អានតួអត្ថបទ

​បារាំងរង​គ្រោះ​ភេវរកម្ម​ជីហាត​កាត់-ក ជា​លើក​ទី​មួយ​​នៅ​ក្នុង​ប្រទេស

ប្រទេស​បារាំង នៅ​ថ្ងៃ​សុក្រ​ ទី ២៦ មិថុនា ២០១៥ ​នេះ ​បាន​រង​គ្រោះ​ភេរវកម្ម​ជីហាត​ជា​ថ្មី​មួយ​ទៀត។ ជា​ ការ​វាយប្រហារ​ភេរវកម្ម​ ​ បែប​ឃោរឃៅ​ដូចទង្វើ​របស់​ពួកអង្គការ​​​​រដ្ឋ​អ៊ីស្លាម​ ដោយ​មាន​ជន​រងគ្រោះ​ម្នាក់ ត្រូវ​កាត់​ក និង​មាន​មនុស្សពីរ​នាក់​រង​គ្រោះ ក្រោយ​សំឡេង​ផ្ទុះ។ ភេរវជន​​សង្ស័យ​ ដែល​ធ្លាប់​មាន​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​​អ៊ីស្លាម​ជ្រុលនិយម​​ត្រូវ​​​ចាប់​ខ្លួន​បាន​ ក្រោយ​ការ​កើត​ហេតុ​បន្តិច។

ប៉ូលិស​ចាប់​ខ្លួន​ស្ត្រី​ ​ជា​ប្រពន្ធរបស់​ភេរវជន​សង្ស័យ​
ប៉ូលិស​ចាប់​ខ្លួន​ស្ត្រី​ ​ជា​ប្រពន្ធរបស់​ភេរវជន​សង្ស័យ​ © Reuters
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​ភេរវកម្មបាន​ផ្ទុះ​ឡើង​នៅ​វេលា​ម៉ោង ១០​ព្រឹក ក្នុង​តំបន់​​រោង​ចក្រ​ឧស្សាហកម្ម​ឧស្ម័ន​មួយ​ ក្បែរ​ក្រុង​លីយ៉ុង ក្រុង​ដ៏​ធំ​ទី​បី​របស់​បារាំង។ បើ​តាម​ប្រភព​ព័ត៌មាន​បឋម ភេរវជន​បាន​បើក​​រថយន្ត​កាមីញ៉ុង​តូច​មួយ សំដៅ​បុក​អាគារ​ក្រុមហ៊ុន ឱ្យ​ចំ​ធុង​ហ្កាស ជា​ហេតុ​បង្ក​ឱ្យ​មាន​ការ​​​ផ្ទុះ​ឆេះ​ឡើង។ មនុស្ស​ពីរ​នាក់​បាន​រង​របួស​ ហើយនៅ​ក្បែ​រ​នោះ​​គេ​ប្រទះ​ឃើញ សាក​សព​មនុស្ស​​ម្នាក់ដាច់​ក រុំ​ដោយ​ទង់ជាតិ​សរសេរ​ជាភាសា​អារ៉ាប។ ជន​រងគ្រោះ​នេះ​ជា​ប្រធាន​ក្រុមហ៊ុន​ដឹកជញ្ជូន​​ម្ចាស់​ឡាន​ដែល​ភេរវជន​បើក​បំផ្ទុះ។

ភេរវ​ជន​សង្ស័យម្នាក់​ ដែល​ចាប់​ខ្លួន​បានភ្លាម មាន​ឈ្មោះ  យ៉ាស៊ីន សាលី អាយុ​៣៥​ឆ្នាំ ធ្លាប់​មាន​ឈ្មោះ​ក្នុង​បញ្ជី​​ជន​អ៊ីស្លាម​ជ្រុល​និយម​សាឡាហ្វីស នៅ​ពី​ឆ្នាំ​២០០៦​មក​  តែ​មិន​បាន​សើរើ​តាំង​ពី​ឆ្នាំ​២០០៨​មក និង​​គ្មាន​ប្រវត្តិ​ជាប់​ទោស​ទេ។ មនុស្ស​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​ឃាត់​ខ្លួន ក្នុង​នោះ​មាន​ម្នាក់​គឺ​ជា​ប្រពន្ធ​ និង​ប្អួន​ស្រី​ របស់​យ៉ាស៊ីនសាលីផង។

 
​បើ​តាម​ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ​ហូឡង់ ដែល​​បាន​រួស​រាន់​ចាក​ចេញ​ពី​ជំនួប​ប្រជុំអឺរ៉ុប ត្រលប់​មក​ក្រុង​ប៉ារីស​វិញ ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​​ ភេរវជន​ទំនង​ជា​មាន​គ្នា​យ៉ាងហោច​ពីរ​នាក់។ ភេរវកម្ម​ដ៏​ឃោរ​ឃៅ​នៅ​បារាំង​លើក​នេះ​ ផ្ទុះ​ឡើង​ក្នុង​ខណៈ​ដែល​មាន​ភេរវកម្ម​ផ្ទុះ​ឡើង​ដែរ​នៅ​ទុយនីស៊ី មាន​ស្លាប់​២៧​នាក់​ ខ្លះ​ជា​ទេសចរបារាំង​​ផង និង​ចំពេល​ដែល​បណ្តា​ជន​អ៊ីសា្លម​កំពុង​ប្រារព្ធ​ពិធី​តម​អាហារ​​តាម​បែប​សាសនា​ទៀត និង​ក្រោយ​មហាភេរវកម្ម​ក្រុង​ប៉ារីស​តែ​៦​ខែ​ប៉ុណ្ណោះ។​

នាយក​រដ្ឋមន្ត្រី​បារាំង​ដែល​កំពុង​បំពេញ​ការងារ​​នៅ​អាមេរិក​ខាង​ត្បូង​ ក៏​បាន​បង្ខើច​ទស្សនកិច្ច​របស់​ខ្លួន បាន​បញ្ជា​ពី​ចម្ងាយ​ឱ្យ​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់ឧស្សាហកម្ម​ហ្កាស​ដ៏​រសើប​​។ ប្រមុខ​ដឹកនាំ​អាល្លឺមង់​ អេស្ប៉ាញ​បាន​បញ្ចេញ​ប្រតិកម្មរួម​ដៃ​ជាមួយ​បារាំង​ប្រយុទ្ធ​ប្រឆាំង​ដាច់​ខាត​នឹង​អំពើ​ភេរវនិយម។ អ្នក​នយោបាយ​បារាំង​គ្រប់​ពណ៌​សម្បុរ​ក៏​មិន​បង្អង់​នឹងថ្កោល​ទោស​ទង្វើ​ភេរវកម្ម​នេះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ