អានតួអត្ថបទ
បារំាង-អាកាសចរណ៍

ធ្លាក់យន្តហោះ Germanwings A៣២០៖ អ្នកបើកបរម្នាក់​មិន​ស្ថិត​ក្នុង​បន្ទប់​បើកបរ​ទេ​ នៅពេល​យន្តហោះ​ធ្លាក់

នៅ​ក្នុង​ប្រទេស​បារំាង ២ថ្ងៃ​ក្រោយ​ការ​ធ្លាក់​យន្តហោះ A៣២០ របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ Germanwings មក ប្រអប់ខ្មៅ​មួយ​ដែល​គេ​រក​ឃើញ​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​ដឹង​ថា មាន​អ្នកបើកបរ​ម្នាក់​មិន​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​បើកបរ​ទេ នៅ​ពេល​យន្តហោះ​នោះ​ធ្លាក់។ តាម​ការ​ស្តាប់​ខ្សែអាត់សម្លេង​ដែល​ប្រអប់​ខ្មៅ​ថត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​យន្តហោះ​បាន​ហោះ​ឡើង​បន្តិច មាន​អ្នក​បើកបរ​ម្នាក់​បាន​ងើប​ដើរ​ចេញ​ពី​បន្ទប់​បើកបរ រួច​បែរ​ជា​មិន​អាច​ត្រឡប់​ចូល​វិញ​បាន​ទេ​ក្នុង​ពេល​ដែល​យន្តហោះ​កំពុង​បន្ទាប​ខ្លួន​ចុះ​យ៉ាង​គំហុក។ ដោយឡែក ក្រុម​អ្នកស៊ើបអង្កេត​កំពុង​បន្ត​ស្វែង​រក​ប្រអប់ខ្មៅទី២ របស់​យន្តហោះ​ទៀត។

ប្រអប់ខ្មៅ​ទី១ ដែល​រក​ឃើញពី​ការ​ធ្លាក់​យន្តហោះ A៣២០ របស់​ក្រុមហ៊ុន Germanwings
ប្រអប់ខ្មៅ​ទី១ ដែល​រក​ឃើញពី​ការ​ធ្លាក់​យន្តហោះ A៣២០ របស់​ក្រុមហ៊ុន Germanwings REUTERS
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ព័ត៌មាន​មួយ​ដែល AFP ទទួល​បាន​ពី​ប្រភព​ស្និទ​នឹង​ការ​ស៊ើបអង្កេត ពិសេស​ទាក់ទង​នឹង​សម្លេង​ដែល​ប្រអប់ខ្មៅ​ថត​បាន។ លទ្ធផល​ដំបូង​ផ្តល់​ដោយ​ប្រអប់ខ្មៅ​ដែល​មាន​តួនាទី​ជា​អ្នក​ថត​សម្លេង ព្រម​កិច្ចសន្ទនា​រវាង​អ្នកបើកបរ​ទំាង​ពីរ​នាក់​ឲ្យ​ដឹង​ថា នៅ​ពេល​យន្តហោះ​បាន​ហើរ​ឡើង​ដំបូង គេ​ឮ​សូរ​សម្លេង​រំកិល​កៅអី​ថយ​ក្រោយ រួច​ឮ​សូរ​សម្លេង​បើក​ទ្វារ រួច​បិទ​ទ្វារ។ បន្តិច​ក្រោយ​មក គេ​បាន​ឮ​ស្នូរ​សម្លេង​គោះ​ទ្វារ ហើយ​នៅ​ពេល​នោះ ក៏​លែង​មាន​កិច្ចសន្ទនា​អ្វី​ទំាង​អស់​រវាង​អ្នក​បើកបរ​រហូត​ដល់​យន្តហោះ​នោះ​ធ្លាក់។ តាម​រយៈ​ខ្សែអាត់សម្លេង​ពី​ប្រអប់ខ្មៅ​នេះ​នំា​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា មាន​អ្នក​បើកបរ​ម្នាក់​បាន​ងើប​ដើរ​ចេញ​ពី​បន្ទប់​បើកបរ​ទៅ​ក្រៅ រួច​បាន​ព្យាយាម​ត្រឡប់​ចូល​មក​វិញ តែ​មិន​អាច​បើកទ្វារ​បាន។

​អ្វី​ដែល​គេ​មិន​ទាន់​អាច​ដឹង​នោះ​គឺថា តើ​អ្នកបើកបរ​មួយ​ណា​ដែល​បាន​ងើប​ដើរ​ចេញ​ពី​បន្ទប់​បើកបរ តើ​ជា Pilote commandant ឬ​មួយ​ក៏​ជា Pilote អម និង​ថា តើ​មាន​មូលហេតុ​អ្វី​បាន​ជា​អ្នក​បើកបរ​ម្នាក់​នោះ​បាន​ក្រោក​ដើរ​ចេញ​ពី​កៅអី​របស់​ខ្លួន។ អ្វី​ដែល​គេ​ដឹង អ្នក​បើកបរ​ទំាង​ពីរ​នាក់​និយាយ​ភាសា​អាល្លឺម៉ង់។ បើ​យោង​តាម​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Germanwings គឺ​ក្រុមហ៊ុន Lufthansa ឲ្យ​ដឹង​ថា រូប Pilote អម បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​តំាង​ពី​ឆ្នំា ២០១៣ និង​ធ្វើ​ការ​ហោះហើរ​បាន​ជាង ៦០០ម៉ោង។ ដោយឡែក ក្រៅ​ពី​ឮ​សូរ​សម្លេង​ទាញ​កៅអី​ថយ​ក្រោយ និង​ស្នូរ​បើក បិទ​ទ្វារ​របស់​បន្ទប់​បើកបរ ប្រអប់ខ្មៅ​ក៏​បាន​ផ្តល់​ស្នូរ​សម្លេង​អាសន្ន​ដែល​បញ្ជាក់​ពី​យន្តហោះ​ស្ថិត​ក្បែរ​ដី​ដែរ។

អ្វី​ជា​ការ​កត់សម្គាល់ ព័តមាន​នេះ​បាន​បញ្ជាក់​ដូច​គ្នា​ទៅ​នឹង​ព័ត៌មាន​លើក​ឡើង​ដោយ​កាសែត​អាមេរិកំាង New York Times ដែល​ចុះ​ផ្សាយ​សម្តី​អ្នកស៊ើបអង្កេត​ម្នាក់​ដែល​ថា នៅ​ក្នុង​ប្រអប់ខ្មៅ​នោះ គេ​បាន​ឮ​សូរ​សម្លេង​ការ​ព្យាយាម​វាយទ្វារ​បន្ទប់​អ្នកបើកបរ។ គួរ​រម្លឹក​ជូន​ថា តំាង​ពី​ក្រោយ​មហា​ភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ មក ទ្វារ​បន្ទប់អ្នកបើកបរ​យន្តហោះ​ត្រូវ​ចាក់​សោ​ពី​ខាង​ក្នុង​ដើម្បី​ចៀសវាង​ទង្វើ​ចូល​គំរាម​អ្នកបើកបរ​ក្នុង​គោលដៅ​ពង្វាង​យន្តហោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ