អានតួអត្ថបទ

បារាំងគ្រោងចំណាយ​​ជិត៣០០​ពាន់លាន​អឺរ៉ូ​លើ​វិស័យការពារជាតិ​ពី​ឆ្នាំ២០១៩​ដល់​២០២៥

រដ្ឋាភិបាល​របស់​លោក​អេម៉ានុយអែល ម៉ាក្រុង គ្រោង​នឹង​បង្កើន​ការ​ចំណាយ​ក្នុង​វិស័យការពារជាតិ​បារាំង រហូត​ទៅដល់ទៅ​ជិត ៣០០​ពាន់លាន​អឺរ៉ូ នៅ​ក្នុង​រយៈពេល ៦ឆ្នាំ ខាងមុខ គឺ​ពី​ឆ្នាំ២០១៩ រហូត​ទៅដល់ឆ្នាំ២០២៥។ ការ​បង្កើន​ថវិកា​ការពារជាតិ​ដ៏ច្រើន​សន្ធឹកសន្ធាប់នេះ ត្រូវ​ធ្វើឡើង ក្រោយ​ពី​មាន​ការ​កាត់បន្ថយ​ជា​បន្តបន្ទាប់​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ។

លោក​​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង នៅ​ពេល​កំពុង​ត្រួតពល កាល​ពីថ្ងៃទី១៩ មករា ២០១៨
លោក​​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង នៅ​ពេល​កំពុង​ត្រួតពល កាល​ពីថ្ងៃទី១៩ មករា ២០១៨ REUTERS/Jean-Paul Pelissier
ផ្សាយពាណិជ្ជកម្ម

កញ្ចប់ថវិកា​ការពារជាតិ​ថ្មី​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​របៀបវារៈ នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​បារាំង នៅថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​បើ​យោងតាម​លោក​អេម៉ានុយអែល ម៉ាក្រុង ការ​បង្កើន​កញ្ចប់ថវិកា​ការពារជាតិ​ដ៏ច្រើន​សន្ធឹកសន្ធាប់​មិនធ្លាប់មាន​នេះ គឺ​ក្នុងគោលដៅ​ធ្វើយ៉ាងណា ឲ្យ​​ការ​ចំណាយ​ក្នុង​វិស័យ​ការពារជាតិ​កើនឡើង​ដល់ ២% នៃ​ផលិតផល​ក្នុងស្រុកសរុប នៅ​ឆ្នាំ២០២៥ ស្រប​ទៅតាម​កាតព្វកិច្ច​​របស់​បារាំង ក្នុងនាម​ជា​សមាជិក​បក្ស​សម្ព័ន្ធ​អូតង់។

គួរបញ្ជាក់ថា នៅ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​សេដ្ឋកិច្ច បារាំង​តែងតែ​បាន​ធ្វើការ​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​វិស័យ​ការពារជាតិ​ជា​បន្តបន្ទាប់ ជាពិសេស​ តាមរយៈ​ការ​កាត់បន្ថយ​ការ​ទិញបរិក្ខា​កងទ័ព និង​ការ​កាត់បន្ថយ​បុគ្គលិកយោធា រហូត​ដល់​ទៅ ៦ម៉ឺននាក់ ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ២០១៥​កន្លងទៅ។ ការ​កាត់បន្ថយ​ថវិកា​ការពារជាតិ ដែល​ជា​ដើមហេតុ​ដែល​​ធ្វើ​ឲ្យ​មាន​ភាពចម្រូងចម្រាស​ជា​រឿយៗ រវាង​រដ្ឋាភិបាល​ និង​ស្ថាប័ន​កងទ័ព ហើយ​រហូត​ធ្វើ​ឲ្យ​នាយអគ្គសេនាធិការ​កងទ័ព​លាឈប់​ពីតំណែង កាល​ពី​ខែកក្កដា ឆ្នាំ​ទៅមិញ ដោយសារ​តែ​មាន​ទំនាស់​ជាមួយ​លោក​ប្រធានាធិបតីម៉ាក្រុង ជុំវិញ​ការ​កាត់បន្ថយ​ថវិកា​យោធានេះ។

ប្រតិកម្ម​ទៅនឹង​ដំណឹង​ស្តីពី​ការ​បង្កើន​ថវិកា​ការពារជាតិ​នេះ អតីត​នាយ​អគ្គសេនាធិការ​កងទ័ព ដែល​លាឈប់​ពីតំណែង​កាល​ពី​ឆ្នាំ​ទៅមិញ បាន​បង្ហាញ​នូវ​ភាព​ប្រយ័ត្នប្រយែង ដោយ​បានលើកឡើង​ថា តាម​បទពិសោធន៍​កាល​ពី​ពេល​កន្លងមក ទាក់ទង​នឹង​កញ្ចប់​ថវិកា​ការពារជាតិនេះ រដ្ឋាភិបាល​ច្រើនតែ​សន្យាហើយ​ តែ​មិនអនុវត្ត​បាន​ពេញលេញ​ទៅតាម​ការសន្យា។

កញ្ចប់​ថវិកា​ការពារជាតិ​ដែល​គណៈរដ្ឋមន្រ្តី​បារាំង​កំពុង​ពិភាក្សា​នៅ​ពេលនេះ ផ្តោត​ជា​សំខាន់​ទៅលើ​ចំណុច​សំខាន់​បី។

ទីមួយ គឺ​ការ​បង្កើន​បុគ្គលិក​ទ័ព ដែល​គ្រោង​នឹង​ជ្រើសរើស​ថ្មី​ប្រមាណ​ជា ៦ពាន់នាក់ ដោយ​ផ្តោត​អាទិភាព​ជាពិសេស​ទៅលើ​ផ្នែក​ចារកិច្ច និង​សន្តិសុខ​នៃ​ប្រព័ន្ធ​អ៊ីនធ័រនែត។

ចំណុច​សំខាន់ទីពីរ គឺ​ការ​ធ្វើ​ទំនើបកម្ម​នៃ​បរិក្ខា​កងទ័ព ដោយ​នឹង​ផ្តោត​​អាទិភាព​ជាពិសេស​លើ​ការ​ជំនួស​បរិក្ខា​យោធា​ចាស់ៗ ព្រមទាំង​​ការ​បង្កើន​​បរិក្ខាយោធា​​ដែល​ចាំបាច់​ក្នុង​វិស័យ​ចារកិច្ច រួមមាន​ដូចជា​ ផ្កាយរណប ដ្រូន និង​យន្តហោះឈ្លបយកការណ៍ ជាដើម។

ចំណុចសំខាន់ទី៣ គឺ​ផ្តោត​លើ​ចក្ខុវិស័យ​យោធា​សម្រាប់​រយៈពេលវែង តាមរយៈ​ការ​សិក្សា​លើ​លទ្ធភាព​ក្នុង​ការ​ផលិត​នាវាផ្ទុក​យន្តហោះ​ថ្មី ដើម្បី​ជំនួស​នាវាផ្ទុក​យន្តហោះ​​តែមួយគត់ ដែល​បារាំង​មាន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ព្រមទាំង​ការ​សិក្សា​ពី​បច្ចេកវិទ្យា​ទំនើបថ្មី សម្រាប់​​ផលិតយន្តហោះចម្បាំង និង​រថក្រោះ ដែល​អាច​សម្របខ្លួនទៅតាម​ការ​វិវឌ្ឍ​នៃ​ប្រតិបត្តិការ​យោធា​ទៅថ្ងៃ​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ