ដែល​បុរស​រូប​នោះ​បាន​សរសេរ​ប្រាប់​ពី​ចំណង់ចំណូល​ចិត្ត និង​ពី​ជំហរ​របស់​ខ្លួន នោះ​គឺ​ប្រឆំាង​នឹង​សាសនា​អ៊ីស្លាម ស្អប់ខ្ពើម​សង្គម​មួយ​ដែល​មាន​វប្បធម៌​ចំរុះ និង​មាន​គំនិត​នយោបាយ​អភិរក្សនិយម។ យ៉ាង​ណា​ក៏​ដោយ ប៉ូលិស​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា នេះ​សុទ្ធសឹង​ជា​ហេតុផល​ដែល​ជម្រុញ​ឲ្យ​បុរស​រូប​នោះ​ប្រព្រឹត្ត​អំពើ​យ៉ាង​សាហាវ និង​កម្រោល​របៀប​នេះ។ ម្យ៉ាង​ទៀត គេ​ក៏​នៅ​​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ថា អំពើ​ភេរវកម្ម​ទំាង​ពីរ​បាន​ត្រូវ​រៀបចំ​ដោយ​បុរស​តែ​ម្នាក់​នោះ។ ជា​រួម​ទៅ ទោះ​បី​ជា​មិន​ទាន់​មាន​ជន​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​ចេញ​មុខ​ប្រកាស​ថា ជា​ស្នាដៃ​របស់​ខ្លួន​ក៏​ដោយ ក៏​មាន​សម្មតិកម្ម​ចំនួន ៣ ត្រូវ​បាន​លើក​ឡើង ទីមួយ៖ អាច​ជា​ទង្វើ​របស់​មនុស្ស​កម្រោល​ចូល ទីពីរ៖ អាច​ជា​ស្នាដៃ​របស់​ក្រុម​ជ្រុលនិយម ព្រោះ​ថា ន័រវែស​ជា​ជម្រក​របស់​ក្រុម​ណាស៊ី​ជំនាន់​ថ្មី និង​សម្មតិកម្ម​ចុង​ក្រោយ អាច​ជា​ស្នាដៃ​របស់​ក្រុម​អ៊ីស្លាមនិយមជ្រុល Jihad។

សូម​ជម្រាប​ជូន​ថា ប្រទេស​ន័រវែស​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា បាន​ដើរ​តួនាទី​ជា​អន្តរការី​ស្វែង​រក​សន្តិភាព​ឲ្យ​ប្រទេស​ស៊ូដង់ ទីម័រខាងកើត សេរីលង្កា និង​នៅ​ប៉ាឡេស្ទីន។ ម្យ៉ាង​ទៀត ក្នុង​នាម​ជា​សមាជិក​អូតង់ ន័រវែស​បាន​បញ្ជូន​ទាហាន​ខ្លួន​ទៅ​ចូល​រួម​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្តង់ និង​នៅ​លីប៊ី។ សំណួរ​ដែល​ចោទ តើ​ទង្វើ​ទំាង​អស់​នេះ ឬ ដែល​ន័រវែស​បាន​ទទួល​លទ្ធផល​នៅ​ថ្ងៃ​ម្សិលមិញ ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ