អានតួអត្ថបទ
អង់គ្លេស

កាសែត​អង់គ្លេស​បង្ហាញ​ឈ្មោះ​មេពេជ្ឈឃាត​ជីហាត ដែល​ទទួល​ខុសត្រូវ​លើ​ការប្រហារជីវិត​ចំណាប់ខ្មាំង

នាយករដ្ឋមន្រ្តី​អង់គ្លេស លោក​ដាវីដ កាមឺរូន កាលពីថ្ងៃ​សុក្រ​ទី ២៧ បាន​ចេញមុខ ការពារ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស បន្ទាប់ពី​ប្រព័ន្ធផ្សព្វផ្សាយ​អង់គ្លេស និង​អាមេរិក​បាន​ចុះផ្សាយ​ថា មេពេជ្ឈឃាត​នៃ​ក្រុមជីហាត​របស់​អង្គការ​រដ្ឋអ៊ីស្លាម ដែល​មាន​ឈ្មោះ​មូហាមេដ អេមវ៉ាហ្ស៊ី តាម​ពិត​ធ្លាប់​ស្ថិតនៅក្នុង​បញ្ជី​តាមដាន​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់។ 

នាយករដ្ឋមន្រ្តី​អង់គ្លេស​ធ្វើ​សន្និសីទ​កាសែត ថ្ងៃ​ទី ២៧​កុម្ភៈ បន្ទាប់​ពី ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស​រង​ភ្លើង​រិះគន់​ពី​កាសែត ក្នុង​រឿង​អត្តសញ្ញាណ​របស់​មេពេជ្ឈឃាត Jihadi John
នាយករដ្ឋមន្រ្តី​អង់គ្លេស​ធ្វើ​សន្និសីទ​កាសែត ថ្ងៃ​ទី ២៧​កុម្ភៈ បន្ទាប់​ពី ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស​រង​ភ្លើង​រិះគន់​ពី​កាសែត ក្នុង​រឿង​អត្តសញ្ញាណ​របស់​មេពេជ្ឈឃាត Jihadi John © REUTERS/Rebecca Naden
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃ​ក្រោយ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស និង​អាមេរិក​ចុះផ្សាយ​ព្រោងព្រាត បញ្ជាក់​អត្តសញ្ញាណ​របស់​មេពេជ្ឈឃាត ជីហាត នាយករដ្ឋមន្រ្តី​អង់គ្លេស លោក​ដាវីដ កាមឺរ៉ូន បាន​ប្រកាស​នៅក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃ​សុក្រ ថា រដ្ឋាភិបាល​របស់​លោក​នឹង​ធ្វើការ​ជាមួយ​ប៉ូលិស និង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អង់គ្លេស ដើម្បី​តាមចាប់​មេឧក្រិដ្ឋជន​ដៃដល់។

 
ប្រព័ន្ធផ្សព្វផ្សាយ​អង់គ្លេស ដូចជា​BBC The Guardian និង​កាសែត​អាមេរិក ​The Washington Post ឬ​The New York Times​ជាអ្នកទម្លាយ​ឈ្មោះ មេ​ពេជ្ឈឃាត​ដែល​គេ​តែងតែ​ឃើញ​នៅក្នុង​វីដេអូ​ប្រហារ​ជីវិត​អ្នកកាសែត អាមេរិកាំង អ្នកធ្វើការ​មនុស្សធម៌​អង់គ្លេស និង​ចុងក្រោយ អ្នកកាសែត​ជប៉ុន ដែល​ពួកជីហាត​ចាប់ធ្វើ​ជាចំណាប់ខ្មាំង។

ក្នុង​សម្លៀកបំពាក់​ខ្មៅ បិទមុខជិត និង​ឈរ​កាន់កាំបិត​សស្ញាច គំរាម​អារ​ក ចំណាប់ខ្មាំង​ពាក់អាវ​ពណ៌​ទឹកក្រូច Jihadi John ដែល​និយាយ​អង់គ្លេស តាមរបៀប​អ្នកទីក្រុង​ឡុងដ៍ ត្រូវ​កាសែត​ជឿ​ថា មាន​ឈ្មោះ ពិតប្រាកដ​មូហាមេដ អេមវ៉ាហ្ស៊ី។ មានដើម​កំណើត​ជា​ជនជាតិ​កូវ៉ែត និង​រស់នៅ​ក្នុង​ទីក្រុង​ឡុងដ៍ តាំងពី​អាយុ ៦​ឆ្នាំ មូហាមេដ អេមវ៉ាហ្ស៊ី​ធ្លាប់​បាន​ទទួល​សញ្ញាប័ត្រ ព័ត៌មានវិទ្យា​ពី​សកលវិទ្យាល័យ Westminster មុន​នឹង​ទៅ​ចូលរួម​ជាមួយ​ពួក​ជីហាត នៅ​​ប្រទេស​ស៊ីរី។

តាម​អង្គការ​ការពារ​សិទ្ធិ​អ្នកកាន់សាសនា​អ៊ីស្លាម ឈ្មោះ Cage មូហាមេដ អេមវ៉ាហ្ស៊ី​អាច​ចុះចូល​ជាមួយ​ក្រុមអ៊ីស្លាម​ជ្រុលនិយម បន្ទាប់​ពី​រងការដាក់សំពាធ និង​ការប្រមាថ​មើលងាយ​ពី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស។ តាម​អង្គការ​Cage ភ្នាក់ងារ​សម្ងាត់​អង់គ្លេស​បាន​ព្យាយាមរើសបញ្ចូល​មូហាមេដ អេមវ៉ាហ្ស៊ី ឲ្យធ្វើ​ជា​ចារកិច្ច​របស់ខ្លួន ប៉ុន្តែ មិន​បាន​សម្រេច។ នេះ​ស​បញ្ជាក់​ឲ្យឃើញ​ថា មូហាមេដ អេមវ៉ាហ្ស៊ី​ធ្លាប់​ស្ថិត​ក្នុង​បញ្ជី​តាមដាន យូរមក​ហើយ របស់ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់។ ប៉ុន្តែ កាសែត​អង់គ្លេស និងអាមេរិក ​ចោទសួរ​ថា ហេតុអ្វី​ជា​គេ​បណ្តោយ​ឲ្យ​មូហាមេដ អេមវ៉ាហ្ស៊ី​អាច​ធ្វើដំណើរ​ទៅ​ប្រយុទ្ធ​កៀកស្មា​ជាមួយ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី​បានទៀត?

នៅក្រោយ​ការចុះផ្សាយ​រិះគន់​របស់​កាសែត ប៉ូលិស​អង់គ្លេស​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​លើក​ហេតុផល ថា គេ​កំពុង​ដំណើរការ​ស៊ើបអង្កេត​រក​អត្តសញ្ញាណ​ពិតប្រាកដ​របស់​មេពេជ្ឈឃាត Jihadi John។ តាម​វិទ្យាស្ថាន អង់គ្លេស មួយ​ក្នុងទីក្រុង​ឡុងដ៍ មាន​ជនជាតិ​អង់គ្លេស ៧០០​នាក់​ដែល​ប្រយុទ្ធ​សម្រាប់​ក្រុមជីហាត ក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់។ ពួកគេ​ទាំងនោះ​បាន​ចូលរួម​ប្រយុទ្ធ ស៊ុប​ក្នុង​សង្រ្គាម ដោយ​អាច​ទទួល​យក​បេសកកម្ម ជា​ភេរវជន​អត្តឃាត អ្នកចាប់ជំរិត​មនុស្ស ឬ​ជាមេពេជ្ឈឃាត។

អ្នកជំនាញ​យោធា​ជាច្រើន ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា គេពិបាក​នឹង​អន្តរាគមន៍​យោធា​លើ​សមរភូមិ​ប្រយុទ្ធ ដើម្បី​ចាប់​មេពេជ្ឈឃាត​ជនជាតិ​អង់គ្លេស យក​កាត់ទោស​តាមច្បាប់។ ប៉ុន្តែ អ្វី​ដែល​គេ​ដឹង នៅពេលនេះ ជនអាវខ្មៅ បិទមុខ​Jihadi John ដែល​​ត្រូវ​គេ​ស្គាល់​ឈ្មោះ មូហាមេដ អេមវ៉ាហ្ស៊ី​នឹង​មិនអាច​ធ្វើដំណើរ​ដោយស្រួល ចូល​ក្នុង​ទឹកដី​អង់គ្លេស​វិញទេ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ