អានតួអត្ថបទ
តួកគី

វិបត្តិសេដ្ឋកិច្ច និងនយោបាយ​ផ្តាច់ការ​អាចធ្វើ​ឲ្យ​អំណាច​ប្រធានាធិបតី​តួកគី រង្គោះរង្គើ

នៅ​ថ្ងៃ​អាទិត្យទី ៧​មិថុនា ប្រជាជន​តួកគី ប្រមាណ ៥៤​លាន​នាក់ ត្រូវ​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​តំណាងរាស្រ្ត។ ក្រៅតែ​ពីបញ្ជាក់​ចំនួន​កៅអី​របស់​គណបក្ស​កាន់​អំណាច​នៅ​សភា លទ្ធផល​បោះឆ្នោត​សភា នៅ​តួកគី​ដើរ​តួ​សំខាន់​ផងដែរ ក្នុង​ការកំណត់​អនាគត​អំណាច​ប្រធានាធិបតី​តួកគី លោក​រេស៊ិប តាយ៊ីប អ៊ែរដូហ្គាន ដែល​បាន​ដឹកនាំ​រដ្ឋាភិបាល​តួកគី អស់​១៣​ឆ្នាំមកហើយ។ 

ប្រធានាធិបតី តួកគី លោក​អ៊ែរដូហ្គាន (ឆ្វេង) និងភរិយា​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​នៅថ្ងៃ​អាទិត្យ​ទី ៧​មិថុនា
ប្រធានាធិបតី តួកគី លោក​អ៊ែរដូហ្គាន (ឆ្វេង) និងភរិយា​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​នៅថ្ងៃ​អាទិត្យ​ទី ៧​មិថុនា ©REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​សភា នៅ​តួកគី នៅ​ឆ្នាំ ២០១៥ នេះ ដើរ​តួនាទី​សំខាន់ ជាង​ការបោះឆ្នោត​ណាៗ​ទាំងអស់។ លើកនេះ គណបក្ស​កាន់អំណាច​របស់​លោក​ប្រធានាធិបតី រេស៊ិប តាយ៊ីប អ៊ែរដូហ្គាន ចង់​យក​ការបោះឆ្នោត​សភា ទៅ​បំរើ​មហិច្ឆតា ប្រមូល​ផ្តុំអំណាច​នៅ​លើ​ប្រធានាធិបតី។ លោកប្រធានាធិបតី អ៊ែរដូហ្គាន រំពឹង​ថា គណបក្ស​កាន់អំណាច​របស់​លោក នឹង​អាច​ដណ្តើម​បាន​អាសនៈ​២ភាគ​៣​នៅ​សភា (ចំនួន ៣៦៧ ក្នុងចំណោម​អាសនៈ​សរុប ៥៥០) ដែល​នឹង​អនុញ្ញាត​ឲ្យ​គណបក្ស​អាច​បោះឆ្នោត ដោយ​សំឡេង​ភាគច្រើន ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​ប្រជាមតិ។

 
លោក​រេស៊ិប តាយ៊ីប អ៊ែរដូហ្គាន​មកពី​ក្រុម​អ៊ីស្លាម អភិរក្សនិយម បានឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតីតួកគី កាលពី​ខែ សីហា​ឆ្នាំ​២០១៤។ តាម​រដ្ឋធម្មនុញ្ញ អំណាច​ប្រធានាធិបតី មាន​កំណត់ និង​មិន​អាច​លូកដៃ ចូល​ក្នុង​កិច្ចការ​សម្រេច​របស់​រដ្ឋាភិបាល និង​សភាទេ។ ដូច្នេះ ដោយ​ធ្វើ​កំណែទ្រង់ រដ្ឋធម្មនុញ្ញ លោក​ប្រធានាធិបតី អ៊ែរដូហ្គាន ចង់​ប្រែក្លាយ​របប​សភា ឲ្យ​ទៅ​ជា របប​ប្រធានាធិបតី ពោល​គឺ​រាល់​អំណាច​ទាំងអស់ មិនថា ប្រតិបត្តិ ឬ​និតិប្រតិបត្តិ ត្រូវ​ប្រមូល​ផ្តុំ​ឲ្យ​មក​ស្ថិត​នៅក្រោម​អំណាច​គ្រប់គ្រង​របស់​ប្រធានាធិបតី​តែម្នាក់។

គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍​របស់​លោក​ប្រធានាធិបតី​ អ៊ែរដូហ្គាន ដែល​ឈ្នះឆ្នោត មិន​ដែល​ចាញ់ តាំង​ពី​ឆ្នាំ ២០០២​មក ត្រូវ​គេ​រំពឹងថា នឹង​ឈ្នះឆ្នោត​ម្តងទៀត ដោយ​គ្មាន​សង្ស័យ។ ក៏​ប៉ុន្តែ អ្វីដែល អាច​ប្រែប្រួល​ខុសពី​ការបោះឆ្នោត មុនៗ គឺ គណបក្ស​កាន់​អំណាច​នឹង​មិនអាច​ទទួល​បាន​សំឡេង​ភាគច្រើន នៅ​សភា ដូចមុនៗ​ទេ។ វិបត្តិ​សេដ្ឋកិច្ច យុវជន​គ្មានការងារ និង​នយោបាយ​ផ្តាច់ការ គាបសង្កត់​ទៅលើ​សេរីភាព​បញ្ចេញមតិ របស់​លោក​ប្រធានាធិបតី​ អ៊ែរដូហ្គាន ជា​ហេតុផល​ចំបង​ដែល​អាច​ធ្វើ​ឲ្យ​គណបក្ស​កាន់អំណាច បាត់បង់​សំឡេង​ឆ្នោត នៅ​សភា។

មួយវិញ​ទៀត គណបក្សរបស់​ក្រុមគួក តួកគី​ដែល​កំពុង​ទទួល​ប្រជាប្រិយភាព គាំទ្រ​ពី​ប្រជាជន​គួក ដែល​តំណាង ឲ្យ​២០​ភាគរយ នៃ​ប្រជាជន​តួកគី​កំពុង​ប៉ង​ចង់​ដណ្តើម​ឲ្យ​បាន​សំឡេង ១០ភាគរយ នៅក្នុង​សភា។ តាម​ប្រព័ន្ធ​បោះឆ្នោត​នៅ​តួកគី បរាជ័យ​របស់​គណបក្ស​តូចៗ​នឹង​ផ្តល់​សំលេង​ជា​ស្វ័យប្រវត្តិ​ទៅ​ឲ្យ​គណបក្ស​កាន់អំណាច​នៅ​សភា។ គណបក្ស​ប្រឆាំង​ធំៗ​ពីរទៀត ដែល​មានអាសនៈ​រួចហើយ​នៅ​សភា ធ្លាប់​បាន​ចោទ លោក​ប្រធានាធិបតី​អ៊ែរដូហ្គាន​ថា មានចេតនា​បង្កើត​របប​ផ្តាច់ការ។ គណបក្ស​ប្រឆាំង​ សង្ឃឹមថា នឹង​ដណ្តើម​សំឡេង​ឆ្នោត បន្ថែមទៀត នៅក្នុង​ការបោះឆ្នោត នៅថ្ងៃ​អាទិត្យនេះ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​គណបក្ស​កាន់អំណាច​របស់​លោក​អ៊ែរដូហ្គាន បាត់បង់​សំឡេង​ភាគច្រើន​នៅ​សភា ពោល​គឺ​មិនអាច​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដើម្បី​បង្កើត​របប​ប្រធានាធិបតី​នៅ​តួកគី៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ