អានតួអត្ថបទ

បារាំងឈ្នះបាល់​​ តែ​ពុំ​ទាន់​យក​ឈ្នះ​វិបត្តិ​សង្គម​បាន

២​ទល់​នឹង​មួយ ! នេះ​ជា​លទ្ធផល​នៃ​ការ​ប្រកួត​បាល់ទាត់​រវាង​បារាំង​និងរ៉ូម៉ានី នៅ​យប់​មិញ នា​ឱកាស​បើក​កម្មវិធី​បាល់​ទាត់​អឺរ៉ុប​ Euro២០១៦។ កីឡាករ​បារាំង និង​ប្រជាពលរដ្ឋ​ទាំង​មូល នាំ​គ្នា​អបអរ​យ៉ាង​ខ្លាំង ចំពោះ​ជោគជ័យ​ដំបូង​នេះ ប៉ុន្តែភា​ព​រីករាយ​ត្រូវ​បាន​បង្រួម​ដោយ​វិបត្តិ​សង្គម។ បាតុកម្ម​របស់​បុគ្គលិក​នៅ​ក្នុង​វិស័យ​ដឹកជញ្ជូន​សាធារណៈ​ (រថភ្លើង ...)​ និង​បុគ្គលិក​ប្រមូល​សម្រាម មិន​ទាន់​ដោះស្រាយ​ចេញ​ផង ថ្ងៃ​នេះ​បុគ្គលិក​អាកាសចរណ៍ ក៏​នាំ​ធ្វើ​បាតុកម្ម​ដែរ។

ក្រុមកីឡាករ​បារាំង​និង​រ៉ូម៉ានី ក្នុង​ពិធី​បើក​ការ​ប្រកួត​បាល់ទាត់​Euro ២០១៦
ក្រុមកីឡាករ​បារាំង​និង​រ៉ូម៉ានី ក្នុង​ពិធី​បើក​ការ​ប្រកួត​បាល់ទាត់​Euro ២០១៦ AFP/Miguel Medina
ផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​លើ​វិញ្ញាសា​សន្តិសុខ​និង​សុវត្ថិភាព អាជ្ញាធរ​បារាំង​ត្រូវ​ប្រឈម​នឹង​​សម្ពាធ​សង្គម​ដ៏​ធ្ងន់ធ្ងរ។​ បន្ទាប់​ពី​ចលនា​បាតុកម្ម​ របស់​បុគ្គលិក​ក្នុង​វិស័យ​ដឹក​ជញ្ជូន​អយស្ម័យយាន​សាធារណៈ លើ​និ​ងក្រោម​ដី បាតុកម្ម​របស់​ក្រុម​ប្រមូល​សម្រាម ថ្ងៃ​នេះ​ក្រុមបុគ្គលិក​លើ​អាកាស នៃ​ក្រុម​ហ៊ុន​អាកាសចរណ៍​អ៊ែរហ្វ្រង់​ក៏​ចេញ​ធ្វើ​កូដកម្ម ដែល​បាន​បង្ក​ឱ្យ​ចរាចរណ៍​ហោះហើរ​​មាន​ការ​រអាក់​រអួល​ ក្នុង​កំរិត​២០%។

 
ក្រុមសហជីព​ ដែល​បើ​ទោះ​ជា​បី​បាន​ព្រមព្រៀង​ចូល​ជួប​តំណាង​រដ្ឋាភិបាលឆាប់ៗ​នេះ​ក៏​ដោយ ក៏​នៅ​សន្យា​ប្រមូល​គ្នាបាន​ជាង​មួយ​លាន​២​សែន​ ដើម្បី​ចុះ​ថ្នល់ធ្វើ​បាតុកម្ម​ជាតិ​ ​នៅ​ថ្ងៃ​ទី ១៤ មិថុនា​ខាង​មុខ។

ប៉ុន្តែ​ជ័យជំនះ​របស់​បារាំង​លើ​រ៉ូម៉ានី​យប់​មិញ បាន​​អនុញ្ញាត​ឱ្យ​បារាំង​ផ្ទុះ​អំណរ​ និង​រីករាយ​ ភ្លេចអស់​ការ​​ខ្វល់​ខ្វាយ​ពី​វិបត្តិ​សង្គម​ មួយ​រយៈ។ ​​កម្មវិធីបើក​​ប្រកួត​កីឡា​បាល់ទាត់​អឺរ៉ូ២០១៦ បានប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ណែន​ពហុកីឡាដ្ឋាន​ជាតិ បន្ទាប់​ពី​បាន​ឆ្លង​របង​ឆែកឆេរ​សុវត្ថិភាព​​ដ៏​តឹង​តែង។ ភាព​រីក​រាយ​មាន​កាន់​ខ្លាំង​ថែម​ទៀត​ នៅ​ពេល​​ក្រុមកីឡាករ​បារាំង​បាន​យក​ឈ្នះ​រ៉ូម៉ានី ២-១។

នៅ​តាម​កន្លែង​ប្រមូល​ផ្តុំ​ចាក់​បញ្ចាំង​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់​Fan Zone ដែល​មាន​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​និង​សុខ​សន្តិស​ដ៏​តឹង​តែង​ដែរ​វិញ ចំនួន​អ្នក​ចូល​រួម​​​មាន​តិច​ជាង​ការ​គ្រោង​ទុក​ដល់​ទៅ​ពាក់​កណ្តាល។ ប៉ុន្តែ​គឺ​នៅ​ថ្ងៃ​សៅរ៍​នេះ​ទេ ដែល​អាជ្ញាធរ​ត្រូវ​ប្រុង​ប្រយ័ត្ន​កាន់​តែ​​​ខ្លាំង។ ​ការ​ប្រកួត​​រវាង​​អង់គ្លេស​និង​រុស្ស៊ី នៅ​ពហុកីឡាដ្ឋាន​ជាតិ​ភាគ​ខាង​ត្បូង​ប្រទេស (ក្រុង​ម៉ារសី) ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ហានិភ័យ​ខ្ពស់​ខ្លាំង អាច​នាំ​ឱ្យ​មាន​​ភាព​ហិង្សា​ប៉ះទង្គិច​គ្នា​រវាង​អ្នក​គាំទ្រកីឡាករ​ម្ខាងៗ។ កាលពី​យប់​ថ្ងៃព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ អ្នក​គាំទ្រ​កីឡាករ​ពីរ​ប្រទេស​នេះ បាន​ប្រឈម​មុខ​ដាក់​គ្នា​ម្តង​រួច​ហើយ និង​ឈាន​ដល់​ការ​ចាប់​ឃាត់​ខ្លួន​​​បី​បួ​នាក់​ផង៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ