អានតួអត្ថបទ
ហ្វាំងឡង់ដ៍

បោះឆោ្នត តំណាងរាស្ត្រ នៅ​ប្រទេស​ហ្វាំងឡង់ដ៍

ថ្ងៃ​អាទិត្យ​ទី ១៩​មេសា ​នេះ ​ប្រជាជន​ហ្វាំងឡង់ដ៍​ប្រមាណ​ជា ​៤លាន ​៥សែន​នាក់​ និង​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត ​ជ្រើស​រើស​តំណាងរាស្ត្រ​របស់​ខ្លួន ​ទាំង​២០០​នាក់​។ បន្ទាប់​មក​ទៀត ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ថ្មី ​និង​ធ្វើ​ការ​តែងតាំង​រដ្ឋាភិបាល​អាណត្តិ​ថ្មី។ មាន​គណបក្ស​នយោបាយ​ធំៗ​បី ដែល​គេ​សង្ឃឹម​ថា​នឹង​បាន​សម្លេង ​ឆ្នោត​ក្នុង​សភា ​នោះ​គឺ ​ទីមួយ​ គណបក្ស​អភិរក្ស​និយម​របស់​លោក ​នាយក​រដ្ឋមន្រ្តី ​ហ្វាំងឡង់ដ៍​បច្ចុប្បន្ន ​ទីពីរ​គឺ ​គណបក្ស​កណ្តាល​និយម ​ដែល​កំពុង​តែ​មាន​ប្រជា​ប្រិយភាព ​ហើយ ​ចុង​ក្រោយ​គឺ ​គណបក្ស​​ស្តាំ​និយម​ជ្រុល ​ដែល​ល្បី​ខាង​ប្រកាន់​ពូជ​សាសន៍ ​និង​ស្អប់​ជន​បរទេស។

លោក​ ជូហា ស៊ិពីឡា មកពីគណបក្ស​កណ្តាល​និយម  ជាអ្នក​មានសង្ឃឹម​ច្រើន​ ក្នុងការ​បោះឆ្នោត​តំណាងរាស្រ្ត​នៅហ្វាំងឡង់ដ៍ ឆ្នាំ ២០១៥
លោក​ ជូហា ស៊ិពីឡា មកពីគណបក្ស​កណ្តាល​និយម ជាអ្នក​មានសង្ឃឹម​ច្រើន​ ក្នុងការ​បោះឆ្នោត​តំណាងរាស្រ្ត​នៅហ្វាំងឡង់ដ៍ ឆ្នាំ ២០១៥ REUTERS/Vesa Moilanen/Lehtikuva
ផ្សាយពាណិជ្ជកម្ម

សម័យ​នេះ ​ជា​សម័យ​សកល​ភាវូបនីយកម្ម ​គ្មាន​ប្រទេស​ណាមួយ​នៅ​តែ​ឯង​នោះ​ទេ។ ការ​ផ្លាស់​ប្តូរ​​នយោបាយ​ក្នុង​ស្រុក​ របស់​ប្រទេស​មួយ ​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ប្រទេស​ផ្សេង​ទៀត ​ហើយ​ជា​ពិសេស​លើ​ការ​សម្រេច​ចិត្ត​ផ្សេងៗ ​ដែល​ប្រទេស​ទាំង​អស់​នឹង​ត្រូវ​ធ្វើ​រួម​គ្នា។ ហ្វាំងឡង់ដ៍ ​ជា​ប្រទេស​សមាជិក​របស់​សហភាព​អឺរ៉ុប ​ហើយ​ជា​ប្រទេស​ដែល​ចាយ​លុយ​អឺរ៉ូ​ទៀត។ ដូច្នេះ ​រាល់​ការ​ផ្លាស់ប្តូរ ​រដ្ឋាភិបាល​ និង​អង្គ​នីតិបញ្ញាតិ​ របស់​ប្រទេស​នេះ ​ក៏​ដូច​ជា​ប្រទេស​ដ៏ទៃ​ទៀត ​វា​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ ទៅ​លើ ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ទាំងមូល។ ឥទ្ធិពល​ល្អ​រឺ​អាក្រក់ ​គឺ​វា​អាស្រ័យ​ ទៅ​លើ​គោល​ជំហរ​​នយោបាយ​ របស់​រដ្ឋាភិបាល​ថ្មី ​ដែល​កើតឡើង​ពី​ការ​បោះឆ្នោត ​ថា​តើ ​គេ​ត្រូវ​ដើរ​តាម​អឺរ៉ុប​ រឺ​ក៏​គេ​ប្រឆាំង​ ​លើ​ចំណុច​ណា​មួយ​ជាដើម។

 
ជាក់​ស្តែង​ទាក់ទិន ​នឹង​វិបត្តិ​បំណុល​របស់​ប្រទេស​ក្រិក ​ដែល​សហភាព​អឺរ៉ុប​ត្រូវ​ដោះស្រាយ។ ក្នុង​នាម​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ ហ្វាំងឡង់ ​មាន​ករណីកិច្ច​សាមគ្គីភាព ​ជួយ​គ្នា​ជាមួយ​ប្រទេស​ដ៏ទៃ​ទៀត ​ដើម្បី​ជួយ​ក្រិក​ ឲ្យ​ឆាប់​រួច​បំណុល​គេ។ ត្រង់​ចំណុច​នេះ ​គណបក្ស​នយោបាយ​ ​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត ​មាន​គោល​ជំហរ​ផ្សេងៗ​គ្នា ​ដោយ​មាន​អ្នក​ខ្លះ​ គេ​គាំ​ទ្រ ​អ្នកខ្លះ​គេ​មិន​គាំទ្រ​ឲ្យ​ចំណាយ​លុយ​រដ្ឋ​គេ ​យក​ទៅ​ជួយ​ក្រិក​ទេ ​ជា​ពិសេស​ទៀត​នោះ ​គឺ​ហ្វាំងឡង់ដ៍​ខ្លួន​ឯង ​ក៏​ជួប​បញ្ហា​ដែរ។ ដូច្នេះ គណបក្ស​នីមួយៗ​ គេ​ធ្វើ​ការ​ឃោសនា​ អំពី​គោល​ជំហរ​របស់​គេ ​ទាំង​បញ្ហា​ក្នុង​ស្រុក​ ​ទាំង​បញ្ហា​ក្រៅ​ស្រុក ​ព្រោះ​ហ្វាំងឡង់ដ៍​ ស្ថិត​ក្នុង​រង្វង់​គ្រួសារ​សហភាព​អឺរ៉ុប។

លោក​ ជូហា ស៊ីពីឡា​ មក​ពី​គណបក្ស​កណ្តាល​និយម​ អាច​មាន​សង្ឃឹម​ច្រើន៖
គណបក្ស​ទាំង​បី ​ដែល​គេ​សង្ឃឹម​ថា​នឹង​អាច​បាន​សម្លេង​ច្រើន ​នោះ​គឺ ​ទីមួយ​គណបក្ស​កណ្តាល​និយម ដែល​មាន​លោក ​ស៊ីពីឡា​ ជា​មេ​ដឹកនាំ។ លោក ​ស៊ីពីឡានេះ ​កំពុង​មាន​ប្រជា​ប្រិយភាព​ខ្លាំង ​ហើយ​ដែល​គេ​សង្ឃឹម​ច្រើន ​ថា ​គណបក្ស​គាត់​អាច​នឹង​បាន​សម្លេង​ភាគ​ច្រើន​នៅ​ក្នុង​សភា។ លោក​ស៊ីពីឡា ​គាត់​មិន​សូវ​ជា​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​ឆាក​នយោបាយ​ទេ។ ​តែ​គាត់​ ជា​អតីត​ប្រធាន​ក្រុមហ៊ុន​មួយ​ដ៏ធំ​នៅ​ហ្វាំងឡង់ដ៍។ ដោយសារ​បទ​ពិសោធន៍​ការងារ​ជា​ប្រធាន​ក្រុមហ៊ុន​នេះហើយ ​ទើប​គាត់​សន្យា​ថា ​នឹង​ដឹកនាំ​ហ្វាំងឡង់ដ៍​ ឲ្យ​រីក​ចម្រើន​ដូច​ក្រុមហ៊ុន​មួយ​អញ្ចឹង។ ប៉ុន្តែ​កុំភ្លេច​ថា​ ការ​ដឹកនាំ​ប្រទេស ​វា​មិន​ដូច​ជា​ការ​ដឹកនាំ​ក្រុមហ៊ុន​នោះ​ទេ។

គណបក្ស​ទី​ពីរ ​គឺ​គណបក្ស ​អភិរក្ស​និយម ​ដែល​ជា​គណបក្ស​កាន់​អំណាច​ចប្ចុប្បន្ន។ លោក ​អាឡិចហ្សាន់ឌ័រ​ ស្ទូប្ប ​ដែល​ជា​នាយក​រដ្ឋមន្រ្តី​ចប់​អាណត្តិ​ ​បាន​ឈរ​ឈ្មោះ​ជា​ថ្មី​ទៀត ​ក្នុង​គណបក្ស​នេះ។ លោក​ អាឡិចហ្សាន់ឌ័រ ស្ទូប្ប​ នេះ ​ជា​អ្នក​ដែល​មាន​នយោបាយ ​ស្រប​ជាមួយ​សហភាព​អឺរ៉ុប​ច្រើន ​ហើយ​ដែល​អាណត្តិ​កន្លង​មក​នេះ ​គាត់​ទទួល​រង​ការ​រិះគន់​ច្រើន​ពី​សំណាក់​ប្រជាជន​ហ្វាំងឡង់ដ៍ ​ដោយសារ​តែ​​គោល​នយោបាយ​គាត់​ រំពឹង​លើ​សហភាព​អឺរ៉ុប​ជ្រុល​ពេក ​ហើយ​ហ្វាំងឡង់ដ៍​ ជួប​ឱនភាព​សេដ្ឋកិច្ច​កាន់​តែ​ធ្ងន់​ទៅ។

ចំណែក​គណបក្ស​ទីបី ​គឺ​គណបក្ស​ស្តាំ​និយម​ជ្រុល ​ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា ​គណបក្ស ប្រជាជន​ហ្វាំងឡង់ដ៍​ពិត​ប្រាកដ។ យើង​គ្រាន់តែ​ស្តាប់​ឈ្មោះ​ទៅ ​យើង​អាច​ដឹង​ពី​គោល​គ្រិះ​របស់​គណបក្ស​នេះ ​ថា​ជា​គណបក្ស​ដែល​មាន​និន្នាការ ​ជាតិ​និយម​ជ្រុល ​ហើយ​ស្អប់​ជន​បរទេស ​ដែល​មាន​ដើម​កំណើត​ពី​ជាតិ​សាសន៍​ដ៏ទៃ។ មេ​ដឹកនាំ​គណបក្ស​នេះ ​គឺ​លោក​ទីម៉ូ សូអ៊ីនី​ ដែល​ល្បី​ខាង​រិះគន់​អឺរ៉ុប ​និង​រើសអើង​ជន​បរទេស​ ដែល​រស់​នៅ​ហ្វាំងឡង់ដ៍។ តាម​ពិត​ទៅ ​ក្នុង​ចំណោម​ប្រទេស​នៅ​អឺរ៉ុប ​ហ្វាំងឡង់ដ៍​មាន​​ប្រជាជន​ដែល​មាន​ដើម​កំណើត​បរទេស​ តិច​តួច​បំផុត។ ប៉ុន្តែ​គណបក្ស​នេះ ​តែងតែ​ចោទ​ប្រកាន់​ជន​បរទេស ​ថា​មក​ពី​ពួក​នេះ​ មក​នៅ​ហ្វាំងឡង់ដ៍​ច្រើនពេក ​បាន​ជា​សេដ្ឋកិច្ច​ហ្វាំងឡង់ដ៍​ ជួប​បញ្ហា ​ហើយ​ធ្វើ​ឲ្យ​ប្រជាជន​ដើម​កំណើត​ហ្វាំងឡង់ដ៍​ពិត​ប្រាកដ​ អត់​ការងារ​ធ្វើ។

កាល​ពី​អាណត្តិ​មុន ​គណបក្ស​ជ្រុល​និយម​នេះ ​បាន​កៅអី ​៣៩​ ដែល​នេះ​ជា​លទ្ធផល​ធ្វើឲ្យ​គេ​ភ្ញាក់​ផ្អើល​មែន​ទែន។ ប៉ុន្តែ​លើក​នេះ ​បើ​តាម​ការ​ស្ទៀបស្ទង់ ​គណបក្ស​នេះ ​អាច​ប្រហែល​មិន​បាន​កៅអី​ច្រើន​ដូច​មុន​ទេ។ តែ​ទោះ​ជា​យ៉ាងណា ​លោក​ សូអ៊ីនី ​មេ​ដឹកនាំ​គណបក្ស​នេះ ​បាន​ក្អេងក្អាង​ ដើរ​និយាយ​ថា ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ​លោក​ចង់​បាន​តំណែង​ នាយក​រដ្ឋមន្រ្តី​ រីក៏​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ ​​រឺ​ក៏​យ៉ាង​ហោច​ណាស់​ ក៏​គាត់​ត្រូវ​កាន់​ក្រសួង​ការបរទេស​ដែរ។

វិបត្តិ​សេដ្ឋកិច្ច​  បញ្ហា​រុស្ស៊ី  ​បំណុល​ក្រិក  ជា​ចំណុច​ក្តៅ​នៃ​ការ​ឃោសនា៖
បេក្ខភាព​នាយក​រដ្ឋមន្រ្តី ​ដែល​ត្រូវ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ សំខាន់​ណាស់ ​ដែល​ប្រជាជន​ត្រូវ​ជ្រើសរើស​ ប៉ុន្តែ ​​ប្រជាជន​មិនមែន​ធ្វើ​ការ​វិនិឆ្ឆ័យ​តែ​ទៅ​លើ​បុគ្គល​ទេ ​តែ​ទៅ​លើ​កម្មវិធី​នយោបាយ ​របស់​បេក្ខជន​ម្នាក់ៗ ​ថា​តើ​គេ​មាន​គម្រោង​ធ្វើ​អ្វី​ខ្លះ ​ក្នុង​អាណត្តិ​ថ្មី។

ចំណុច​សំខាន់ៗ ​ដែល​គណបក្ស​នយោបាយ​ហ្វាំងឡង់ដ៍​ទាំងបី ​បាន​ធ្វើ​ការ​ឃោសនា ​គឺ​ផ្តោត​សំខាន់ ​​ទៅ​លើ​បី​ចំណុច ​ទីមួយ​ហើយ​ដែល​សំខាន់​ជាង​គេ  ​គឺ​ការ​ស្តារ​សេដ្ឋកិច្ច​ហ្វាំងឡង់ដ៍​ ​ដែល​ជួប​វិបតិ្ត​ជាងបី បួន​ឆ្នាំ​មក​ហើយ។ ទីពីរ​គឺ ​ទាក់ទិន ​និង​សន្តិសុខ​ក្នុង​តំបន់ ​ដែល​ប្រឈមមុខ​ជាមួយ​នឹង​ ការ​គម្រាមកំហែង​របស់​រុស្ស៊ី។ ហើយ​ទីបី ​គឺ​បញ្ហា​ករណី​កិច្ច​សាមគ្គី​របស់​ហ្វាំងឡង់​ នៅ​ក្នុង​សហភាព​អឺរ៉ុប ​ជាក់ស្តែង​គឺ​បញ្ហា ​បំណុល​ក្រិក​នេះ​តែ​ម្តង។

ចំណុច​ទីមួយ​ដែល​ទាក់ទង​នឹង​វិបត្តិ​សេដ្ឋកិច្ច ​ជា​ចំណុង​សំខាន់​មែនទែន ​ព្រោះ​ថា ​ប្រជាជន​ហ្វាំងឡង់ដ៍​ម្នាក់ៗ​ កំពុង​ត្អូញត្អែរ​ថា ​រដ្ឋាភិបាល​បច្ចុប្បន្ន​ គ្មាន​លទ្ធភាព​ស្តារ​ប្រទេស​ឲ្យ​ចេញ​ពី​វិបត្តិ។ ហ្វាំងឡង់ដ៍​ ដែល​ធ្លាប់​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​គំរូ​ ល្អ​ជាង​គេ​នៅ​អឺរ៉ុប ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។ អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​ហ្វាំងឡង់ដ៍ ​បាន​កើនឡើង​ដល់​ចំនួន​ ៩,១%​ ​ដែល​នេះ​ជា​ជំនួន​ខ្ពស់​បំផុត​ ដែល​ហ្វាំងឡង់ដ៍​មិន​ដែល​ជួប។ ​មួយ​វិញទៀត​ ខ្ទង់​ចំណាយ​របស់​រដ្ឋ ​នៅ​ឆ្នាំ​កន្លង​ទៅ ​គឺ​លើស​ពី ​ចំណូល​សរុប​ក្នុង​ស្រុក ​ដល់​ទៅ ​៣% ​ដែល​នេះ​ធ្វើ​ឲ្យ​រដ្ឋ​ជួប​ឱនភាព​កាន់តែ​ខ្លាំង។ បើ​កំណើន​សេដ្ឋកិច្ច​វិញ ​មាន​ប្រមាណ​ត្រឹម​តែ​ ០,៥%​តែ​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​សេដ្ឋកិច្ច​នេះ ​គណបក្ស​ទាំងអស់ ​មាន​កម្មវិធី​នយោបាយ​ ប្រហាក់​ប្រហែល​គ្នា ​ពោល​គឺ មាន​ដូច​ជា ​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ ​សើរើ​ប្រាក់ខែ​របស់​បុគ្គលិក​ដើម្បី​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​មាន​លទ្ធភាព ​រើស​មនុស្ស​ចូល​ធ្វើការ​បន្ថែម។ គណបក្ស​អភិរក្ស​និយម​របស់​លោក​ អាឡិចហ្សាន់ឌ័រ ស្ទូប្ប បាន​សន្យា​ថា ​នឹង ​បន្ថយ​ការ​ចំណាយ​ដល់​ទៅ​ ៦ពាន់​លាន​អឺរ៉ូ ​រីឯ​គណបក្ស​កណ្តាល​និយម​ របស់​លោក ស៊ីពីឡា​វិញ ​មាន​គម្រោង​បន្ថែម​ប្រាក់​ពន្ធ​ ឲ្យបាន​ដល់​១ពាន់​លាន​អឺរ៉ូ​ ដើម្បី​យក​មក​បង្គ្រប់​ការ​ចំណាយ។

ចំណុច​ទីពីរ ​គឺ​ទាក់ទង​ទៅ​នឹង ​សន្តិសុខ​តំបន់ ​ជា​ពិសេស​គឺ​ការ​ប្រឈមមុខ​ជាមួយ​មហាយក្ស​រុស្ស៊ី របស់​លោក​ពូទីន​ ដែល​កំពុង​តែ​ បញ្ចេញ​ចង្កូម​នៅ​អឺរ៉ុប។ ហ្វាំងឡង់ដ៍ ​មាន​ព្រំដែន​ជាប់​ជាមួយ​រុស្ស៊ី ​ប្រវែង ១៣០០​គីឡូម៉ែត្រ។ កាល​ពី​ជំនាន់​សូវៀត ហ្វាំងឡង់ដ៌​បាន​ជ្រើសរើស​ផ្លូវ​កណ្តាល ​ដោយ​បាន​រក្សា​គោល​ជំហរ​ មិន​ចូល​បក្សសម្ព័ន្ធ ​ដែល​ធ្វើ​ឲ្យ ហ្វាំងឡង់ដ៍ ​មាន​ទំនាក់​ទនង​ធម្មតា​ជាមួយ​រុស្ស៊ី។ ប៉ុន្តែ​លោក អាឡិចហ្សាន់ឌ័រ​ ស្ទូប្ប ​នាយក​រដ្ឋមន្រ្តី​បច្ចុប្បន្ន ​ធ្លាប់​បាន​ស្នើរ ​ចង់​ឲ្យ​ហ្វាំងឡង់ដ៍ ​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់ ​ដើម្បី​មាន​បង្អែក​​ទប់ទល់​ជាមួយ​រុស្ស៊ី។ គណបក្ស​ដ៏ទៃ​ទៀត ​គេ​មិនសូវ​ជា ​ពេញ​ចិត្ត​គំនិត​នេះ​ទេ។ ប៉ុន្តែ​លោក ​ស៊ីពីឡា​ ដែល​មក​ពី​គណបក្ស​កណ្តាល​និយម ​បាន​បញ្ចាក់​ថា ​លោក ​មិន​មែន​បដិសេធ​ មិនចូល​អូតង់​ទេ ​លោកថា​លោក​ព្រម ​បើសិន​ជា​មាន​ករណី​ចាំបាច់។

ទាក់​ទិន ​នឹង​បញ្ហា​អឺរ៉ុប​វិញ ​អ្នក​ដែល​មាន​យោបល់​ច្រើន​ជាង​គេ ​គឺ​លោក សូអ៊ីនី មក​ពី​គណបក្ស​ជ្រុល​និយម​តែម្តង។ លោក​ថា​ លោក​មិន​សើរើ​រឿង​ចាយ​លុយ​អឺរ៉ូ​ទេ ​តែ​លោក​មិន​ព្រម​យក​សេដ្ឋកិច្ច​ហ្វាំងឡង់ដ៍  ​ទៅ​ឲ្យ​វេទនា​ដោយសារ​ តែ​បំណុល​ក្រិក​ទេ។ លោក​បញ្ជាក់​ថា ហ្វាំងឡង់​មិន​អាច​ធ្វើអ្វី​បាន​លើស​នេះ​ទេ។

តែ​ទោះ​ជា​យ៉ាងណា គួ​រំលឹក​ផង​ដែរ​ថា ហ្វាំងឡង់ដ៍ ​ជា​ប្រទេស​ដែល​អនុវត្ត​លិទ្ធិ​ប្រជាធិបតេយ្យ​ គំរូ ​គួរ​ឲ្យ​សរសើរ ​ព្រោះ​ថា ​ប្រទេស​នេះ ​មាន​ទម្លាប់​មួយ​ គឺ​គេ​រួបរួម​គ្នា ​បង្កើត​ជា​រដ្ឋាភិបាល​ចំរុះ​សឹងតែ​រាល់​លើក។ កម្រ​មាន​គណបក្ស​តែមួយ​ដឹក​នាំ​ រដ្ឋាភិបាល​តែ​ឯង​ណាស់ ​ពោល​គឺ​មាន​ការ​ចូលរូម​ពី​គណបក្ស​ផ្សេង​ទៀត ​ដែល​មាន​សម្លេង​ក្នុង​សភា​ដែរ។ ដូច្នេះ ​ក្រោយ​លទ្ធផល​បោះឆ្នោត​តំណាងរាស្រ្ត​នៅ​ថ្ងៃ​នេះ គណបក្ស​ដែល​មាន​សម្លេង​ក្នុង​សភា ​អាច​និង​យក​ពេល​ទៅ​ពិភាក្សា​គ្នា ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចំរុះ។ ​គ្រាន់តែ​ពេល​នេះ​ ​យើង​មិន​ទាន់​ដឹង​ថា ​ជា​រដ្ឋាភិបាល​ចំរុះ​ រវាង​គណបក្ស​ណា​ខ្លះ​ នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ