អានតួអត្ថបទ
បារាំង​-អាកាសចរណ៍

គ្រោះ​ធ្លាក់​យន្តហោះA៣២០ ៖ តើ​ពីឡុត​អមដែល​ជា​អ្នក​​បញ្ជា​យន្តហោះពេល​ធ្លាក់​ជា​នរណា ?

ក្រោយ​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋ​អាជ្ញា​បារាំង ថា​អ្នក​បើកបរ​យន្តហោះ​អម បាន​បង្ខាំង​ខ្លួន​នៅ​ក្នុង​បន្ទប់​បើកបរ​​តែ​ម្នាក់​ឯង និង​ជា​អ្នក​បញ្ជាយន្តហោះ​ម្នាក់ឯង​ឱ្យ​យន្តហោះ​Germanwingធ្លាក់​មក សំណួរ​ជា​ច្រើន​កំពុង​ចោទ​សួរ​ជុំ​វិញ​បុគ្គលិកលក្ខណៈ​របស់​ពីឡុត​អម​នេះ​។ ការ​អង្កេត​កំពុង​ផ្តុំ​កម្លាំង​លើ​អតីតកាល​របស់​អ្នក​បើក​បរ​រូប​នេះ។ ប៉ូលិស​អាល្លឺម៉ង់​បាន​ទៅ​ឆែកឆេរផ្ទះ​ទាំង​ពីរ​របស់​​អ្នក​បើក​បរ​វ័យ​ក្មេង Andreas Lubitz។ ឯ​បញ្ហា​សុវត្ថិភាព​ក្នុង​បន្ទប់​បើកបរ​ក៏​កំពុង​ក្លាយ​ជា​ប្រធានបទ​តស៊ូ​មតិ​យ៉ាង​ពុះ​កញ្ជ្រោល។ ក្រុមហ៊ុន​ខ្លះ តួយ៉ាង​Easyjet បាន​សម្រេច​ជា​ឯកតោ​ភាគី​​ ចេញ​វិធានការ​ឱ្យ​មាន​មនុស្ស​ពីរ​ជាប់ជា​ប្រចាំ​ក្នុង​បន្ទប់​បើក​បរ។

Andreas Lubitz អ្នក​បើកបរ​អម យន្តហោះ​A320 របស់​ក្រុមហ៊ុន Germanwings
Andreas Lubitz អ្នក​បើកបរ​អម យន្តហោះ​A320 របស់​ក្រុមហ៊ុន Germanwings REUTERS
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​មហាភេរវកម្ម​ថ្ងៃ​ទី ១១​កញ្ញា​២០០១ មក អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​បាន​តម្រូវ​ ​បន្ទប់​បើក​បរ​ ត្រូវ​ខណ្ឌ​ដោយ​ទ្វារ​សុវត្ថិភាព​ មិន​អាច​គាស់​ទម្លុះ​បានដោយ​ងាយៗ​ឡើយ និង​គ្មាន​ការ​​​ចេញ​ចូល​ដោយ​សេរី​​ពេល​កំពុង​ហោះហើរ​ឡើយ។ ទ្វារ​សុវត្ថិភាព​ត្រូវ​បិទ​ជិត​ឈឹង។ អ្នក​បើក​បរ​ត្រូវ​​​ទទួល​ទាន​អាហារ​ ក្នុង​បន្ទប់​បើក​បរ​ ​ហើយ​អាច​​ដើរ​ចោល​កន្លែង​បាន​ តែ​ក្នុង​ករណី​ចាំ​បាច់​តែ​មួយគត់ គឺ​ទៅ​បន្ទោរបង់។ យន្តហោះ​Airbus​ថ្មីៗ​ជំនាន់​ក្រោយ​ មាន​ដាក់​បង្គន់​និង​កន្លែង​ទម្រេត​នៅ​ក្នុង​បន្ទប់​បើក​បរ​តែ​ម្តង ដើម្បី​បញ្ចៀស​ការ​បិទ​បើក​ទ្វារ​សុវត្ថិភាព។
ចំពោះ​ការ​ចេញ​ចូល​ក្នុង​បន្ទប់​បើកបរ​វិញ មាន​តែ​ពីឡុត​ នៅ​ក្នុង​បន្ទប់​បើក​បរ​ទេ ដែល​អាចចុច​​បើក​ទ្វារ​នេះ​បា។ ពីឡុត​មាន​អេក្រង់​ សម្រាប់​មើល​អត្តសញ្ញាណ​​អ្នក​ដែល​សុំឬចង់​ចូល​​​ក្នុង​បន្ទប់​បើកបរ។ មុំ​អេក្រង់​ធំ អាច​មើល​ដឹង​​បាន​តើ​មាន​មនុស្ស​ម្នាក់ ឬ​ច្រើន​នាក់​ នៅ​មាត់​ទ្វារ​សុវត្ថិភាព។

សុវត្ថិភាព​បន្ទប់​បើកបរ

ដើម្បីសុំ​​ចូល​ បុគ្គលិក​យន្តហោះ​ត្រូវ​ចុច​ជា​បឋម​​លេខ​កូដ នៅ​ខាង​ក្រៅ​ទ្វារសុវត្ថិភាព​។ សំឡេង​រោរ៍​បាន​លាន់​ឡើងក្នុង​បន្ទប់​បើកបរ ​ទើប​ពីឡុត​ទាំងពីរ ផ្ទៀង​ផ្ទាត់មើល​មុខ​អ្នក​ចុច​សុំ ហើយ​សម្រេច​បើក​ទ្វារ​ឱ្យ​ ឬ​មិន​ឱ្យ​ចូល​។ នៅ​មាន​លេខ​កូដ​ ​មួយ​ទៀត ជា​លេខ​សម្ងាត់ខ្លាំង​ (មាន​មនុស្ស​តែ​បី​នាក់​ស្គាល់) សម្រាប់​ប្រើ​ក្នុង​ករណី​បន្ទាន់ ដូច​ជា​អ្នក​បើក​បរ​លង់លក់​បាត់​ស្មារតី ឬ​ពេល​មាន​អ្នក​បើក​បរ​នៅ​តែ​ម្នាក់​ឯង ពីឡុត​នៅ​ខាង​ក្រៅ​អាច​ត្រលប់​ចូល​ប៉ុស្តិ៍​វិញ។ ជា​មួយ​​នឹង​ការ​ចុច​លេខ​កូដ​សម្ងាត់​បន្ទាន់​នេះ (បើ​សិន​ជា​ពីឡុត​នៅ​ក្នុង​គ្មាន​សមត្ថភាព​ចុច​បើក​ទ្វារ) ៣០​វិនាទី​ក្រោយ​ទ្វារ​សុវត្ថិភាព​នឹង​បើក​ឯង។ ប៉ុន្តែ​​ពីឡុត​នៅ​ខាង​ក្នុង​ នៅ​តែ​អាច​ធ្វើ​​ការ​សម្រេច​ចិត្ត​បាន​ដូច​ដំណើរ​ការ​សុំ​ចូល​ធម្មតា ​ចុច​បើក​ឱ្យ​ចូល ឬ​ក៏​​​ចុច​កុងកាក់បិទ​​ទ្វារ​ទាំង​ស្រុង​ ពេល​នោះ​ទ្វារ​នឹង​បើក​ដោយ​ស្វ័យប្រវត្តិ​ឡើយ។

នេះ​ហើយ​ជា​ករណី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​បន្ទប់​​យន្តហោះ​A៣២០​របស់​ក្រុមហ៊ុន​Germanwings។ បើ​តាម​ប្រសាសន៍​រដ្ឋ​អាជ្ញា ដែល​ផ្អែក​លើ​សំឡេង​ថត​របស់​ប្រអប់​ខ្មៅ ពីឡុត​កុម្មង់ដង់ បាន​សាកល្បង​សុំ​ចូល​ទៅ​ក្នុង​បន្ទប់​បើក​ប​រវិញ តែ​មិន​បាន​សម្រេច។ ពីឡុត​អម​ ធ្វើ​មិន​ដឹង​មិន​ឮ​នឹង​​សំណើ​របស់​បញ្ជាការ ឬ​ពី​ប៉ុស្តិ៍​កុងត្រូល បញ្ជា​យន្តហោះ​តែ​ម្នាក់​ឯង​ចុះ​បុក​ភ្នំ។

តើ​ Andreas Lubitz ជា​នរណា និង​មាន​ប្រវត្តិ​យ៉ាង​ដូចម្តេច​ខ្លះ ?

ជា​យុវជន​ស្លួត​បូត​ មិន​សូវ​ចេះ​មាត់ក និង​មិន​ធ្លាប់​បង្ក​បញ្ហា​អ្វី​សោះ​ដល់​សង្គម។ នេះ​បើ​តាម​សំដី​សាក្សី​ជា​អ្នក​ជិត​ខាង។ មាន​អាយុ​២៨​ឆ្នាំ ជាតិ​អាល្លឺម៉ង់ Andreas Lubitz មាន​ជំនក់​ចិត្ត​ខ្លាំង​លើ​ការ​បើកបរ​យន្តហោះ​ តាំង​ពី​នៅ​ជំទង់ ចូល​ចិត្តលេង​​កីឡា​និង​ការ​ធ្វើ​ដំណើរ។ ក្រោយ​ពី​ប្រលង​ជាប់​បាក់ឌុប Andreas Lubitz បាន​ចូល​រៀន​បើក​បរ​យន្តហោះ​​នៅ​សាលា​របស់​ក្រុមហ៊ុន​Lufthansa ក្រុមហ៊ុន​អាកាសចរណ៍​មេ​របស់​ក្រុមហ៊ុន​Germanwing ហើយ​បាន​សម្រេច​បំណង​ប្រាថ្នា ដោយ​បានក្លាយ​ជា​អ្នក​បើកបរ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ នៅ​ឆ្នាំ​២០១៣។

អគ្គនាយក​ក្រុមហ៊ុន​Lufthansa នា​ឱកាស​សន្និសីទ​កាសែត ថ្ងៃព្រហស្បតិ៍​ម្សិលមិញ បាន​ប្រកាស​ថា Andreas Lubitz មាន​សមត្ថភាព​១០០%​ជា​អ្នក​បើក​បរ​ ដ៏​ពេញ​លេញ​ ដែល​មិន​អាច​​ឱ្យ​គេ​ចាប់​បាន​និង​យល់​បាន​សោះ​ ថា​ហេតុអ្វី​បាន​ជា​អ្នក​បើកបរ​វ័យ​ក្មេង​រូប​នេះ​បែរ​ជា​បង្ក​សោកនាដកម្ម​ កម្ទេច​យន្តហោះ​បែប​នេះ។ គ្មាន​ភស្តុតាង ឬ​ដាន​អ្វី​ដែល​នាំ​ឱ្យ​សង្ស័យ​ថា​ Andreas Lubitz មាន​ពាក់ព័ន្ធ​នឹង​ពួក​ភេរវជនទេ។ នេះ​បើ​តាម​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​អាល្លឺម៉ង់។

ប៉ុន្តែមាន​​ចម្ងល់​មួយ​ ! ហេតុ​អ្វី​បាន​ជា​ Andreas Lubitz ផ្អាក​ការសិក្សា​៦​ខែ ពេល​កំពុង​ទទួល​វគ្គ​បំពាក់បំប៉ន​បើក​បរ​យន្តហោះ ?! បើ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ជា​ការ​សម្ងាត់​វេជ្ជសាស្ត្រ ប៉ុន្តែ​បើ​តាម​ប្រភព​​​​ស្និទ្ធ​នឹង​គ្រួសារ​ Andreas Lubitz ធ្លាប់​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​។ កាសែតអាល្លឺម៉ង់ Bild បានប​ង្ហើប​ថា​ពីឡុត​អម​នេះ មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ កាលពី​៦​ឆ្នាំ​មុន និង​ធ្លាប់​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត។​

ការ​ត្រួត​ពិនិត្យ​សុខភាព​អ្នក​បើកបរ​យន្តហោះ

គ្រប់​គ្នា​ ​តក់​ស្លុត​យ៉ាង​ខ្លាំង នៅ​ពេល​បាន​ឮ​សម្មតិកម្ម​​ថា​ពីឡុត​អម​ បើក​យន្តហោះ​បុក​ភ្នំ ដោយ​ចេតនា និង​កាន់​តែ​ខ្លោច​ផ្សា​ទៅទៀត នៅ​ពេល​បាន​ទទួល​ដំណឹង​ថា Andreas Lubitz មាន​ប្រវត្តិ​ធ្លាប់​កើត​ជំងឺ​ផ្លូវ​ចិត្ត។ រដ្ឋអាជ្ញា​បារាំង​ ក៏​ជឿជាក់​លើ​សម្មតិកម្ម​​អត្តឃាត ជា​ជាង​​ភេរវកម្ម។
អាជីព​ជា​អ្នក​បើកបរ​យន្តហោះ​សឹង​ថា​ទទួល​បាន​តាមដាន​សុខភាព​ខ្លាំង​ជាង​មុខ​របរ​ផ្សេង​ទៀត​ខ្លាំង​ណាស់។ មុន​នឹង​អាច​ក្លាយ​ជា​អ្នក​បើក​បរ​យន្តហោះ​មាន​ការ​ត្រួត​ពិនិត្យ​សុខភាព​យ៉ាង​ច្រើន​ណាស់ ហើយ​ពេល​កំពុង​បំពេញ​ការងារ ក៏​ដូចគ្នា។ ពីឡុត​គ្រប់​រូប ត្រូវ​ឆ្លង​កាត់​វិញ្ញាសា​ត្រួត​ពិនិត្យ​សុខភាព​ យ៉ាង​ហោច​ម្តង​ក្នុង​មួយ​ឆ្នាំ អ្នក​ខ្លះ​ជា​រៀង​រាល់​៦​ខែ​ម្តង ដើម្បី​តាមដាន​សុខភាព​ផ្លូវកាយ ភ្នែក​ បេះដូង … និង​សុខភាព​ផ្លូវ​ចិត្ត។ Andreas Lubitz ត្រូវ​បាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​អាមេរិក​ចាត់​ទុក​ជា​អ្នកបើកបរ​ដែលគួរ​ឱ្យ​ទុក​ចិត្ត​ជាពិសេស នៅ​ឆ្នាំ​២០១៣​។

ប៉ុន្តែ​សុខភាព​ផ្លូវ​ចិត្ត ជា​អ្វី​ដែល​ពិបាក​មើល​នឹង​ភ្នែក និង​ជា​អ្វីដែល​អាច​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក។ វិបត្តិ​ផ្លូវ​ចិត្ត​ដែល​រុញ​ច្រាន​ឱ្យ​ដល់​ការ​​ធ្វើ​អត្តឃាត មិន​ប្រាកដ​ថា​អាច​មើល​ដឹង​មុន​ទេ។ ជួនកាល​កើត​ឡើង​ដោយ​ភ្លាមៗ ឬ​ដោយ​ហេតុ​តែ​មាន​ព្រឹត្តិការណ៍​អ្វី​មួយ​ក្នុង​គ្រួសារ​ បែកបាក់​មិត្ត​ស្រី ឬ​ត្រូវខូច​ចិត្ត​រឿង​អ្វី​មួយ​ ក៏​នាំ​ឱ្យ​សម្រេចចិត្ត​ផ្តេសផ្តាស​ភ្លាម​ពេល​នៅ​​ម្នាក់​​ឯង។

ករណី​ពីឡុត​ធ្វើ​អត្តឃាត ជា​ករណី​កម្រ​បំផុត តែ​ក៏​ធ្លាប់​បាន​​ ពិត​ជា​ធ្លាប់​កើត​មានបី​បួន​ដង​ហើយ។ អត្តឃាត​ដែល​គេ​ចង​ចាំ​ខ្លាំង​ជាង​គេ គឺ​នៅ​ឆ្នាំ​១៩៩៩ ពីឡុតអម​​នៃ​ក្រុមហ៊ុន​ ​EgyptAir បាន​ឆ្លៀត​ពេល​ពីឡុត​កុម្មង់ដង់​សម្រាក បានបញ្ជា​យន្តហោះម្នាក់​ឯង​បើក​ចុះ​មហា​សមុទ្ទ​ ស្លាប់​​​អ្នក​ដំណើរ​អស់​ជាង​ពីរ​រយ​នាក់។

តាំង​ពី​នោះ​មក​អាជ្ញាធរ​​​អាមេរិក​ បាន​ដាក់​កំហិត​ឱ្យ​មាន​មនុស្ស​ពីរនាក់​មានវត្តមាន​ជាប់​ជា​ប្រចាំ​នៅ​ក្នុង​បន្ទប់​បើកបរ។ វិធានការ​នេះ​មិន​ត្រូវ​បាន​អនុវត្ត​ក្នុង​គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​ទេ ប៉ុន្តែ​ក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ​A៣២០​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស Easyjet ​បាន​សម្រេច​ជា​ឯកតោ​ភាគី​ ឱ្យ​មាន​មនុស្ស​ពីរនាក់​​ជាប់​ជា​ប្រចាំ​នៅ​ក្នុង​បន្ទប់​បើក​បរ។ ភ្នាក់ងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវអាកាស​អឺរ៉ុប ក៏​ទំនង​ជា​ចេញ​អនុសាសន៍​ក្នុង​ទិស​នេះ​ដែរ​ ក្នុង​ពេល​ឆាប់ៗ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ