អានតួអត្ថបទ
បារំាង-អាកាសចរណ៍

មនុស្ស​មក​ពី​១៨ប្រទេស ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ អាល្លឺម៉ង់​ Germanwing

 ចំនួន​ជនរងគ្រោះ​អាល្លឺម៉ង់ និង​អេស្ប៉ាញ បាន​កើនឡើង ជាបន្តបន្ទាប់ នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ Airbus A ៣២០ កាលពីថ្ងៃ​អង្គារ។ តួលេខ​ចុងក្រោយ​បាន​បង្ហាញ​ថា មាន​ជនជាតិ​អាល្លឺម៉ង់ ៦៧​នាក់ និង​អេស្ប៉ាញ ៥១​នាក់ មាន​ឈ្មោះ​នៅក្នុង​បញ្ជី​អ្នកដំណើរ​របស់​យន្តហោះ Germanwing ដែល​ធ្លាក់​នៅភាគខាងត្បូង​ប្រទេស​បារាំង។ នៅថ្ងៃ​ពុធ ក្រសួងការបរទេស​បារាំង​បាន​បង្ហាញ​ដែរថា ជាសរុប ជនរងគ្រោះទាំង ១៥០​នាក់ មាន​ដើម​កំណើត​មកពី​១៨​ប្រទេស។ នៅថ្ងៃ​ពុធ​ដដែល ប្រមុខដឹកនាំ​បារាំង អាល្លឺម៉ង់ និង​អេស្ប៉ាញ​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កាន់ទុក្ខ​ជនរងគ្រោះ នៅ​ក្បែរ​កន្លែងដែល​យន្តហោះ ​ធ្លាក់ កាលពី​ថ្ងៃ​អង្គារ។ 

ពីឆ្វេង​ទៅ​ស្តំា លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Merkel លោក​ប្រមុខ​រដ្ឋបារំាង Hollande និង​លោក​នាយករដ្ឋមន្រ្តី​អេស្បាញ Rajoy
ពីឆ្វេង​ទៅ​ស្តំា លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Merkel លោក​ប្រមុខ​រដ្ឋបារំាង Hollande និង​លោក​នាយករដ្ឋមន្រ្តី​អេស្បាញ Rajoy REUTERS/Diego Crespo/Moncloa
ផ្សាយពាណិជ្ជកម្ម

 

នៅរសៀល​ថ្ងៃ​ពុធ ប្រធានាធិបតី​បារាំង លោក​ហ្រ្វង់ស័រ ហូឡង់ និង​លោកស្រី​នាយក​រដ្ឋមន្រ្តី​​អាល្លឺម៉ង់ អង់ហ្គែឡា ម៉ែរគែល បាន​ធ្វើ​ដំណើរ​តាម​ឧទ្ធម្គាគចក្រ ​ហោះឆ្វែល​ មើល​ពីលើ កន្លែង​សោកនាដកម្ម ធ្លាក់​​យន្តហោះ Airbus A 320 ដែល​បាន​សម្លាប់​មនុស្ស​១៥០នាក់ កាលពីថ្ងៃ​អង្គារ។

នៅក្នុង​សន្និសីទ​កាសែត​រួមគ្នា នៅ​សែន ឡេ សាល់ Seyne les Alpes ដែល​ស្ថិតនៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​យន្តហោះ​អាល្លឺម៉ង់ Germanwing ធ្លាក់ លោកប្រធានាធិបតី​បារាំង​បាន​សន្យា​ជួយ​ស្វែងរក​សាកសពជនរងគ្រោះ និង​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​វិញ។ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្គែឡា ម៉ែរគែល​ និង​នាយករដ្ឋមន្រ្តី​អេស្ប៉ាញ ម៉ារីយ៉ូ រ៉ាហយបាន​ថ្លែង​អំណរ​គុណ​ដល់​បារាំង​ដែល​សកម្ម​ខ្លាំង​ក្នុង​ការស្វែងរក​ជនរងគ្រោះ​ដែល​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់យន្តហោះ។

ប៉ូលិស​អាវុធហត្ថ​ ៣០០​នាក់ ក្រុមជួយសង្រ្គោះ ជាង​១០០​នាក់ និង​អ្នកប្រមាញ់ ៧០​នាក់ របស់​បារាំង រួម​ទាំង​មន្រ្តី​ស៊ើបអង្កេត​របស់​អាយ្យការ​២០០​នាក់​បាន​ចូលរួម នៅក្នុង​ប្រតិបត្តិការ​រុករក​សាកសព និង​បំណែក​យន្តហោះ។

តាំងពីថ្ងៃ​ពុធ អ្នកស៊ើបអង្កេត​១២​នាក់​បាន​ផ្តើម​ប្រតិបត្តិការ​កំណត់​អត្តសញ្ញាណ​របស់​ជនរងគ្រោះ។ នៅល្ងាច​ថ្ងៃ​ពុធ តាម​ឧទ្ធម្ភាគចក្រ គេ​ចាប់ផ្តើម​ប្រមូល​យក​បំណែក​សាកសព​របស់​ជនរងគ្រោះ មួយចំនួន ដែល​ដាច់ ជាច្រើន​បំណែក ដូចជា​បំណែក​តូចល្អិត​របស់​យន្តហោះ​​ដែរនោះ ទៅ​ដាក់​នៅ​Seyne les Alpes។ គ្រូពេទ្យ​ជំនាញ​បារាំង​ដែល​ប្រចាំ​ការ​រួចជាស្រេច​នៅ​ Seyne les Alpesនឹង​ត្រូវ​ពិនិត្យ​វិនិច្ឆ័យ​លើ​ ​ANDដើម្បី​កំណត់​អត្តសញ្ញាណ និង​ប្រមូល​ផ្គុំ​សាកសព​ជនរងគ្រោះ​ឡើងវិញ។ តាម​​រដ្ឋអាជ្ញា​បារាំង ការងារ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ នឹង​អាច​ត្រូវការ​ពេលវេលា​រាប់សប្តាហ៍។ តាម​មន្រ្តី​ស៊ើបអង្កេត​ម្នាក់​ដែល​បាន​ចុះ​ទៅដល់​កន្លែង​ផ្ទាល់ សាកសព​បែក​ចេញ ជា​ច្រើន​បំណែក ហើយ​បំណែក​ដែល ធំជាងគេ ដែល​គេ​រកឃើញ មានទំហំ មិនធំ​ជាង​កូនកាតាប​មួយទេ។

ជំរំតង់​ដែលនឹង​ផ្តល់​ជា​កន្លែងស្នាក់ កន្លែង​ពិគ្រោះ​លើក​ទឹកចិត្ត និង​មន្ទីរពេទ្យ​ចល័ត ត្រូវ​បានបង្កើតឡើង ដើម្បី​រៀបចាំ ទទួល​គ្រួសារ​ជនរងគ្រោះ ដែល​មួយ​ចំនួន បាន​​ធ្វើដំណើរ​ជា​បណ្តើរៗ ទៅ​ជិត​កន្លែង​យន្តហោះ​ធ្លាក់។

យោងតាម​រដ្ឋមន្រ្តី​ការបរទេស​បារាំង Laurent Fabius មាន​ជនជាតិ ចំនួន ១៨ ដែល​រងគ្រោះ​ស្លាប់ នៅក្នុង​សោកនាដកម្ម​ធ្លាក់​យន្តហោះ អាល្លឺម៉ង់ Germanwing ក្នុង​នោះ មាន​ជនជាតិ អាល្លឺម៉ង់ ៧២​នាក់ អេស្ប៉ាញ ៥១​នាក់។ ក្រៅពីនោះ មាន​ជនជាតិ ម្នាក់ ឬ​ពីរនាក់ ផ្សេងទៀត មក​ពីអាហ្សង់ទីន អូស្ត្រាលី បែលហ្ស៊ិក កូឡុំប៊ី ដាណឺម៉ាក សហរដ្ឋអាមេរិក អង់គ្លេស អ៊ីរ៉ង់ អ៊ីស្រាអែល ជប៉ុន ហូឡង់ កាហ្សាក់ស្ថាន វេណេស៊ុយអេឡា ម៉ារ៉ុក ម៉ិចស៊ិក។

នៅ​ល្ងាច​ថ្ងៃ​ពុធដែរ នៅក្នុង​សន្និសីទ​ដាច់ដោយឡែកមួយ នៅ​ជាយក្រុង​ប៉ារីស ប្រធាន​ការិយាល័យ ស៊ើបអង្កេត និង​វិភាគ​BEA​របស់បារាំង​បាន​និយាយ​ថា គេ​អាច​ដកស្រង់​បាន​ព័ត៌មាន​ពី​ប្រអប់ខ្មៅ​ទីមួយ ដែល​គេ​បាន​រកឃើញ កាលពីថ្ងៃ​អង្គារ។ ប្រធាន​​BEA​របស់បារាំង លោក​Rémy Jouty មិនបាន​និយាយ​លម្អិត​ពី​ខ្លឹមសារ​នៅក្នុង​ប្រអប់ខ្មៅ​ទី និងជាពិសេស មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្តហោះ Airbus A ៣២០នោះទេ។ ប្រអប់ខ្មៅ ដែល​គេ​រកឃើញ​នៅថ្ងៃ​អង្គារ​មាន​ថត​រាល់​សំឡេង​ សន្ទនា នៅក្នុង​បន្ទប់អ្នកបើក​យន្តហោះ។ តាម​ ប្រធាន​​BEA​ គេ​ត្រូវរង់ចាំ​ផ្គូផ្គង​ជាមួយ​ទិន្នន័យ​របស់​ប្រអប់ខ្មៅ​មួយទៀត ដែល​គេ​កំពុង​បន្ត​ស្វែងរក រហូតមកដល់​ថ្ងៃ​ពុធ។ តាម​លោកប្រធានាធិបតី​ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ គេ​បាន​រកឃើញ​សំបក រុំ​ប្រអប់ខ្មៅ​ទីពីរ នៅថ្ងៃ​ពុធ ប៉ុន្តែ ប្រអប់ខ្មៅ​ផ្ទាល់ នៅ​បាត់ស្រមោល នៅឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ