អានតួអត្ថបទ
រុស្ស៊ី

ជន​សង្ស័យ​​​សម្លាប់​មេ​បក្ស​ប្រឆាំង សារភាព​នៅ​តុលាការ ដោយ​ហេតុ​រង​ទារុណកម្ម​ខ្លាំង

នៅរុស្ស៊ី ជនឃាត់ខ្លួន​ដែល​៣​ថ្ងៃ​មុន​សារភាព​ថា បាន​បាញ់​សម្លាប់​មេប្រឆាំង​ម្នាក់ ក្នុង​ប្រទេស ឥឡូវ​ច្រាន​ចោល​ការ​សារភាព​នោះ។ “សម្តី​សារភាព កាលពី​ថ្ងៃ​៨មីនា របស់​ជន​ជាប់​សង្ស័យ​ខ្លាំង​ជាង​គេ ឈ្មោះ​Zaour Dadayev ថា​បាន​ប្រព្រឹត្ត​ឃាតកម្ម​លើ​រូប​មេ​បក្ស​ប្រឆាំង​ដ៏​ល្បី​នៅ​រុស្ស៊ី លោក បូរិស ញ៉េមសូវ ក្នុង​ក្រុង​ម៉ូស្គូ ១២​ថ្ងៃ​មុន តាម​មើល​ទៅ គឺ​បាន​ត្រូវ​ជន​នេះ​បន្លឺ​ចេញ​មក​ដោយ​ទ្រាំ​មិន​បាន​នឹង​ទារុណកម្ម​លើ​រូប​កាយ​គាត់ ពី​ខាង​អាជ្ញាធរ” - សេចក្តី​នេះ​ថ្លែង​ទៅ AFP នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​សមាជិក​ម្នាក់​នៃ “ក្រុម​ប្រឹក្សា​ពិគ្រោះ​ខាង​សិទ្ធិ​មនុស្ស” នៅ​អម​វិមាន​ក្រេមឡាំង ដែល​បាន​ទៅ​កាន់​មន្ទីរ​ឃុំឃាំង​បុរស​នោះ។

Zaur Dadayev ជន​សង្ស័យ​ដែល​រុស្ស៊ី​ចោទ​ថា​ជា​អ្នក​ធ្វើ​ឃាត​ប្រមុខ​បក្ស​ប្រឆាំង​លោក Nemtsov.
Zaur Dadayev ជន​សង្ស័យ​ដែល​រុស្ស៊ី​ចោទ​ថា​ជា​អ្នក​ធ្វើ​ឃាត​ប្រមុខ​បក្ស​ប្រឆាំង​លោក Nemtsov. ©Reuters.
ផ្សាយពាណិជ្ជកម្ម

 

តាមប្រសាសន៍សមាជិក​ក្រុម​ប្រឹក្សា​នោះ លោក Andrei Babouchkine ដែល​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ទៅ​ជួប​ជន​ឃាត់​ខ្លួន​ជាតិ​ឆេឆេន ឈ្មោះ Zaour Dadayev នៅ​ក្នុង​បន្ទប់​ឃុំឃាំង​នៃ​ពន្ធនាគារ​ម៉ូស្គូ ទាំង​អម​ដំណើរ​ដោយ​ស្ត្រី​អ្នក​កាសែត Moskovski Komsomolets ជា​កាសែត​រុស្ស៊ី​សែន​ប្រជាប្រិយ ៖

-មានមូលហេតុ ដែល​ញ៉ាំង​ឲ្យ​ជឿ​ទុក​ចិត្ត​លើ​សម្តី Zaour Dadayev ដែល​ថា គាត់​បាន​សារភាព​ក្នុង​រឿង​ធ្វើ​ឃាត​នោះ គឺ​ក្រោម​ការ​រង​ទារុណកម្ម​មែន​ពិត។
-យើង​មិន​អាច​ពោល​អះអាង​ថា គាត់​បាន​រង​នូវ​ការសួរ​ចម្លើយ​ធ្វើ​បាប​គាត់​ឡើយ ប៉ុន្តែ​យើង​បាន​ឃើញ​នឹង​ភ្នែក ស្នាម​របួស​ច្រើន​ឥត​គណនា នៅ​លើ​ខ្លួន​ប្រាណ​គាត់ បែប​យ៉ាង​ស្នាម​ស្បែក​រលាត់ ស្នាម​ជាំ​ឈាម​នៅ​ត្រង់ ក​ដៃ និង ក​ជើង ដែល​រឹត​ដោយ​ខ្នោះ​ដៃ ខ្នោះ​ជើង”។

អ្នកការពារ​សិទ្ធិ​មនុស្ស​នៅ​រុស្ស៊ី លោក Babouchkine បន្ថែមថា ៖ តាម​ដែល​បុរស Zaour Dadayev ជា​អតីត​ប៉ូលិស នៃ​កង​កម្លាំង​ពិសេស​ឆេឆេន ដំណាល​ប្រាប់​ពួក​អ្នក​ទៅ​សួរ​សុខទុក្ខ​គាត់ “ក្រោយ​ពី​រូប​គាត់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​សប្តាហ៍​មុន អស់​ពីរ​ថ្ងៃ​ជាប់ គាត់​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព កាល​ដែល​ដៃ​របស់​គាត់​ជាប់​ខ្នោះ​ផង និង​ក្បាល​របស់​គាត់​គ្រប​ជិត​ស្លុង​ផង ដោយ​ស្បោង​ក្រណាត់។ គឺ​ក្នុង​ស្ថានភាព​នេះ តាម​សម្តី Dadayev ដែល គេ​ស្រែក​គំហក​គ្មាន​ឈប់​ទៅ​គាត់ ទាំង​ចោទ​ជា​សំនួរ តើ​ឯង​ឬ ដែល​ជា​អ្នក​បាន​បាញ់​សម្លាប់​លោក ញ៉េមសូវ ? ហើយ​ខ្ញុំ តែង​ឆ្លើយ​ទៅ​វិញ​ថា “មិនមែន​ខ្ញុំ​ទេ”។

តាម​លោក Babouchkine ដដែល ៖ បុរស Zaour Dadayev បាន​ចង្អុល​ឲ្យ​ឃើញ​ថា ពេល​គេ​ចាប់​ខ្លួន​គាត់ នៅ​លើ​ដែនដី​សាធារណរដ្ឋ Ingouchie ជាប់​នឹង​ឆេឆេនី គាត់​បាន​ស្ថិត​នៅ​ជាមួយ​មិត្ត​ភ័ក្តិ​គាត់ ដែល​ជា​សហសេវិក​គាត់។ ពួក​ប៉ូលិស បាន​សន្យា​ទៅ​គាត់​ថា បើ​គាត់​សុខ​ចិត្ត​សារភាព ថា​បាន​ធ្វើ​ឃាត​លោក ញ៉េមសូវ នោះ​គេ​នឹង​ព្រលែង​មិត្ត​គាត់​ឲ្យ​មាន​សេរីភាព។ ហើយខ្ញុំ​ក៏​យល់​ព្រម ទាំង​គិត​ក្នុង​ចិត្ត​ថា បើ​អញ្ចឹង ខ្ញុំ​នឹង​ជួយ​សង្គ្រោះ​មិត្ត​ខ្ញុំ​មែន។

ជាការកត់សម្គាល់ ការ​សួរ​ចម្លើយ​ដោយ​ធ្វើ​បាប ជា​រឿង​ធម្មតា នៅ​ក្នុង​គុក និង មន្ទីរ​ឃុំឃាំង នៃ​ប្រទេស​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ