អានតួអត្ថបទ
បារាំង

បារាំង៖​​ការ​​ប្រកួត​​កីឡា​​បាល់ទាត់​​អឺរ៉ុប​ចាប់​ផ្តើម​ជាមួយ​នឹង​សន្តិសុខ​កម្រិត​ខ្ពស់ និង​វិបត្តិ​សង្គម​​តានតឹង

នៅ​ក្នុង​ប្រទេស​បារាំង ការ​ប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​អឺរ៉ុប​ចាប់​ផ្តើម​ពី​ថ្ងៃ​សុក្រ ទី១០ មិថុនា​នេះ​រហូត​ដល់​ថ្ងៃ​អាទិត្យ ទី១០ កក្កដា។ នេះ​ជា​មោទនភាព​មួយ​ធំ​ណាស់​សម្រាប់​បារាំង​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ព្រោះ​ការ​ប្រកួត​បាល់ទាត់​អឺរ៉ុប​មិន​ត្រឹម​ជា​ព្រឹត្តិការណ៍​កីឡា​សម្រាប់​ប្រទេស​បារាំង ឬ​មួយ​ក៏​សម្រាប់​តែ​អឺរ៉ុប​ទេ តែ​ជា​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដូច​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​អ៊ីចឹង​ដែរ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ពិធី​រៀបចំ​កីឡាបាល់ទាត់​អឺរ៉ុប​ក្នុង​ប្រទេស​បារាំង​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​វិបត្តិសង្គម​នៅ​បារាំង​កំពុង​បន្ត​យ៉ាង​ក្តៅគគុក ហើយ​ស្រមោល​នៃ​អំពើ​ភេរវកម្ម​នា​ពេល​ថ្មីៗ​ក្នុង​ទីក្រុង​ប៉ារីស​ក៏​នៅ​មិន​រលំ​បាត់​ទាំង​ស្រុង​ដែរ។

ទិដ្ឋភាព​ក្នុង​ពហុកីឡាដ្ឋាន Stade de France
ទិដ្ឋភាព​ក្នុង​ពហុកីឡាដ្ឋាន Stade de France Reuters
ផ្សាយពាណិជ្ជកម្ម

ពិធី​បើក​សម្ភោធ​ការ​ប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​អឺរ៉ុប​ចាប់​ផ្តើម​នៅ​ម៉ោង ៨ និង ៥០នាទី​យប់​ថ្ងៃ​សុក្រ ទី១០ មិថុនា ម៉ោង​ក្នុង​ប្រទេស​បារាំង ត្រូវ​ជា​ម៉ោង ១ និង ៥០នាទី​រំលង​អធ្រាត្រ​ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចំណែក​ក្រុម​កីឡាករ​ដែល​ត្រូវ​ចូលរួម​ប្រកួត​បើកឆាក គឺ​បារាំង និង​រ៉ូម៉ានី​នៅ​ឯ​ពហុកីឡាដ្ឋានជាតិ Stade de France ស្ថិត​ក្បែរ​ទីក្រុង​ប៉ារីស។ ការ​ប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​អឺរ៉ុប​រៀបចំ​ក្នុង​ប្រទេស​បារាំង​នឹង​មាន​រយៈពេល ១ខែ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​សុក្រ ទី១០ មិថុនា​រហូត​ដល់​ថ្ងៃ​អាទិត្យ ទី១០ កក្កដា។

នៅ​ក្នុង​ការ​ប្រកួត​ដែល​ត្រូវ​ចូលរួម​ដោយ ២៤ប្រទេស​អឺរ៉ុប​រយៈពេល ១ខែ​នេះ រដ្ឋាភិបាល​បារាំង​បាន​ជ្រើសរើស​យក​ទីក្រុង​ធំៗ​ចំនួន ១០ ដើម្បី​រៀបចំ។ នៅ​ក្នុងទីក្រុង​ប៉ារីស ក៏​ដូច​នៅ​ក្នុង​ទីក្រុង​ធំៗ​ចំនួន ៩ទៀត​ដែល​រៀបចំ​ការ​ប្រកួត​កំពុង​ពោរពេញ​ដោយ​ភ្ញៀវទេសចរណ៍​គ្រប់​ជាតិសាសន៍។ ក្រៅ​ពី​ការ​ចូលរួម​ទស្សនា​ផ្ទាល់​នៅ​តាម​ពហុកីឡាដ្ឋាន​នានា​ដោយ​ទិញ​សំបុត្រ រដ្ឋអំណាច​នៅ​ក្នុង​ទីក្រុង​ធំៗ​ដែល​ទទួល​ការ​រៀបចំ​ក៏​បាន​បង្កើត​ឲ្យ​មាន Fan Zone ដើម្បី​ឲ្យ​អ្នកគាំទ្រ​អាច​ចូល​រួម​ទស្សនា​ដោយ​ផ្ទាល់ និង​ដោយ​មិន​យក​លុយ។
 
តាម​ការ​ប្រមើល​ទុក ការ​ប្រកួត​កីឡាបាល់ទាត់​អឺរ៉ុប​រយៈពេល ១ខែ​ក្នុង​ទីក្រុង​ធំ​ទាំង ១០ របស់​បារាំង​នឹង​មាន​ទស្សនិកជន​ចូលរួម​ទស្សនា ២លាន ៥សែន និង​អ្នកទស្សនា​ផ្ទាល់​នៅ​តាម Fan zone មាន​ពី ៧ ទៅ ៨លាន​នាក់។
 
សន្តិសុខ​ជា​អាទិភាព​របស់​រដ្ឋាភិបាល​បារាំង
 
អាទិភាព​ទី១ របស់​រដ្ឋាភិបាល​បារាំង គឺ​សន្តិសុខ​ដែល​បារាំង​បាន​រឹតបន្តឹង​កាន់​តែ​ខ្លាំង​ថែម​ទៀត​នៅ​ក្នុង​ការ​ប្រកួតបាល់ទាត់​អឺរ៉ុប​រយៈពេល ១ខែ​នេះ។ សូម​ជម្រាប​ជូន​ថា តាំង​ពី​ក្រោយ​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​នា​ខែ​វិច្ឆិកា​កន្លង​ទៅ​មក រដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន និង​បាន​បន្ត​រក្សា​ទុក​ភាព​អាសន្ន​នេះ​រហូត​ដល់​ចប់​ការ​ប្រកួត​កីឡាបាល់ទាត់​អឺរ៉ុប​នៅ​ខែ​កក្កដា​ខាង​មុខ។ ពិត​ណាស់​ថា ទោះ​បី​ជា​គ្មាន​សញ្ញា​គំរាមកំហែង​ភេរវកម្ម​ណា​មួយ​នៅ​ក្នុង​ការ​ប្រកួត​កីឡាបាល់ទាត់​អឺរ៉ុប​នេះ​ក៏​ដោយ ក៏​រដ្ឋាភិបាល​បារាំង​មិន​បាន​ធ្វេសប្រហែស និង​មើលស្រាល​ចំពោះ​បញ្ហា​នេះ​ដែរ។ បារាំង​បាន​ត្រៀម​ខ្លួន និង​បន្ត​គិត​ថា ខ្លួន​នៅ​តែ​ជា​ផ្ទាំងស៊ីប​វាយប្រហារ​របស់​អង្គការ​ភេរវនិយម។
 
អ៊ីចឹង​ហើយ​បាន​ជា​នា​ឱកាស​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​អឺរ៉ុប​នេះ រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កម្លាំងសន្តិសុខ​សរុប​ចំនួន ១០០ ០០០នាក់ ក្នុង​នោះ​មាន​កម្លាំង​ប៉ូលិស និង​កងអាវុធហាត់​ចំនួន ៧៧ ០០០នាក់ កម្លាំង​ទាហាន ១០ ០០០នាក់ និង​កម្លាំងសន្តិសុខ​ឯកជន​ស៊ីវិល​ចំនួន ១៣ ០០០នាក់។ កម្លាំង​សន្តិសុខ​ឯកជន​ស៊ីវិល​​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ដើម្បី​ឆែកឆេរ និង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ច្រក​ចេញ ចូល​តាម​ពហុកីឡាដ្ឋាន និង​នៅ​តាម​ទីកន្លែង Fan Zone។ សម្រាប់​បារាំង ការ​ធានា​សន្តិសុខ​នៅ​ក្នុង​ពិធី​ប្រកួត​កីឡាបាល់ទាត់​អឺរ៉ុប​ជា​រឿង​ក្រពុលមុខ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ប្រយ័ត្នប្រយែង និង​ការ​យក​ចិត្ត​ខ្ពស់​ជាង​ការ​ធានា​សន្តិសុខ​ក្នុង​ពេល​ដែល​បារាំង​បាន​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​នា​ពេល​កន្លង​មក។
 
នៅ​ក្នុង​សន្និសីទ ការ​ធានា​សន្តិសុខ​ត្រូវ​ធ្វើ​ឡើង​តែ​លើ​ទីតាំង​រៀបចំ​សន្និសីទ​តែ​មួយ និង​ការពារ​សុវត្ថិភាព​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​បរទេស​ដែល​ចូលរួម​ក្នុង​រយៈពេល​ខ្លី។ តែ​សម្រាប់​ការ​ប្រកួត​កីឡាបាល់ទាត់ ការ​ធានា​សន្តិសុខ​ត្រូវ​ធ្វើ​ឡើង​រយៈពេល​យូរ និង​លើ​មុខ​ព្រួញ​ច្រើន រួម​មាន ពហុកីឡាដ្ឋាន Fan Zone សណ្ធាគារ​ដែល​ក្រុមកីឡាករ​ស្នាក់នៅ ទីកន្លែង​ទេសចរណ៍​សំខាន់ៗ និង​ជា​ពិសេស គឺ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ទស្សនិកជន​គ្រប់ជាតិសាសន៍​ដែល​មាន​មិន​តិច​ជាង ១០លាននាក់។
 
វិបត្តិសង្គម​កំពុង​អាប់​មុខ មាត់​បារាំង
 
វិបត្តិសង្គម​ក្នុង​បារាំង​សព្វថ្ងៃ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​តិច ឬ​ច្រើន​ដល់​ដំណើរ​ការ​រៀបចំ​ការ​ប្រកួតកីឡាបាល់ទាត់ និង​ដែល​មិន​អាច​កំបាំង​ភ្នែក​ភ្ញៀវទេសចរណ៍​បរទេស​បាន​ទេ។ បារាំង​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡាបាល់ទាត់​អឺរ៉ុប​ដែល​មាន​ភ្ញៀវទេសចរណ៍​បរទេស​គ្រប់ជាតិសាន៍​មក​ចូលរួម​ទស្សនា​ជា​ច្រើន​លាននាក់។ តែ​គួរ​ឲ្យ​ស្តាយ បារាំង​កំពុង​ធ្លាក់​ក្នុង​វិបត្តិសង្គម​មួយ​ដែល​រូបភាព​ក្បួនបាតុកម្ម​នៅ​តាម​ដង​ផ្លូវ​កំពុង​ចូល​ជំនួស​រូបភាព​កីឡាបាល់ទាត់​អឺរ៉ុប​ដែល​ភ្ញៀវទេសចរណ៍​បរទេស​មិន​ចង់​ឃើញ​ទាល់​តែ​សោះ។
 
សូម​រម្លឹក​ជូន​ឡើង​វិញ​ថា អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ​ដែល​ពលរដ្ឋ​បារាំង​ភាគច្រើន​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​ច្បាប់​ថ្មី​ស្តីពី​ការងារ។ ចំណែក​ការ​ចរចា​រវាង​រដ្ឋាភិបាល និង​ក្រុមសហជីព​កំពុង​ជាប់គាំង ដោយ​គ្មាន​អ្នក​ណា​សុខ​ចិត្ត​ធ្វើ​សម្បទាន​ឲ្យ​អ្នក​ណា​ទេ។ បាតុកម្ម​កំពុង​ផ្ទុះ​ចេញ​នៅ​សឹង​គ្រប់​វិស័យ​ទាំង​អស់ តាំង​ពី​បុគ្គលិក​បម្រើ​ការងារ​ក្នុង​វិស័យ​ដឹកជញ្ជូន​សាធារណៈ​ផ្លូវគោក ផ្លូវអាកាស រហូត​ដល់​បុគ្គលិក​បម្រើ​ការងារ​ផ្នែក​ប្រមូលសម្រាម​នៅ​តាម​ទីធ្លា​សាធារណៈ។
 
នៅ​ថ្ងៃ​បើក​ពិធី​សម្ភោធ​ថ្ងៃ​នេះ ផ្ទាំងស៊ីប​របស់​បាតុករ​ផ្នែក​ដឹកជញ្ជូន​សាធារណៈ គឺ​កាត់​បន្ថយ​ចំនួន​រថភ្លើង​ដែល​ដឹក​អ្នកដំណើរ​ទៅ​កាន់​ពហុកីឡាដ្ឋាន។ ចំណែក​ផ្ទាំងស៊ីប​របស់​អ្នក​ប្រមូលសម្រាម គឺ​ទុក​សម្រាម​ឲ្យ​គរ​ស្អុយ​នៅ​កន្លែង​ទេសចរណ៍ ពិសេស​ក្នុង​ក្រុង​ប៉ារីស។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​វិបត្តិសង្គម និង​ការ​ភ័យ​ខ្លាច​អំពើ​ភេរវកម្ម​មិន​អាច​ហាម​ឃាត់​ពលរដ្ឋ​បារាំង និង​ភ្ញៀវបរទេស​ឲ្យ​ចូលរួម​សប្បាយ​នា​ឱកាស​ពិធី​រៀបចំ​ប្រកួត​បាល់ទាត់​អឺរ៉ុប​ពេល​នេះ​បាន​ទេ។ អារម្មណ៍​ភ័យ​ខ្លាច​នៅ​តែ​មាន តែ​គេ​មិន​បាន​យក​រឿង​មួយ​នេះ​ដាក់​ខ្លួន​ដើម្បី​សម្ងំ​ក្នុង​ផ្ទះ​បាន​ឡើយ។
 
ជាក់ស្តែង​នៅ​យប់​មិញ មាន​ការ​រៀបចំ​ប្រគុំតន្រ្តី​នៅ​ក្នុង​តំបន់ Fan zone ក្បែរTour eiffel ក្នុង​ក្រុង​ប៉ារីស​ដោយ​មាន​មនុស្ស​ចូលរួម​ជិត ៩ម៉ឺននាក់​ជាមួយ​នឹង​ភ្លេង​យ៉ាង​ទ្រហឹង​អឺងកង។ ពិធី​ប្រគំតន្រ្តី​បាន​ប្រព្រឹត្តិ​ទៅ​រហូត​ដល់​អធ្រាត្រ និង​គ្មាន​រឿងរ៉ាវ​អ្វី​កើត​ឡើង​ទាំង​អស់។ នេះ​ជា​ការ​ធ្វើ​តេស្ត​ប្រកប​ដោយ​ជោគជ័យ​ដែល​រដ្ឋាភិបាល​សង្ឃឹម​ទទួល​បាន​ក្នុង​រយៈពេល ១ខែ​នៃ​ការ​រៀបចំ​ប្រកួត​កីឡាបាល់ទាត់​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ